កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ ក្នុងចំណោម១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះ អង្គការនេះបានឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៤២ ក្នុងចំណោម ១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។
លោក សេង ថៃ ជាអ្នកសារព័ត៌មាននៃវិទ្យុសំឡេងប្រជាធិបតេយ្យេ VOD បានផ្តល់កិច្ចសម្ភាសជាមួយ លោក ស៊ឹម ចាន់សំណាងដែលជាសិក្ខាកាមរបស់ Newsroom Cambodia អំពីសិទិ្ធសេរីភាពរបស់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។
Q: សួស្តីលោក! តើលោកអាចណែនាំខ្លួនបន្តិចបានទេ?
A: បាទ! ខ្ញុំឈោ្មះ សេង ថៃ បច្ចុប្បន្នជា Sub-Editor (អ្នកកែសម្រូលរង) នៅក្នុង VOD និងជាអ្នកបណ្តុះបណ្តាលទៅលើពលរដ្ឋអ្នកសារព័ត៌មាន។
Q: តើលោកអាចពន្យល់ថាអ្វីជាសិទិ្ធសេរីភាពអ្នកសារព័ត៌មាន?
A: សេរីភាពសារព័ត៌មានគឺសំដៅទៅលើសេរីភាពផ្នែកគំនិតនៅក្នុងការសរសេរអត្ថបទណាមួយ ឬប្រធានរឿងណាមួយដែលអ្នកសារព័ត៌មានគាត់មានសិទ្ធិនៅក្នុងការសរសេរអត្ថបទ ដោយមិនមានការភ័យខ្លាច ដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាព ឬក៏មិនមានការភ័យខ្លាចក្នុងការសរសេរអត្ថបទរបស់ខ្លួន ឬប្រធានបទណាមួយដែលខ្លួនចង់និយាយ ឬសរសេរ។ ជាពិសេសពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ ឬពាក់ព័ន្ធនឹងបញ្ហារសើបៗផ្សេងៗទៀតផងដែរ។
Q: តើអ្នកសារព័ត៌មានបានជួយជាចំណែកអ្វីខ្លះដល់សង្គម?
A: ខ្ញុំគិតថាអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់នៅក្នុងការជួយទៅដល់សង្គមរបស់យើងតាមរយៈស្នាដៃ ឬការសរសេរអត្ថបទរបស់ខ្លូនហ្នឹង ដើម្បីបង្ហាញពីការពិតពីរឿងអ្វីមួយ។ ហើយអ្នកសារព័ត៌មានមានតួនាទីដែលហៅថាតួនាទីជាស្ពានមួយ ដែលជាឧទាហរណ៍ជាសាមញ្ញថាជាអ្នកដែលចម្លងព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាជន ហើយពីប្រជាជនទៅកាន់រដ្ឋាភិបាល នេះគឺជាតួនាទីមួយ។ ហើយតួនាទីមួយទៀតដែលអ្នកសារព័ត៌មានសំខាន់ដែរនោះគឺថាជាអ្នកដែលបានផ្តល់នូវការពិតទៅដល់ប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋគាត់មានព័ត៌មាននៅក្នុងដៃ ព័ត៌មាននៅក្នុងខ្លួន នៅក្នុងការសម្រេចចិត្តអ្វីមួយដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ឬក៏បញ្ហាជីវិតរបស់គាត់ប្រចាំថ្ងៃផងដែរ។
Q: ហេតុអ្វីបានជាព័ត៌មានពិតជាមានសារសំខាន់សម្រាប់សាធារណជន?
