ចាប៉ីដងវែងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ប៉ុន្តែ បើនិយាយពីទីកន្លែងបណ្តុះបណ្តាលការហាត់រៀន និង ទីផ្សារចាប៉ីដងវែងវិញ គឺនៅមានកម្រិតទាបជាងឧបករណ៍តន្រ្តីសម័យ។ មួយវិញទៀត កូនខ្មែរមួយចំនួននៅតែមិនដែលស្គាល់ អំពីឧបករណ៍បុរាណប្រភេទនេះនៅឡើយ។
Newsroom Cambodia បានសម្ភាសន៍លោក ពេជ សារ៉ាត ជាគ្រូបន្តវេនបន្ទាប់ពីព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៃសហគមន៍ចាប៉ីអមតៈ (Community of Living Chapei) ។ លោកពេជ សារ៉ាត បានផ្តល់ជាបទសម្ភាសដល់សិក្ខាកាម Newsroom Cambodia គឺ កញ្ញាមាស ដា អំពីតូរ្យតន្រ្តីចាប៉ីដងវែងនៅកម្ពុជា។
Q: សូមគោរពជម្រាបសួរ!
A: បាទ, សូមជម្រាបសួរ!
Q: តើអ្វីទៅដែលហៅថា ចាប៉ីដងវែង?
A: បាទ, ឧបករណ៍ចាប៉ីដងវែងគឺជា ឧបករណ៍មួយប្រភេទដែលមានអាយុកាលយូរយារណាស់មកហើយ ហើយឧបករណ៍នេះជាឧបករណ៍ខ្សែរដែលច្រៀងអមជាមួយសំនៀងនៃសំឡេងដែលដេញបន្តគ្នា ឬជាតូរ្យតន្រ្តីដែលប្រគុំឡើងដើម្បីអប់រំក្នុងការក្រើនរំឭក ការលើកពីច្បាប់ទូន្មានផ្សេងៗ ទៅដល់ប្រជាជនខ្មែរយើង ក៏ដូចជាបម្រើទៅឲ្យសោតឥន្រ្ទិយអារម្មណ៍អ្នកស្ដាប់ប្រកបទៅដោយភាពប៉ិនប្រសព្វនិង ច្នៃប្រឌិត។
Q: តើតូរ្យតន្រ្តីនៃចាប៉ីដងវែងប្រភេទណាដែលគេចាប់អារម្មណ៍ខ្លាំងនៅក្នុងសង្គមបច្ចុប្បន្ន?
A: បាទ, សម្រាប់តូរ្យតន្រ្តីឧបករណ៍ចាប៉ីដងវែងនោះគឺនៅពេលបច្ចុប្បន្ននេះ ដោយសារសកលភាវូបនីយកម្ម និង បច្ចេកវិទ្យា គឺមានការច្នៃប្រឌិតទំនើបកម្ម ឃើញថាមានការពេញនិយម វាគឺជាអ្វីដែលគេទទួលស្គាល់ទាំងក្មេងទាំងចាស់ ទាំងថ្នាក់ដឹកនាំលោកទទួលស្គាល់។ ឃើញថាយើងពីមុនធ្លាប់កេះចាប៉ីតែឯងៗទេ ហើយការច្នៃប្រឌិតនេះដែរគឺធ្វើយ៉ាងម៉េចកុំឲ្យហួសព្រំដែន ច្នៃប្រឌិតប្រកបទៅដោយការអភិរក្ស។ ដូចជាការលេងចាប៉ីគ្នា ១០នាក់ ក្នុងពេលតែមួយ ឬក៏ច្រៀងជាក្រុម ដោយមានការលេបខាយ កំប្លុកកំប្លែងជាដើម។
Q: តើតូរ្យតន្រ្តីឧបករណ៍ចាប៉ីដងវែងមានការវិវត្តបែបណាដែរ បើធៀបទៅនឹងពីមុន?
A: បើយោងតាមការសិក្សាស្វែងយល់របស់ខ្ញុំកន្លងមក តាមការពិតទៅចាប៉ីដងវែងកាលពីដើមឬសគល់ដំបូង គឺផ្នែកនារី ផ្នែកស្រ្តី ដែលជាផ្នែករៀនចាប៉ីដងវែង ព្រោះសំឡេងនេះជាសំឡេងផ្នែកនារី ព្រោះថាសំឡេងចាប៉ីវាឆ្មាៗ តូច លន្លង់លន្លោច ពីរោះពិសារ។ ដល់ពេលក្រោយៗមកទៀតបែរជាមានតែបុរសទៅវិញ ដែលជាអ្នកប្រគុំ ហើយជាធាតុពិតចាប៉ីដងវែងនេះ គឺលេងបានទាំងបុរស ទាំងនារី ក្នុងការប្រគុំ។
តែនាពេលបច្ចុប្បន្ននេះគឺសង្កេតឃើញថា ខាងនារីគឺតិចបំផុត ដោយសារតែគាត់មិនសូវចាប់អារម្មណ៍ ហើយខ្ញុំតែងតែសួរគាត់ គាត់ថាដោយសារតែខ្លាចខុសគ្រូ ហើយគាត់និយាយថា ចាប៉ីដងវែងគឺសម្រាប់តែបុរសទេ។ មួយវិញទៀតខ្ញុំសាកល្បងចាប៉ីដងវែងនៅតាមថ្នាក់ទី៧រួចហើយ ក្នុងចំណោមសិស្ស ៣០-៤០ នាក់ហ្នឹងគឺគាត់អត់ស្គាល់ចាប៉ីដងវែងទេ ភាគច្រើនគាត់ស្គាល់តែហ្គីតា បើនិយាយពីកន្លែងលក់ចាប៉ីវិញគឺអ្នកជាវចាប៉ីតែងនិយាយថា អើយអភ័ព្វណាស់ឧបករណ៍ចាប៉ីមិនមានហាងលក់តាមដងផ្លូវធំៗដូចឧបករណ៍តន្រ្តីសម័យនោះឡើយ។
Q: តើចាប៉ីដងវែងគេនិយមលេងនៅពេលណា?
