កម្មវិធីប្រកួតប្រជែង «យុវជន២១» ក្រោមប្រធានបទ៖ «សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើម អាជីវកម្មក្នុងគន្លងថ្មី» ត្រូវបានរៀបចំឡើង និងស្ថិតក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយបានរកឃើញ ម្ចាស់ជ័យលាភីលេខមួយក្នុងការប្រកួតប្រជែងនេះ ដែលបានទៅលើក្រុមយុវជនមួយក្រុម មកពីសាកលវិទ្យាល័យកម្ពុជាក្រោមគម្រោងអាជីវកម្ម «សត្វ២១» របស់ពួកគេ បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនវគ្គកន្លងមក។
ប្រធានក្រុមយុវជនគម្រោង «សត្វ២១» លោក ស៊ិន សុខសិនិទ្ធ បានផ្ដល់កិច្ចសម្ភាសដល់សិក្ខាកាម Newsroom Cambodia កញ្ញា ប៉ូញ សោភ័ណ អំពីដំណើរការ និងអត្ថប្រយោជន៍នៃគម្រោងរបស់ពួកគេ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៖
Q៖ ជម្រាបសួរ សិនិទ្ធ!
A៖ បាទ ជម្រាបសួរ សោភ័ណ! អរគុណណាស់ដែលចាប់អាម្មណ៍អំពីគម្រោងរបស់ពួកយើង។
Q៖ ជាដំបូងសូមសិនិទ្ធជួយណែនាំខ្លួន និងសមាជិកក្រុមបន្តិចមកបានទេ?
A៖ បាទ! ខ្ញុំបាទ ស៊ិន សុខសិនិទ្ធ ជាប្រធានក្រុមនៅក្នុងគម្រោងអាជីវកម្មសត្វ២១ ដែលមកពី ខាងសាកលវិទ្យាល័យកម្ពុជា។ នៅក្នុងក្រុមរបស់ខ្ញុំមានសមាជិក ៦នាក់ និងគ្រូបង្វឹកម្នាក់ ដែលគាត់មានឈ្មោះថា លោកគ្រូ ឡូ បរិញ្ញា និងសមាជិកទាំង ៦ នាក់ទៀតនៅក្នុងក្រុមរួម មានខ្ញុំ ស៊ិន សុខសិនិទ្ធ កញ្ញា វ៉ុន ពិដោ កញ្ញា ថុង សំណាង កញ្ញា ថាច់់ ចន្ធី កញ្ញា លូ គីមឡាង និងចុងក្រោយ កញ្ញា គីម សោភ័ណអេលីស។
Q៖ តើអ្វីទៅជាគម្រោង «សត្វ២១»? តើវាត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?
A៖ «សត្វ២១» គឺជាគម្រោងមួយដែលផ្តោតទៅលើសត្វចិញ្ចឹមគ្រប់ប្រភេទ វាដើរតួជាឈ្មួញ កណ្ដាលបែបឌីជីថលដែលប្រមូលផ្ដុំទៅដោយហាងអាជីវកម្មសត្វ ហើយពួកយើងនឹងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញទៅតាមគេហទំព័រ និងអេប [app] របស់ពួកយើងផងដែរ។
គម្រោង «សត្វ២១» ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ម្ចាស់សត្វ ចិញ្ចឹមទាំងអស់ទូទាំងប្រទេសក្នុងករណីពួកគាត់ត្រូវការសេវាកម្មអ្វីមួយដែលទាក់ទងនឹងសត្វចិញ្ចឹម និងដើម្បីធានាបាននូវការលើកកម្ពស់ការចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាក្នុងន័យ កាត់បន្ថយសត្វអាណាថាដែលគ្មានអ្នកចិញ្ចឹម។
Q៖ តើគម្រោង «សត្វ២១» នឹងត្រូវបង្កើតឡើងក្នុងទម្រង់អ្វីដែរ?
