កម្មវិធីប្រកួតប្រជែង ​«យុវជន២១» ក្រោមប្រធានបទ៖ ​«សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើម អាជីវកម្ម​ក្នុងគន្លងថ្មី​» ត្រូវបានរៀបចំឡើង និងស្ថិតក្រោមគំនិតផ្ដួចផ្ដើមរបស់លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ ដោយ​បានរកឃើញ ម្ចាស់​ជ័យ​លាភី​លេខ​មួយ​ក្នុ​​ងការប្រកួតប្រជែងនេះ ដែលបានទៅលើក្រុមយុវជនមួយក្រុម មកពី​សាកល​វិទ្យាល័យ​កម្ពុជា​ក្រោម​គម្រោង​អាជីវកម្ម ​«សត្វ២១» របស់ពួកគេ បន្ទាប់ពី​ឆ្លងកាត់​ការជម្រុះ​ជាច្រើន​វគ្គ​កន្លង​មក។

ប្រធានក្រុមយុវជនគម្រោង ​«សត្វ២១» លោក ស៊ិន សុខសិនិទ្ធ បានផ្ដល់កិច្ចសម្ភាសដល់​សិក្ខាកាម Newsroom Cambodia កញ្ញា ប៉ូញ សោភ័ណ អំពីដំណើរការ និង​អត្ថប្រយោជន៍​នៃ​គម្រោង​របស់​ពួកគេ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ កន្លងទៅ៖

Q៖ ជម្រាបសួរ សិនិទ្ធ!

A បាទ ជម្រាបសួរ សោភ័ណ! អរគុណណាស់ដែលចាប់អាម្មណ៍អំពីគម្រោងរបស់ពួកយើង។

Q៖ ជាដំបូងសូមសិនិទ្ធជួយ​ណែនាំខ្លួន និងសមាជិកក្រុមបន្តិចមកបានទេ?

A បាទ! ខ្ញុំបាទ ស៊ិន សុខសិនិទ្ធ ជាប្រធានក្រុមនៅក្នុងគម្រោងអាជីវកម្មសត្វ២១ ដែលមកពី ខាងសាកលវិទ្យាល័យកម្ពុជា។ នៅក្នុងក្រុមរបស់ខ្ញុំមានសមាជិក ៦នាក់​ និងគ្រូបង្វឹកម្នាក់ ដែលគាត់មានឈ្មោះថា លោកគ្រូ ឡូ បរិញ្ញា និងសមាជិកទាំង ៦ នាក់ទៀតនៅក្នុងក្រុមរួម មានខ្ញុំ ស៊ិន សុខសិនិទ្ធ កញ្ញា វ៉ុន ពិដោ  កញ្ញា ថុង សំណាង កញ្ញា ថាច់់ ចន្ធី កញ្ញា លូ គីមឡាង និងចុងក្រោយ​ កញ្ញា គីម សោភ័ណអេលីស។

Q៖ តើអ្វីទៅជាគម្រោង​​ «សត្វ២១»?​ តើវាត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?

A ​«សត្វ២១» គឺជាគម្រោងមួយដែលផ្តោតទៅលើសត្វចិញ្ចឹមគ្រប់ប្រភេទ វាដើរតួជាឈ្មួញ កណ្ដាលបែបឌីជីថលដែលប្រមូលផ្ដុំទៅដោយហាងអាជីវកម្មសត្វ ហើយពួកយើងនឹងផ្សារ​ភ្ជាប់​ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញទៅតាមគេហទំព័រ និងអេប [app] របស់​ពួកយើង​ផង​ដែរ។

គម្រោង ​«សត្វ២១» ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ម្ចាស់សត្វ ចិញ្ចឹមទាំងអស់ទូទាំងប្រទេសក្នុងករណីពួកគាត់ត្រូវការសេវាកម្មអ្វីមួយដែលទាក់ទងនឹងសត្វចិញ្ចឹម និងដើម្បីធានាបាននូវការលើកកម្ពស់ការចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាក្នុងន័យ កាត់​បន្ថយ​សត្វអាណាថាដែលគ្មានអ្នកចិញ្ចឹម។

Q៖ តើគម្រោង​ «សត្វ២១» នឹងត្រូវបង្កើតឡើងក្នុងទម្រង់អ្វីដែរ?

