កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សកល​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ​នេះ​ អង្គការ​នេះបាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៤២ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស។ ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាព​ល្អ​ប្រសើរនៅឡើយ​ទេ។

លោក សេង ថៃ​ ជា​អ្នកសារព័ត៌មាន​នៃ​វិទ្យុសំឡេងប្រជាធិបតេយ្យេ VOD បាន​ផ្តល់​កិច្ច​សម្ភាស​​ជាមួយ លោក ស៊ឹម ចាន់សំណាង​ដែលជា​សិក្ខាកាម​របស់​ Newsroom Cambodia អំពី​សិទិ្ធ​សេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​។

Q: សួស្តី​លោក! តើ​លោក​អាច​ណែនាំ​ខ្លួន​បន្តិច​បាន​ទេ​?

A: បាទ! ខ្ញុំ​ឈោ្មះ សេង ថៃ បច្ចុប្បន្ន​ជា Sub-Editor (អ្នក​កែសម្រូល​រង) នៅ​ក្នុង VOD និង​ជាអ្នក​បណ្តុះបណ្តាល​ទៅ​លើ​ពលរដ្ឋ​អ្នកសារព័ត៌មាន​។

Q: តើ​លោក​អាច​ពន្យល់​ថា​អ្វីជា​សិទិ្ធ​សេរីភាព​អ្នកសារព័ត៌មាន​?

A: សេរីភាព​សារព័ត៌មាន​គឺ​សំដៅ​ទៅលើ​សេរីភាព​ផ្នែក​គំនិត​នៅក្នុង​ការ​សរសេរ​អត្ថបទ​ណាមួយ ឬ​ប្រធាន​រឿង​ណាមួយ​ដែល​អ្នកសារព័ត៌មាន​គាត់​មាន​សិទ្ធិ​នៅក្នុង​ការ​សរសេរ​អត្ថបទ ដោយ​មិនមាន​ការ​ភ័យខ្លាច ដោយ​មិនមាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ឬ​ក៏​មិនមាន​ការ​ភ័យខ្លាច​ក្នុង​ការ​សរសេរ​អត្ថបទ​របស់​ខ្លួន ឬ​ប្រធានបទ​ណាមួយ​ដែល​ខ្លួន​ចង់​និយាយ ឬ​សរសេរ​។ ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រៃឈើ ឬ​ពាក់ព័ន្ធ​នឹង​បញ្ហា​រសើបៗ​ផ្សេងៗ​ទៀត​ផងដែរ​។

Q: តើ​អ្នកសារព័ត៌មាន​បាន​ជួយ​ជា​ចំណែក​អ្វីខ្លះ​ដល់​សង្គម​?

A: ខ្ញុំ​គិតថា​អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការ​ជួយ​ទៅ​ដល់​សង្គម​របស់​យើង​តាមរយៈ​ស្នាដៃ ឬ​ការ​សរសេរ​អត្ថបទ​របស់​ខ្លូន​ហ្នឹង ដើម្បី​បង្ហាញ​ពី​ការ​ពិត​ពី​រឿង​អ្វី​មួយ។ ហើយ​អ្នកសារព័ត៌មាន​មាន​តួនាទី​ដែល​ហៅថា​តួនាទី​ជា​ស្ពាន​មួយ ដែល​ជា​ឧទាហរណ៍​ជា​សាមញ្ញ​ថា​ជា​អ្នក​ដែល​ចម្លង​ព័ត៌មាន​ពី​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាជន ហើយ​ពី​ប្រជាជន​ទៅ​កាន់​រដ្ឋាភិបាល នេះ​គឺជា​តួនាទី​មួយ​។ ហើយ​តួនាទី​មួយទៀត​ដែល​អ្នកសារព័ត៌មាន​សំខាន់​ដែរ​នោះ​គឺថាជា​អ្នក​ដែល​បាន​ផ្តល់​នូវ​ការ​ពិត​ទៅ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ព័ត៌មាន​នៅក្នុង​ដៃ ព័ត៌មាន​នៅ​ក្នុង​ខ្លួន នៅ​ក្នុង​ការ​សម្រេចចិត្ត​អ្វីមួយ​ដែល​ទាក់ទង​ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ​ឬក៏​បញ្ហា​ជីវិត​របស់​គាត់​ប្រចាំថ្ងៃ​ផងដែរ​។

Q: ហេតុអ្វី​បានជា​ព័ត៌មាន​ពិត​ជា​មាន​សារសំខាន់​សម្រាប់​សាធារណជន​?