A៖ សម្រាប់គម្រោងរបស់ពួកយើង គឺយើងនឹងបង្កើតចេញជាអេប ហើយក៏មានវេបសាយផង ដែរ។ ក្រុមពួកយើងសង្ឃឹមថា ប្រជាពលរដ្ឋ និងជាពិសេសចំពោះអ្នកដែលស្រឡាញ់សត្វ ចិញ្ចឹមដែលជាអតិថិជនរបស់យើង នឹងអាចទាញយកផលប្រយោជន៍បានច្រើនពីការប្រើប្រាស់គម្រោងរបស់ពួកយើង ហើយយើងក៏សង្ឃឹមថា ពួកគាត់នឹងលែងខ្វាយខ្វល់ ពិបាកចិត្តក្នុងការស្វែងរកសេវាកម្មផ្សេងៗសម្រាប់មើលថែសត្វចិញ្ចឹមរបស់ពួកគាត់ទៀតហើយ។
Q៖ សូមជួយប្រាប់ត្រួសៗអំពីដំណើរការមួយចំនួនក្នុងការប្រើប្រាស់អេប «សត្វ២១» បានទេ?
A៖ អតិថិជនដែលជាអ្នកប្រើប្រាស់អាចធ្វើការតំឡើងអេប «សត្វ២១» បានដោយឥតគិតថ្លៃ។ នៅក្នុងនោះផងដែរ វាអនុញ្ញាតឱ្យអតិថិជនធ្វើការកុម៉្មង់ និងកក់ទុកនូវសេវាកម្មជាច្រើនដែល ទាក់ទងនឹងសត្វ ដូចជាការកក់ណាត់ជួបគ្រូពេទ្យដើម្បីធ្វើការពិគ្រោះយោបល់ និងព្យាបាល ដល់សត្វចិញ្ចឹមគ្រប់ប្រភេទ។ ក្រៅពីនេះក៏នៅមានសេវាកម្មមើលថែទាំសត្វផ្សេងៗជាច្រើន ទៀតដោយរួមមានទាំងការងូតទឹក បោសសម្អាត ទទួលបញ្ញើសត្វនៅពេលដែលពួកគាត់មាន ធុរកិច្ចចាំបាច់ត្រូវទៅឆ្ងាយអីជាដើម។ លើសពីនេះទៅទៀតអតិថិជនអាចធ្វើការកម្មង់នូវរបស់ ប្រើប្រាស់ និងចំណីរបស់សត្វចិញ្ចឹមពួកគាត់ ដោយយើងក៏មាននូវសេវាដឹកជញ្ជូនផ្ដល់ជូនទូទាំងខេត្ត-ក្រុងផងដែរ។
Q៖ ទន្ទឹមនឹងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ តើក្រុមត្រូវប្រឈមនឹងបញ្ហា និងផលវិបាកអ្វីខ្លះក្នុងការបង្កើតគម្រោង «សត្វ២១» នេះឱ្យចេញជារូបរាង?
A៖ ចំពោះបញ្ហានិងផលវិបាកក៏ពួកយើងមានច្រើនគួរសមដែរ ដែលបញ្ហាចម្បងទីមួយនោះគឺ ដើមទុនសម្រាប់ដំណើរការគម្រោងនេះឡើង ដោយហេតុថាឥលូវនេះពួកយើងនៅមិនទាន់ មានដើមទុនគ្រប់គ្រាន់ និងមិនទាន់មានអ្នកចូលមកសហការបង្កើតវាឡើងជាមួយយើងនៅ ឡើយទេ។ បញ្ហាធំទីពីរគឺ ពួកយើងមិនមានទិន្នន័យបង្ហាញច្បាស់លាស់ ដែលធ្វើឱ្យយើងមាន ការពិបាកខ្លាំងក្នុងការស្វែងរកទីកន្លែង និងកំណត់ចំនួនពេទ្យសត្វនៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែការចិញ្ចឹមសត្វនៅក្នុងប្រទេសយើងសព្វថ្ងៃនៅមិនទាន់ទូលំទូលាយនៅឡើយ។ បញ្ហាបន្ទាប់របស់ពួកយើងគឺ ការទូទាត់និងកំណត់ចំនួនទឹកប្រាក់ពីដៃគូសហការរបស់យើង វាមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យយើងត្រូវចំណាយពេលវេលា និងកម្លាំងញើស ឈាមច្រើនដើម្បីសម្រេចវាបាន មួយវិញទៀតវាចាំបាច់ត្រូវការការយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយដៃគូសហការដើម្បីធានាបានថា ពួកយើងទាំងសងខាងស្មោះត្រង់មិនកេងចំណេញពី គ្នាអីជាដើម។
Q៖ តើក្រុមសង្ឃឹមថានឹងជោគជ័យដល់កម្រិតណាសម្រាប់គម្រោងអាជីវកម្មមួយនេះ? ហើយអ្វី ដែលជំរុញឲ្យក្រុមមានសង្ឃឹមដល់កម្រិតនោះ?