A: ព័ត៌មានពិតជាមានសារសំខាន់ដល់សាធារណជន ពីព្រោះវាផ្តល់ជាចំណេះដឹងមួយ ពីព្រោះព័ត៌មានមិនមែនត្រឹមជាការឮ នៅពេលដែលយើងដឹងរឿងអ្វីកើតឡើងនោះធ្វើឱ្យយើងត្រៀមខ្លួន ឬបង្ការជាមុន។ ជាឧទាហរណ៍ បើសិនជាមានករណីទឹកជំនន់ ក្រសួងគាត់ជូនជាដំណឹងទៅដល់ប្រជាពលរដ្ឋស្អែកនឹងមានបញ្ហាអាកាសធាតុប្រែប្រួល អ៊ីចឹងទៅអាចនឹងមានទឹកជំនន់ អ៊ីចឹងពេលអ្នកសារព័ត៌មានគាត់ទទួលបានព័ត៌មានហ្នឹង គាត់អាចផ្សព្វផ្សាយទៅប្រជាជន ជាពិសេសនៅតាមដងទន្លេ ឬនៅមាត់សមុទ្រអ៊ីចឹងធ្វើឱ្យគាត់ដឹងមុន គាត់អាចពិចារណាដឹងមុន ពួកគាត់អាចមានវិធីទប់ស្កាត់។
មួយទៀតករណីចំណាកស្រុក អ៊ីចឹងពួកយើងអាចដឹងថាអ្នកដែលចំណាកស្រុកតើថាពួកគាត់មានបញ្ហាអ្វីខ្លះប្រឈម ដូច្នេះគាត់អត់ដែលដឹងឮតើធ្វើចំណាកស្រុកហ្នឹងវាមានបញ្ហាអ្វីខ្លះ ជួបគ្រោះថ្នាក់អ្វីខ្លះអ៊ីចឹងទៅ។ តែនៅពេលគាត់បានស្តាប់ព័ត៌មាន គាត់មានលក្ខណៈមួយ មានការថ្លឹងថ្លែងគួរតែប្រថុយទៅធ្វើចំណាកស្រុកនៅក្រៅប្រទេស ឬអត់។ អ៊ីចឹងនេះជាសារសំខាន់របស់ព័ត៌មាន។ ទាក់ទងនឹងរឿងបោះឆ្នោតហ្នឹងក៏សំខាន់ដែរ នៅពេលដែលប្រជាពលរដ្ឋគាត់ចេះដឹង ប្រើប្រាស់សិទ្ធិរបស់គាត់ដើម្បីទៅធ្វើការបោះឆ្នោត ដែលបានមកពីព័ត៌មានឆ្វេងស្តាំ គឺថាអាចធ្វើឱ្យគាត់មានការសម្រេចត្រឹមត្រូវក្នុងការបោះឆ្នោះជ្រើសរើសមេឃុំ ឬអ្នកដឹកនាំអ៊ីចឹងទៅ។
Q: សម្រាប់លោកផ្ទាល់ តើលោកយល់ឃើញបែបណាទៅលើសិទ្ធិសេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាដែលជាប្រទេសប្រកាន់ខ្ជាប់លទិ្ធប្រជាធិបតេយ្យេ?
A: បាទ! ខ្ញុំតែងតែនិយាយជាមួយមិត្តភក្តិ ហើយខ្ញុំប្រៀបធៀបទៅនឹងបរិបទសេរីភាពសារព័ត៌មានបច្ចុប្បន្ន ទៅនឹងសេរីភាពសារព័ត៌មានកាលពីឆ្នាំ២០០៧ ២០០៨ នៅពេលដែលយើងអត់ទាន់មានហ្វេកប៊ុក (Facebook)។ នៅពេលដែលយើងចង់ចុះយក ឬចង់បានព័ត៌មានមួយ យើងត្រូវចុះទៅដល់ទីកន្លែង ចុះទៅដល់កន្លែងធ្វើសន្និសីទកាសែតទើបយើងអាចយកព័ត៌មានបាន ហើយខ្ញុំប្រៀបធៀបថាកាលហ្នឹងសិទ្ធិសេរីភាពក្នុងការសរសេរព័ត៌មានក៏ល្អ ការប្រកួតប្រជែងគ្នាក្នុងការប្រកបរបរវិជ្ជាជីវៈជាអ្នកកាសែតក៏ល្អ។