A: ព័ត៌មាន​ពិតជា​មាន​សារសំខាន់​ដល់​សាធារណជន ​ពីព្រោះ​វា​ផ្តល់​ជា​ចំណេះដឹង​មួយ​ ពីព្រោះ​ព័ត៌មាន​មិនមែន​ត្រឹមជា​ការ​ឮ នៅ​ពេល​ដែល​យើង​ដឹង​រឿង​អ្វី​កើតឡើង​នោះ​ធ្វើ​ឱ្យ​យើង​ត្រៀម​ខ្លួន ឬ​បង្កា​រជាមុន​។ ជា​ឧទាហរណ៍ បើសិនជា​មាន​ករណី​ទឹកជំនន់​ ក្រសួង​​គាត់​ជូន​ជា​ដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ស្អែក​នឹង​មាន​បញ្ហា​អាកាសធាតុ​ប្រែប្រួល ​អ៊ីចឹង​ទៅ​អាច​នឹង​មាន​ទឹកជំនន់​ អ៊ីចឹង​ពេល​អ្នកសារព័ត៌មាន​គាត់​ទទួល​បាន​ព័ត៌មាន​ហ្នឹង​ គាត់​អាច​ផ្សព្វផ្សាយ​ទៅ​ប្រជាជន ​ជាពិសេស​នៅតាម​ដងទន្លេ​ ឬ​នៅ​មាត់សមុទ្រ​អ៊ីចឹង​ធ្វើឱ្យ​គាត់ដឹង​មុន គាត់​អាច​ពិចារណា​ដឹង​មុន ​ពួកគាត់​អាច​មាន​វិធី​ទប់ស្កាត់​។
មួយទៀត​ករណី​ចំណាកស្រុក​ អ៊ីចឹង​ពួកយើង​អាច​ដឹងថា​អ្នក​ដែល​ចំណាកស្រុក​តើ​ថា​ពួកគាត់​មាន​បញ្ហា​អ្វីខ្លះ​ប្រឈម​ ដូច្នេះ​គាត់​អត់​ដែល​ដឹងឮ​តើ​ធ្វើ​ចំណាកស្រុក​ហ្នឹង​វា​មាន​បញ្ហា​អ្វីខ្លះ​ ជួប​គ្រោះថ្នាក់​អ្វីខ្លះ​អ៊ីចឹង​ទៅ​។ តែ​នៅពេល​គាត់​បាន​ស្តាប់​ព័ត៌មាន គាត់​មាន​លក្ខណៈ​មួយ​ មាន​ការ​ថ្លឹងថ្លែង​គួរ​តែ​ប្រថុយ​ទៅ​ធ្វើ​ចំណាក​ស្រុក​នៅ​ក្រៅប្រទេស ​ឬ​អត់។​ អ៊ីចឹង​នេះ​ជា​សារសំខាន់​របស់​ព័ត៌មាន​។ ទាក់ទង​នឹង​រឿង​បោះឆ្នោត​ហ្នឹង​ក៏​សំខាន់​ដែរ​ នៅពេល​ដែល​ប្រជាពលរដ្ឋ​គាត់​ចេះ​ដឹង ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ដើម្បី​ទៅ​ធ្វើ​ការ​បោះឆ្នោត ដែល​បាន​មក​ពី​ព័ត៌មាន​ឆ្វេង​ស្តាំ គឺ​ថា​អាច​ធ្វើឱ្យ​គាត់​មាន​ការ​សម្រេច​ត្រឹមត្រូវ​ក្នុង​ការ​បោះឆ្នោះ​ជ្រើសរើស​មេឃុំ ឬ​អ្នកដឹកនាំ​អ៊ីចឹង​ទៅ​។

Q: សម្រាប់​លោក​ផ្ទាល់ តើ​លោក​យល់ឃើញ​បែបណា​ទៅ​លើ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​ដែល​ជា​ប្រទេស​ប្រកាន់​ខ្ជាប់​លទិ្ធប្រជាធិបតេយ្យេ​?