A: បាទ, សម្រាប់ការពេញនិយមគឺ ឃើញថាការពេញនិយមគឺទៅតាមកម្មវិធីផ្សេងៗ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ ដែលខ្ញុំកាលពីចូលប្រលូកមកដល់បច្ចុប្បន្នហ្នឹង គឺមាននៅក្នុងកម្មវិធីបុណ្យ៧ថ្ងៃដែរ ដោយសារតែមានការផ្ដែផ្ដាំឲ្យចេះថែរក្សាចាប៉ីដងវែងពីសំណាក់ម្ចាស់សព។
Q: តើយើងអាចរៀនចាប៉ីដងវែងតាមរយៈណា?
A: សម្រាប់ចាប៉ីដងវែងគឺ មានកម្មវិធីបង្រៀនផ្ទាល់ និងតាមរយៈអនឡាញ ដោយអាចចូលទៅក្នុងផេកសហគមន៍ចាប៉ីអមតៈ ដែលមានជាភាសាអង់គ្លេស Community of Living Chapei ឬតាមលេខទូរស័ព្ទ ០៩២ ៦៧៥ ៣២៣ ០១០ ៦២៥ ៤៣៩ ឬក៏តាមរយៈតេឡេក្រាម ០៩៥ ៩៦៤ ៩៥០។
Q: សូមលោក ជួយផ្តល់ជាការយល់ឃើញ ក៏ដូចជាសារមួយទាក់ទងទៅនឹងចាប៉ីដងវែងនៅកម្ពុជា។
A: បាទ, ក្នុងនាមខ្ញុំជាសិល្បករ ក៏ដូចជាគ្រូចែករំលែកនៃឧបករណ៍ចាប៉ីដងវែង ខ្ញុំសូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនថា ចាប៉ីដងវែងមិនចាំបាច់ទាល់តែយើងរៀនពូកែចាំរៀនកើត គឺមិនមែនទេ ព្រោះនេះគឺជាការស្រឡាញ់ ការចូលរួម ជាភារកិច្ច កាតព្វកិច្ចកូនខ្មែរយើងគ្រប់ៗរូប ក្នុងនាមធានាកិច្ចការការពារវប្បធម៌ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីដើមមកដល់បច្ចុប្បន្ន។
ជាចុងក្រោយ ខ្ញុំសូមចិត្តពុកម៉ែបងប្អូនឈប់យល់ច្រឡំថា រៀនចាប៉ីដងវែងធ្វើឲ្យពិកាភ្នែក ខ្ញុំសូមអង្វរ កុំប្រើពាក្យហ្នឹងសម្រាប់កូនខ្មែរយើងជំនាន់ក្រោយ ពីព្រោះពាក្យនេះគឺធ្វើឲ្យមនុស្សម្នាគេខ្លាច គេមិនចង់រៀនចាប៉ីទេ នេះគឺជាពាក្យភាន់ច្រឡំមួយហើយមួយវិញទៀត នៅបច្ចុប្បន្ន ទៅអនាគតខាងមុខ ឧបករណ៍ចាប៉ីដងវែងនេះបាត់បង់យ៉ាងណា ក៏យើងមិនអាចបន្ទោសបុព្វបុរសខ្មែរបានឡើយ ព្រោះគាត់បានបន្សល់ទុកឲ្យកូនខ្មែរ ថែរក្សាបន្ត។ ដូច្នេះហើយវាគឺជា កំហុសរបស់យើងក្នុងនាមបច្ចុប្បន្ន និងអនាគតដែលមិនចូលរួមក្នុងការថែរក្សា រួមលើកទឹកចិត្ត រួមគ្នាលើកកម្ពស់ និងផ្ដល់ឱកាសចំពោះអ្នកចាប៉ីឲ្យចូលរួមក្នុងកម្មវិធីផ្សេងៗដូចតន្រ្តីសម័យដែរ។
Q: សូមអរគុណលោក ពេជ សារ៉ាត។
A: បាទ សូមអរគុណ៕