ប៉ុន្តែបើយើងប្រៀបធៀបនៅពេលបច្ចុប្បន្ននេះជាពិសេសក្រោយព្រឹត្តិការណ៍នយោបាយដូចជាក្រោយឆ្នាំ២០១២ ២០១៣ហ្នឹង ដែលយើងមានបញ្ហានយោបាយធ្វើឱ្យសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ បើទោះបីជាមិនមានរូបភាពបាញ់សម្លាប់ ឬក៏ចាប់ដាក់គុកស្តែងៗក៏ដោយ ប៉ុន្តែមើលទៅដូចជាអត់ទាន់បើកទូលាយ ជាពិសេសអ្នកដែលចង់សរសេរអត្ថបទដែលខ្លួនមានសេរីភាពនៅក្នុងការគិត គឺពួកគាត់អត់ទាន់ហ៊ានសរសេរបញ្ចេញទេ ពីព្រោះថាខ្លាចសរសេរទៅប៉ះអ្នកនេះ ប៉ះអ្នកនោះ អាចគេប្តឹងបរិហារកេរ្តិ៍អ៊ីចឹងទៅ អាចប្រឈមនឹងការជាប់ពន្ធធនាគារជាដើម។
អ៊ីចឹងសេរីភាពពេលបច្ចុប្បន្នខ្ញុំគិតថាហើយមើលឃើញថាមិនមានសេរីភាពពេញលេញដូចឆ្នាំ២០០៨ ២០០៩ នៅពេលដែលខ្ញុំចាប់ផ្តើមអាជីពដំបូង ហើយមានសេរីភាពជាងមុនពេល២០១៧ ដែលអំឡុងមានវិបត្តិនយោបាយកន្លងមកនេះឯង។
Q: មានមតិខ្លះលើកឡើងថាអ្នកកាសែតជាអ្នកសរសេរព័ត៌មានញុះញង់ សម្រាប់លោកយល់យ៉ាងណាចំពោះការលើកឡើងនេះ?
A: ខ្ញុំយល់ថាការលើកឡើងនេះពិតជាមិនត្រឹមត្រូវទេ ព្រោះការសរសេររបស់អ្នកកាសែតមិនមែនជាការញុះញង់ទៅលើនរណាទេ ប្រសិនបើអ្នកកាសែតនោះគាត់សរសេរតាមវិជ្ជាជីវៈ លើកលែងតែអ្នកកាសែតខ្លះគាត់សរសេរលើកម្ខាងដាក់ម្ខាង ហ្នឹងបានជាការសរសេរញុះញង់ ឬក៏បន្ទាបបន្ថោកទៅលើភាគីណាមួយ។ ក៏ប៉ុន្តែប្រសិនជាអ្នកកាសែតនោះមានបំពេញតាមវិជ្ជាជីវៈរបស់គាត់ ហើយសរសេរទៅតាមសាច់រឿង ឬព្រឹត្តិការណ៍ដែលកើតឡើង ខ្ញុំគិតថាវាមិនមែនជាការញុះញង់ទៅលើភាគីណាមួយនោះទេ។
ហើយមួយទៀតការចោទប្រកាន់ថាអ្នកកាសែតសរសេរញុះញង់ដោយសារតែអ្នកកាសែតមិនបានសរសេរលើកសរសើរពីខ្លួនឯងចំណុចល្អៗ ហើយចោទថាជាការញុះញង់នោះក៏វាមិនត្រឹមត្រូវដែរ។ ជាធម្មតាអ្នកកាសែតមិនមែនចេះសរសេរគ្រប់តែរឿង ហើយក៏មិនចេះសរសេរគ្រប់ព្រឹត្តិការណ៍ដែរ ពីព្រោះអ្នកកាសែតគាត់មានលក្ខណៈវិនិច្ឆ័យក្នុងការឱ្យតម្លៃថាព័ត៌មានណាជាព័ត៌មានគួរសរសេរ ហើយព័ត៌មានណាមិនគួរសរសេរ។
Q: តើលោកដែលធ្លាប់ជួបការគំរាមកំហែងផ្សេងៗទេក្នុងអំឡុងពេលដែលចុះយកព័ត៌មាន?