A: បាទ! ខ្ញុំ​តែងតែ​និយាយ​ជាមួយ​មិត្តភក្តិ ហើយ​ខ្ញុំ​ប្រៀបធៀប​ទៅ​នឹង​បរិបទ​សេរីភាព​សារព័ត៌មាន​​បច្ចុប្បន្ន ទៅ​នឹង​សេរីភាព​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០០៧ ២០០៨ នៅពេល​ដែល​យើង​អត់​ទាន់​មាន​ហ្វេកប៊ុក (Facebook)។ នៅ​ពេល​ដែល​យើង​ចង់​ចុះ​យក ឬ​ចង់​បាន​ព័ត៌មាន​មួយ យើង​ត្រូវ​ចុះ​ទៅ​ដល់​ទីកន្លែង ចុះ​ទៅ​ដល់​កន្លែង​ធ្វើ​សន្និសីទ​កាសែត​ទើប​យើង​អាច​យក​ព័ត៌មាន​បាន ហើយ​ខ្ញុំ​ប្រៀបធៀប​ថា​កាល​ហ្នឹង​សិទ្ធិសេរីភាព​ក្នុង​ការ​សរសេរ​ព័ត៌មាន​ក៏​ល្អ ការ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ប្រកបរបរ​វិជ្ជាជីវៈ​ជា​អ្នកកាសែត​ក៏​ល្អ​។

ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​នៅ​ពេល​បច្ចុប្បន្ន​នេះ​ជាពិសេស​ក្រោយ​ព្រឹត្តិការណ៍​នយោបាយ​ដូចជា​ក្រោយ​ឆ្នាំ​២០១២ ២០១៣​ហ្នឹង ដែល​យើង​មាន​បញ្ហា​នយោបាយ​ធ្វើឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ បើទោះបីជា​មិនមាន​រូបភាព​បាញ់សម្លាប់​ ឬ​ក៏​ចាប់​ដាក់​គុក​ស្តែងៗ​ក៏​ដោយ ប៉ុន្តែ​មើល​ទៅ​ដូចជា​អត់ទាន់​បើក​ទូលាយ​ ជាពិសេស​អ្នក​ដែល​ចង់​​សរសេរ​អត្ថបទ​ដែល​ខ្លួន​មាន​សេរីភាព​នៅក្នុង​ការ​គិត គឺ​ពួកគាត់​អត់ទាន់​ហ៊ាន​សរសេរ​បញ្ចេញ​ទេ​ ពីព្រោះ​ថា​ខ្លាច​សរសេរ​ទៅ​ប៉ះ​អ្នក​នេះ​ ប៉ះ​អ្នក​នោះ អាច​គេ​ប្តឹង​បរិហារកេរ្តិ៍​អ៊ីចឹង​ទៅ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធធនាគារ​ជាដើម​។

អ៊ីចឹង​សេរីភាព​ពេល​បច្ចុប្បន្ន​ខ្ញុំ​គិតថា​ហើយ​មើល​ឃើញ​ថា​មិនមាន​សេរីភាព​ពេញលេញ​ដូច​ឆ្នាំ​២០០៨ ២០០៩ នៅ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​អាជីព​ដំបូង ហើយ​មាន​សេរីភាព​ជាង​មុន​ពេល​២០១៧ ដែល​អំឡុង​មាន​វិបត្តិ​នយោបាយ​កន្លង​មក​នេះ​ឯង​។

Q: មាន​មតិ​ខ្លះ​លើកឡើង​ថា​អ្នកកាសែត​ជា​អ្នកសរសេរព័ត៌មាន​ញុះញង់​ សម្រាប់​លោក​យល់យ៉ាងណាចំពោះការ​លើកឡើង​នេះ​​?

