រដ្ឋសភាជាតិ​​​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​អន្តរសភា​អាស៊ាន​ (AIPA) លើកទី​៤៣ ចាប់​ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២​ ក្រោម​មូលបទ «បោះ​ជំហាន​ជាមួយ​គ្នា​ ដើម្បី​និរន្តរភាព​ បរិយាប័ន្ន​ និង​ភាព​ធន់​របស់​អាស៊ាន​»។

​បើ​​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋសភា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២​ បញ្ជាក់​ថា ពិធី​បើក​មហាសន្និបាត​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា វេលា​ម៉ោង​៩:៣០​នាទី ដោយ​មាន​ព្រះរាជសារ​ស្វាគមន៍​របស់​ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា ជូន​ដល់​មហាសន្និបាត​អន្តរសភា​អាស៊ាន​ លើកទី​៤៣​ផងដែរ​។  

ក្នុង​​សេចក្តី​ជូនដំណឹង​ដដែល​មនោះ​ថា អគ្គលេខាធិការ​រដ្ឋសភា​បាន​បន្ថែម​ថា​ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​រួមមាន​ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​មហា​សន្និបាត​អន្តរសភា​អាស៊ាន​ លើកទី​៤៣ នឹង​អញ្ជើញ​ថ្លែងសុន្ទរកថា​ បើក​មហា​សន្និបាត​​អន្តរសភា​អាស៊ាន​ លើកទី​៤៣​។

នា​ពិធី​បើក​មហាសន្និបាត​នេះ​ផងដែ​រ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ព្រឹទ្ធសភា​ រដ្ឋសភា​ គណៈប្រតិភូ​ប្រទេស​ជា​សមាជិក​អាយប៉ា​ ព្រម​ទាំង​វត្តមាន​ និង​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍​ ភ្ញៀវ​ម្ចាស់ផ្ទះ​ និង​អង្គការ​ដៃគូ​ជា​ច្រើន​ទៀត​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា​ ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​មហាសន្និបាត​នេះ​ នឹង​មាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ​​​អន្តរសភា​អាស៊ាន​ (AIPA) ​ ជាច្រើន​ ដែល​ប្រធាន​រដ្ឋសភា និង​សមាជិក​គណៈប្រតិភូ​ ចូលរួម​ប្រជុំ​រួមមាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ កិច្ចប្រជុំ​ពេញអង្គ​ កិច្ចប្រជុំ​គណៈកម្មាធិការស្ត្រី​ (WAIPA) កិច្ចប្រជុំ​សមាជិក​សភា​អាយប៉ា​វ័យក្មេង​ កិច្ចប្រជុំ​គណៈកម្មា​ធិការ​​នយោបាយ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គមកិច្ច​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​ជាដើម​។

គួរ​បញ្ជាក់​ដែរ​ថា​ អន្តរសភា​អាស៊ាន​ ដែល​ហៅ​កាត់ថា​ អាយប៉ា ​(AIPA)​ ជា​សភា​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ទាំង​១០​រួមមាន​ ព្រុយណេ​ កម្ពុជា​ ឥណ្ឌូណេស៊ី​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​វៀតណាម​។

អន្តរសភា​អាស៊ាន​(AIPA)​ ជា​ការ​ប្រមូល​ផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ ជា​ដៃគូ​របស់​អាស៊ាន​ ក្នុង​ការ​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ និង​ចក្ខុវិស័យ​តែ​មួយ​របស់​សហគមន៍​អាស៊ាន​។ មហាសន្និបាត​អន្តរសភា​អាស៊ាន​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ ដោយ​ការ​ប្ដូរ​វេន​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ប្រទេស​ជា​អក្សរ​ឡាតាំង​៕