ក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​នៅ​ថ្ងៃ​​អង្គារ​ បាន​ជូន​ដំណឹង​ឱ្យ​ដល់​​ប្រជាពលរដ្ឋ​អំពី​​បម្រែបម្រួល​​​អាកាស​​ធាតុ​ ក្នុង​រយៈ​ពេល​​​មួយ​​សប្តាហ៍​​ខា​ង​មុខ ដោយ​ក្នុ​ងតំបន់​ខ្លះ​នឹង​មាន​ភ្លៀង​ធ្លាក់​កម្រិតខ្សោយ ទៅបង្គួរ និងតំបន់​ខ្លះ​​មាន​លាយ​ឡំ​ផ្គរ និង​រន្ទះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​​ របស់​ក្រសួង​ធនធានទឹក​ និង​​ឧតុនិយម​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាល​ពីថ្ងៃ​​ទី​១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ការជួប​ប្រសព្វ​គ្នា​នៃ​ជ្រលង​សម្ពាធ​ទាប​ក្នុង​កម្រិត​បង្គួរ​ដែល​រុញ​ទូល​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាង​ជើង​ (ចិន) ក្នុង​កម្រិតខ្សោយ​។

បើតាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​បន្ថែម​ថា​ ស្ថានភាព​បែប​នេះ​នឹង​ ធ្វើ​ឱ្យ​តំបន់​បី​មាន​ការប្រែប្រួល​ ក្នុង​នោះ​រួម​មាន​តំបន់​ទំនាប​កណ្តាល​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ២៣-២៥​ អង្សាសេ​ និង​ សីតុណ្ហភាព​អតិបរមា មាន​ពី​ ៣៣-៣៥ អង្សាសេ ។

ក្នុង​នោះ​រាជធានី​-ខេត្ត នៅ​ភាគ​ខាង​ក្រោមនឹង​អាចមានភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ ក្នុង​នោះ​ក៏​អាច​មាន​ផ្នែកខ្លះ​ធ្លាក់​ជា​បង្គួរ​លាយ​ឡំ​ទៅ​ដោយ​ផ្គរ​ រន្ទះ​។ ចំណែកឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាង​លើ​ក៏​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ផងដែរ​។

ចំណែក​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ២២-២៤​ អង្សាសេ​ និង​ សីតុណ្ហភាព​អតិបរមា មាន​ពី​ ៣៤-៣៦ អង្សាសេ​ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពីតិច​ទៅ​មធ្យម​៕​