A: ខ្ញុំ​យល់ថា​ការលើកឡើង​នេះ​ពិតជា​មិន​ត្រឹមត្រូវ​ទេ​ ព្រោះ​ការសរសេរ​របស់​អ្នកកាសែត​មិនមែន​ជា​ការ​ញុះញង់​ទៅ​លើ​នរណា​ទេ​ ប្រសិនបើ​អ្នកកាសែត​នោះ​គាត់​សរសេរ​តាម​វិជ្ជាជីវៈ​ លើកលែង​តែ​អ្នកកាសែត​ខ្លះ​គាត់​សរសេរ​លើក​ម្ខាង​ដាក់​ម្ខាង ហ្នឹង​បាន​ជា​ការ​សរសេរ​ញុះញង់​ ឬក៏​បន្ទាបបន្ថោក​ទៅ​លើ​ភាគី​ណា​មួយ។ ក៏​ប៉ុន្តែ​ប្រសិន​ជា​អ្នកកាសែត​នោះ​មាន​បំពេញ​តាម​វិជ្ជាជីវៈ​របស់​គាត់​ ហើយ​សរសេរ​ទៅ​តាម​សាច់រឿង​ ឬ​ព្រឹត្តិការណ៍​ដែល​កើតឡើង​ ខ្ញុំ​គិតថា​វា​មិនមែន​ជា​ការ​ញុះញង់​ទៅលើ​ភាគី​ណា​មួយ​នោះ​ទេ​។

ហើយ​មួយទៀត​ការ​ចោទប្រកាន់​ថា​អ្នកកាសែត​សរសេរ​ញុះញង់​ដោយសារ​តែ​អ្នកកាសែត​មិនបាន​សរសេរ​លើក​សរសើរ​ពី​ខ្លួនឯង​ចំណុច​ល្អៗ​ ហើយ​ចោទ​ថា​ជា​ការ​ញុះញង់​នោះ​ក៏​វា​មិនត្រឹមត្រូ​វដែ​រ។ ជាធម្មតា​អ្នកកាសែត​មិនមែន​ចេះ​សរសេរ​គ្រប់​តែ​រឿង​ ហើយ​ក៏​មិន​ចេះ​សរសេរ​គ្រប់​ព្រឹត្តិការណ៍​ដែរ​ ពីព្រោះ​អ្នកកាសែត​គាត់​មាន​លក្ខណៈវិនិច្ឆ័យ​ក្នុង​ការ​ឱ្យ​តម្លៃ​ថា​ព័ត៌មានណា​ជា​ព័ត៌មាន​គួរ​សរសេរ​ ហើយ​ព័ត៌មាន​ណា​មិនគួរ​សរសេរ​។

Q: តើ​លោក​ដែល​ធ្លាប់​ជួប​ការ​គំរាមកំហែង​ផ្សេងៗ​ទេ​ក្នុង​អំឡុងពេល​ដែល​ចុះ​យក​ព័ត៌មាន​?

A: កាល​បើ​ខ្ញុំ​បាន​ចាប់ផ្តើម​អាជីព​ដំបូង​ដូច​ឆ្នាំ​២០០៨ ២០០៩ ខ្ញុំ​មិន​ដែល​ទទួល​បាន​ការ​គំរាមគំហែង​ ឬអ្វី​ផ្សេងៗ​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ចុះ​យក​ព័ត៌មាន​នៅ VOD នេះ​ទាក់ទង​ទៅ​នឹង​ការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត​ដោយសារ​ករណី​ហ្នឹង​ខ្ញុំ​ជួប​ផ្ទាល់​ពេល​ដែល​ខ្ញុំ​ចុះ​យក​ព័ត៌មាន​ឃោសនា​បោះឆ្នោត​គឺ​មាន​មន្រី្ត​គណបក្ស​កាន់អំណាច​គាត់​សុំ​បណ្ណ​យើង​ថត សុំ​បណ្ណ​យើង​មើល សួរ​យើង​ថា​មក​ពីណា​អ៊ីចឹង​ទៅ ហើយ​គេ​អត់​សូវ​សហការណ៍​ជាមួយ​យើង​ទេ​។