A៖ ក្រុមយុវជន «សត្វ២១» របស់យើងមានសង្ឃឹមខ្ពស់ក្នុងការទទួលបានជោគជ័យ ព្រោះ «សត្វ២១» ជាគម្រោងអាជីវកម្មដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានអ្នកណា ធ្វើវាពីមុនមកទេ និងជាពិសេសដោយសារភាពសាមគ្គីនៅក្នុងក្រុមបូកផ្សំជាមួយនឹងការទទួល បានការហ្វឹកហាត់ល្អពីគ្រូបង្វឹកផ្ទាល់ និងការគាំទ្រ ជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួនដែលជា កម្លាំងចិត្តរបស់ពួកយើងក្នុងការដាក់ចិត្តធ្វើវាឱ្យអស់ពីលទ្ធភាព។
Q៖ តើសិនិទ្ធអាចជួយបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាប្រធានក្រុមគម្រោង «សត្វ២១» និង ចំណាប់អារម្មណ៍របស់ក្រុមដែលទទួលបានជ័យលេភីលេខ ១ ក្នុងកម្មវិធី ប្រកួតប្រជែងរបស់ក្រសួងអប់រំនេះបានទេ?
A៖ ពួកយើងរំភើបខ្លាំងរកអ្វីប្រៀបមិនបានទេពេលនោះ អ្វីដែលយើងខំតស៊ូពុះពារកន្លងមកគឺ បានសម្រេច តាមអ្វីដែលយើងចង់បាននិងសមទៅនឹងការលះបង់របស់ពួកយើងពេលកន្លង មក និងអ្វីពិសេសដែលជំរុញឱ្យពួកយើងទទួលបានជោគជ័យលើកនេះគឺភាពសាមគ្គី អត់ឱន និងការចែករំលែក ចេះស្ដាប់យោបល់គ្នាទៅវិញទៅមកនៅក្នុងក្រុម។
ក្នុងនាមខ្ញុំជាប្រ ធានក្រុមម្នាក់ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលមានឱកាសបានស្គាល់ និងធ្វើការជាមួយអ្នកទាំងអស់គ្នានៅក្នុងក្រុមនេះ។ ខ្ញុំអាចនិយាយបានថា នេះជាពេលវេលាដ៏វិសេសវិសាលមួយសម្រាប់ខ្ញុំ។ ពួកយើងចាប់ផ្ដើមពីអ្នកដែលមិនធ្លាប់ស្គាល់គ្នាក្លាយទៅអ្នកដែលជិតដិត រាប់អានគ្នាដូចបងប្អូន និងទទួលបានជោគជ័យ សាទរជាមួយគ្នា។
Q៖ ជាចុងបញ្ចប់ តើសិនិទ្ធមានជាសារផ្ដាំផ្ញើរទៅដល់អតិថិជន ដែរឬទេ ដោយប្រាប់ពួកគាត់ ថា មូលហេតុអ្វីបានជាពួកគាត់គួរជ្រើសរើសប្រើប្រាស់អេប «សត្វ២១» របស់ក្រុម?
A៖ ជាចុងក្រោយ បើសិនជាក្រុមពួកខ្ញុំអាចបង្កើតអេបមួយនេះឡើង ខ្ញុំសុំឱ្យអ្នកដែលចិញ្ចឹម សត្វគ្រប់គ្នាឈប់គិត និងឈប់ព្រួយបារម្ភពីកង្វះសេវាកម្មមើលថែទាំសត្វរបស់ពួកគាត់តទៅ ទៀតទៅ។ បើសិនពួកគាត់មានការព្រួយបារម្ភពីសត្វចិញ្ចឹមរបស់គាត់ សុំឱ្យពួកគាត់យកអេប របស់ខ្ញុំមកដាក់ពីខាងមុខ ដោយពួកខ្ញុំធានាបាននូវសុខសុវត្ថិភាពជូន ទោះបីសត្វរបស់ពួក គាត់មានបញ្ហាអ្វី និងធ្ងន់ធ្ងរដល់កម្រិតណាក៏ដោយ ពួកខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បី ព្យាបាលជូន៕