ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់បុរី និងអគារសហកម្មសិទ្ធិដែលទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្ដាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្ហោះសេចក្តីអំពាវនាវមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអំពាវនាវឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍ និងបញ្ឈប់ប្រតិបត្តិការផ្ដល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បន្ថែមថា៖ «ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
គួបញ្ជាក់ផងដែរថា សេចក្ដីអំពាវនាវនេះបានចេញបន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវាតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរី និងអគារសហកម្មសិទ្ធិ ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គក្នុងការតភ្ជាប់ បណ្ដាញសេវាអ៊ីនធឺណិត ចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួនក្នុងរយ:ពេលកន្លងមក។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសនីយ៍៕