ទាក់ទង​នឹង​រឿង​មួយទៀត​នៅពេល​ដែល​យើង​ទៅ​យក​ព័ត៌មាន​នៅ​ពេល​មាន​ការ​បោះឆ្នោត ​បុរស​វ័យចំណាស់​ប្រហែល​ជា​អាជ្ញាធរ​គាត់​មក​សួរនាំ​យើង​អ៊ីចឹង ហើយ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ភ័យខ្លាច​ មាន​អារម្មណ៍​មួយ​ថា​តើ​គាត់​ជា​នរណា​ហេតុអ្វី​បាន​ជា​គាត់​មាន​សិទ្ធិ​មក​សួរនាំ​យើង​ អ៊ីចឹង​នេះជា​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ​ហ្នឹង​។

Q: ក្នុងនាម​លោក​ជា​អ្នកសារព័ត៌មាន​មួយរូប​តើ​លោកចង់​ឃើញ​ប្រទេសកម្ពុជា​មាន​សិទិ្ធ​សេរីភាព​សម្រាប់​អ្នកសារព័ត៌មាន​មាន​ភាព​ប្រសើរ​ជាង​នេះ​ដែរ​ឬទេ​? ហេតុអ្វី​?

A: បាទ! ពិត​ជា​ចង់​ឃើញ​។ តាម​ពិត​កន្លែង​ហ្នឹង​ដូច​តឹងទ្រូង​ដែរ នៅពេល​ដែល​យើង​ចង់​និយាយ​គេ​មិន​ឱ្យ​និយាយ​ មិន​ថា​គេ​មិន​ឱ្យ​និយាយ​តែ​បើ​និយាយ​ខ្លាច​ប៉ះ​ទៅ​ខ្លាច​មាន​បញ្ហា​។ អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​សំណូមពរ​ទៅ​កាន់​រដ្ឋាភិបាល​សុំឱ្យ​គិតគូរពិចារណា​បើកលំហ​សេរីភាព​សារព័ត៌មាន​ឡើងវិញ ​ឱ្យ​អ្នកកាសែត​គាត់​មាន​សិទិ្ធសេរីភាព​ក្នុង​ការសរសេរ​ ក្នុង​ការ​ចុះ​យក​ព័ត៌មាន​ ហើយ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ទៀត​។

ចំណុច​សំខាន់​មួយទៀត​គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​លុបចោល​មាត្រា​ណាមួយ​ដែល​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ទៅ​លើ​អ្នកកាសែត​ដូចជា ​បទ​ព្រហ្មទណ្ឌ​ បទបរិហាកេរ្តិ៍​ គឺ​សុំឱ្យ​លុបចោល​តែ​ម្តង​ទៅ​គឺ​ធ្វើ​បែបនេះ​ទើប​អ្នកកាសែត​គាត់​មាន​សេរីភាព​ពេញលេញ​នៅក្នុង​ការសរសេរ​អត្ថបទ​របស់ខ្លួន​ ហើយ​ចង់​បញ្ចេញ​ស្នាដៃ​អត្ថបទ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អឡើង​។
ចំពោះ​និពន្ធ​នាយក ឬ​ក៏​ស្ថាប័ន​កាសែត​ផ្សេងៗ​ទៀត​ក៏​គួរតែ​ផ្តល់ឱកាស​ទៅ​ដល់​អ្នកកាសែត​ជំនាន់ក្រោយ​ឱ្យ​បញ្ចេញ​សេរីភាព​ក្នុង​ការ​សរសេរ​អត្ថបទ​របស់ខ្លួន​ដោយ​សេរី​ផង​ កុំ​ឱ្យ​មាន​ការ​រឹតត្បិត​ទៅ​ការ​សរសេរ​របស់​ពួកគាត់​ដែល​អនុវត្តន៍​ទៅ​តាម​បន្ទាត់​នៃ​ស្ថាប័ន​របស់​ខ្លួន​ ដើម្បី​ឱ្យ​អ្នក​កាសែត​ក្មេងៗ​ជំនាន់​ក្រោយ​គាត់​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​សរសេរ​អត្ថបទ​របស់ខ្លួន​ដោយ​សេរី​។

Q: បាទ អរគុណ​លោក​សម្រាប់​ការ​សម្ភាសន៍​មួយ​នេះ!

A: បាទ អរគុណ​៕