A: កាលបើខ្ញុំបានចាប់ផ្តើមអាជីពដំបូងដូចឆ្នាំ២០០៨ ២០០៩ ខ្ញុំមិនដែលទទួលបានការគំរាមគំហែង ឬអ្វីផ្សេងៗទេ ប៉ុន្តែពេលដែលខ្ញុំចុះយកព័ត៌មាននៅ VOD នេះទាក់ទងទៅនឹងការឃោសនាបោះឆ្នោត និងការបោះឆ្នោតដោយសារករណីហ្នឹងខ្ញុំជួបផ្ទាល់ពេលដែលខ្ញុំចុះយកព័ត៌មានឃោសនាបោះឆ្នោតគឺមានមន្រី្តគណបក្សកាន់អំណាចគាត់សុំបណ្ណយើងថត សុំបណ្ណយើងមើល សួរយើងថាមកពីណាអ៊ីចឹងទៅ ហើយគេអត់សូវសហការណ៍ជាមួយយើងទេ។
ទាក់ទងនឹងរឿងមួយទៀតនៅពេលដែលយើងទៅយកព័ត៌មាននៅពេលមានការបោះឆ្នោត បុរសវ័យចំណាស់ប្រហែលជាអាជ្ញាធរគាត់មកសួរនាំយើងអ៊ីចឹង ហើយធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍មួយថាតើគាត់ជានរណាហេតុអ្វីបានជាគាត់មានសិទ្ធិមកសួរនាំយើង អ៊ីចឹងនេះជាអ្វីដែលយើងបានជួបប្រទះហ្នឹង។
Q: ក្នុងនាមលោកជាអ្នកសារព័ត៌មានមួយរូបតើលោកចង់ឃើញប្រទេសកម្ពុជាមានសិទិ្ធសេរីភាពសម្រាប់អ្នកសារព័ត៌មានមានភាពប្រសើរជាងនេះដែរឬទេ? ហេតុអ្វី?
A: បាទ! ពិតជាចង់ឃើញ។ តាមពិតកន្លែងហ្នឹងដូចតឹងទ្រូងដែរ នៅពេលដែលយើងចង់និយាយគេមិនឱ្យនិយាយ មិនថាគេមិនឱ្យនិយាយតែបើនិយាយខ្លាចប៉ះទៅខ្លាចមានបញ្ហា។ អ៊ីចឹងខ្ញុំចង់ឱ្យសំណូមពរទៅកាន់រដ្ឋាភិបាលសុំឱ្យគិតគូរពិចារណាបើកលំហសេរីភាពសារព័ត៌មានឡើងវិញ ឱ្យអ្នកកាសែតគាត់មានសិទិ្ធសេរីភាពក្នុងការសរសេរ ក្នុងការចុះយកព័ត៌មាន ហើយនៅក្នុងការផ្សព្វផ្សាយទៀត។
ចំណុចសំខាន់មួយទៀតគឺសុំឱ្យរដ្ឋាភិបាលលុបចោលមាត្រាណាមួយដែលពាក់ព័ន្ធការចោទប្រកាន់ទៅលើអ្នកកាសែតដូចជា បទព្រហ្មទណ្ឌ បទបរិហាកេរ្តិ៍ គឺសុំឱ្យលុបចោលតែម្តងទៅគឺធ្វើបែបនេះទើបអ្នកកាសែតគាត់មានសេរីភាពពេញលេញនៅក្នុងការសរសេរអត្ថបទរបស់ខ្លួន ហើយចង់បញ្ចេញស្នាដៃអត្ថបទរបស់ខ្លួនឱ្យកាន់តែល្អឡើង។
ចំពោះនិពន្ធនាយក ឬក៏ស្ថាប័នកាសែតផ្សេងៗទៀតក៏គួរតែផ្តល់ឱកាសទៅដល់អ្នកកាសែតជំនាន់ក្រោយឱ្យបញ្ចេញសេរីភាពក្នុងការសរសេរអត្ថបទរបស់ខ្លួនដោយសេរីផង កុំឱ្យមានការរឹតត្បិតទៅការសរសេររបស់ពួកគាត់ដែលអនុវត្តន៍ទៅតាមបន្ទាត់នៃស្ថាប័នរបស់ខ្លួន ដើម្បីឱ្យអ្នកកាសែតក្មេងៗជំនាន់ក្រោយគាត់មានសេរីភាពពេញលេញក្នុងការសរសេរអត្ថបទរបស់ខ្លួនដោយសេរី។
Q: បាទ អរគុណលោកសម្រាប់ការសម្ភាសន៍មួយនេះ!
A: បាទ អរគុណ៕