រដ្ឋសភាជាតិកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ពិធីបើកមហាសន្និបាតជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ វិច្ឆិកា វេលាម៉ោង៩:៣០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនដល់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ផងដែរ។
ក្នុងសេចក្តីជូនដំណឹងដដែលមនោះថា អគ្គលេខាធិការរដ្ឋសភាបានបន្ថែមថា ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជារួមមាន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ និងលោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថា បើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។
នាពិធីបើកមហាសន្និបាតនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសជាសមាជិកអាយប៉ា ព្រមទាំងវត្តមាន និងគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។
សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងអំឡុងពេលនៃការប្រារព្ធធ្វើមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអន្តរសភាអាស៊ាន (AIPA) ជាច្រើន ដែលប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំរួមមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។
គួរបញ្ជាក់ដែរថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាសភានៃបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ទាំង១០រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អន្តរសភាអាស៊ាន(AIPA) ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ាន។ មហាសន្និបាតអន្តរសភាអាស៊ានបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយការប្ដូរវេនតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសជាអក្សរឡាតាំង៕