A សម្រាប់គម្រោងរបស់ពួកយើង គឺយើងនឹងបង្កើតចេញជាអេប ហើយក៏មានវេបសាយផង ដែរ។ ក្រុមពួកយើងសង្ឃឹមថា ប្រជាពលរដ្ឋ និងជាពិសេសចំពោះអ្នកដែលស្រឡាញ់សត្វ ចិញ្ចឹមដែលជាអតិថិជនរបស់យើង នឹង​អាច​ទាញ​យក​ផល​ប្រយោជន៍​បាន​ច្រើន​ពី​ការប្រើ​ប្រាស់​​គម្រោង​របស់​ពួកយើង ហើយយើងក៏សង្ឃឹមថា ពួកគាត់នឹងលែងខ្វាយខ្វល់ ពិបាក​ចិត្ត​ក្នុងការ​ស្វែងរកសេវាកម្មផ្សេងៗសម្រាប់មើលថែសត្វចិញ្ចឹមរបស់ពួកគាត់ទៀតហើយ។

Q៖ សូមជួយប្រាប់ត្រួសៗអំពីដំណើរការមួយចំនួនក្នុងការប្រើប្រាស់អេប ​«សត្វ២១» បានទេ?

A អតិថិជនដែលជាអ្នកប្រើប្រាស់អាចធ្វើការតំឡើងអេប ​«សត្វ២១» បានដោយឥតគិតថ្លៃ។ នៅក្នុងនោះផងដែរ វាអនុញ្ញាតឱ្យអតិថិជនធ្វើការកុម៉្មង់ និងកក់ទុកនូវសេវាកម្មជាច្រើនដែល ទាក់ទងនឹងសត្វ ដូចជាការកក់ណាត់ជួបគ្រូពេទ្យដើម្បីធ្វើការពិគ្រោះយោបល់ និងព្យាបាល ដល់សត្វចិញ្ចឹមគ្រប់ប្រភេទ។ ក្រៅពីនេះក៏នៅមានសេវាកម្មមើលថែទាំសត្វផ្សេងៗជាច្រើន ទៀតដោយរួមមានទាំងការងូតទឹក បោសសម្អាត ទទួលបញ្ញើសត្វនៅពេលដែលពួកគាត់មាន ធុរកិច្ចចាំបាច់ត្រូវទៅឆ្ងាយអីជាដើម។ លើសពីនេះទៅទៀតអតិថិជនអាចធ្វើការកម្មង់នូវរបស់ ប្រើប្រាស់ និងចំណីរបស់សត្វចិញ្ចឹមពួកគាត់ ដោយ​យើង​ក៏​មាន​នូវ​សេវា​ដឹក​ជញ្ជូន​ផ្ដល់​ជូន​ទូទាំង​ខេត្ត-ក្រុង​ផងដែរ។

Q៖ ទន្ទឹមនឹងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ តើក្រុមត្រូវប្រឈមនឹងបញ្ហា និងផលវិបាកអ្វីខ្លះក្នុងការបង្កើតគម្រោង ​«សត្វ២១» នេះឱ្យចេញជារូបរាង?

A ចំពោះបញ្ហានិងផលវិបាកក៏ពួកយើងមានច្រើនគួរសមដែរ ដែលបញ្ហាចម្បងទីមួយនោះគឺ ដើមទុនសម្រាប់ដំណើរការគម្រោងនេះឡើង ដោយហេតុថាឥលូវនេះពួកយើងនៅមិនទាន់ មានដើមទុនគ្រប់គ្រាន់ និងមិនទាន់មានអ្នកចូលមកសហការបង្កើតវាឡើងជាមួយយើងនៅ ឡើយទេ។ បញ្ហាធំទីពីរគឺ ពួកយើងមិនមានទិន្នន័យបង្ហាញច្បាស់លាស់ ដែលធ្វើឱ្យយើងមាន ការពិបាកខ្លាំងក្នុងការស្វែងរកទីកន្លែង និងកំណត់ចំនួនពេទ្យសត្វនៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែការចិញ្ចឹមសត្វនៅក្នុងប្រទេសយើងសព្វថ្ងៃនៅមិនទាន់ទូលំទូលាយនៅឡើយ។ បញ្ហាបន្ទាប់របស់ពួកយើងគឺ ការទូទាត់និងកំណត់ចំនួនទឹកប្រាក់ពីដៃគូសហការរបស់យើង វាមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យយើងត្រូវចំណាយពេលវេលា និងកម្លាំងញើស ឈាមច្រើនដើម្បីសម្រេចវាបាន មួយវិញទៀតវាចាំបាច់ត្រូវការការយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយដៃគូសហការដើម្បីធានាបានថា ពួកយើងទាំងសងខាងស្មោះត្រង់មិនកេងចំណេញពី គ្នាអីជាដើម។

Q៖ តើក្រុមសង្ឃឹមថានឹងជោគជ័យដល់កម្រិតណាសម្រាប់គម្រោងអាជីវកម្មមួយនេះ? ហើយ​អ្វី ដែលជំរុញឲ្យក្រុមមានសង្ឃឹមដល់កម្រិតនោះ?

A ក្រុមយុវជន ​«សត្វ២១» របស់យើងមានសង្ឃឹមខ្ពស់ក្នុងការទទួលបានជោគជ័យ ព្រោះ ​«សត្វ២១» ជាគម្រោងអាជីវកម្មដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានអ្នកណា ធ្វើវាពីមុនមកទេ និងជាពិសេសដោយសារភាពសាមគ្គីនៅក្នុងក្រុមបូកផ្សំជាមួយនឹងការទទួល បានការហ្វឹកហាត់ល្អពីគ្រូបង្វឹកផ្ទាល់ និងការគាំទ្រ ជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួនដែលជា កម្លាំងចិត្តរបស់ពួកយើងក្នុងការដាក់ចិត្តធ្វើវាឱ្យអស់ពីលទ្ធភាព។

Q៖ តើសិនិទ្ធអាចជួយបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាប្រធានក្រុមគម្រោង ​«សត្វ២១» និង ចំណាប់អារម្មណ៍របស់ក្រុមដែលទទួលបានជ័យលេភីលេខ ១ ក្នុងកម្មវិធី ប្រកួតប្រជែងរបស់ក្រសួងអប់រំនេះបានទេ?

A ពួកយើងរំភើបខ្លាំងរកអ្វីប្រៀបមិនបានទេពេលនោះ អ្វីដែលយើងខំតស៊ូពុះពារកន្លងមកគឺ បានសម្រេច តាមអ្វីដែលយើងចង់បាននិងសមទៅនឹងការលះបង់របស់ពួកយើងពេលកន្លង មក​ និងអ្វីពិសេសដែលជំរុញឱ្យពួកយើងទទួលបានជោគជ័យលើកនេះគឺភាពសាមគ្គី អត់ឱន និងការចែករំលែក ចេះស្ដាប់យោបល់គ្នាទៅវិញទៅមកនៅក្នុងក្រុម។

ក្នុងនាមខ្ញុំជាប្រ ធានក្រុមម្នាក់ ខ្ញុំពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​មាន​ឱកាស​បាន​ស្គាល់ និង​ធ្វើការ​ជាមួយ​អ្នក​ទាំងអស់គ្នានៅក្នុងក្រុមនេះ។ ខ្ញុំអាចនិយាយបានថា នេះ​ជា​ពេល​វេលា​ដ៏​វិសេស​វិសាល​មួយ​សម្រាប់ខ្ញុំ។​ ពួកយើង​ចាប់ផ្ដើម​ពី​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ក្លាយ​ទៅ​អ្នក​ដែល​ជិតដិត រាប់អាន​គ្នាដូចបងប្អូន និងទទួលបានជោគជ័យ សាទរជាមួយគ្នា។

Q៖ ជាចុងបញ្ចប់ តើសិនិទ្ធមានជាសារផ្ដាំផ្ញើរទៅដល់អតិថិជន ដែរឬទេ ដោយប្រាប់ពួកគាត់ ថា មូលហេតុអ្វីបានជាពួកគាត់គួរជ្រើសរើសប្រើប្រាស់អេប ​«សត្វ២១» របស់ក្រុម?

A ជាចុងក្រោយ បើសិនជាក្រុមពួកខ្ញុំអាចបង្កើតអេបមួយនេះឡើង ខ្ញុំសុំឱ្យអ្នកដែលចិញ្ចឹម សត្វ​គ្រប់គ្នាឈប់គិត ​និង​ឈប់ព្រួយបារម្ភពីកង្វះសេវាកម្មមើលថែទាំសត្វរបស់ពួកគាត់តទៅ ទៀតទៅ។​ បើសិនពួកគាត់មានការព្រួយបារម្ភពីសត្វចិញ្ចឹមរបស់គាត់ សុំឱ្យពួកគាត់យកអេប របស់ខ្ញុំមកដាក់ពីខាងមុខ ដោយពួកខ្ញុំធានាបាននូវសុខសុវត្ថិភាពជូន ទោះបីសត្វរបស់ពួក គាត់មានបញ្ហាអ្វី និងធ្ងន់ធ្ងរដល់កម្រិតណាក៏ដោយ ពួកខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បី ព្យាបាលជូន៕