ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ព្រមាន​ចាត់​វិធានការ​​ផ្លូវច្បាប់​លើ​ម្ចាស់បុរី និង​អគារ​សហកម្ម​សិទ្ធិ​ដែល​ទារលុយជាថ្នូរនឹងការអនុញ្ញាត​ឱ្យ​​ត​ភ្ជាប់​បណ្ដាញ​សេវា​អ៊ីនធឺណិត​ចូល​ក្នុង​លំនៅដ្ឋាន​របស់​អ្នក​ប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បាន​បង្ហោះ​សេច​ក្តី​អំពាវ​នាវ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​អំពាវ​នាវ​ឱ្យ​ម្ចាស់​បុរី និង​អគារ​សហកម្ម​សិទ្ធិ​​មួយ​ចំនួន ត្រូវ​បញ្ឈប់ការទារ​លុយជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់​បណ្តាញ​សេវា​អ៊ីនធឺ​ណិត​​ចូល​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពីទូរគមនាគមន៍ និង​បញ្ឈប់​ប្រតិបត្តិការផ្ដល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និង​គ្មាន​អាជ្ញាបណ្ណ​ពី​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។  

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បន្ថែម​ថា៖ «ក្នុង​ករណី​ម្ចាស់បុរី និង​អគារ​សហកម្ម​សិទ្ធិ​​មួយ​ចំនួន​តូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្ដីពីទូរគមនាគមន៍​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

គួបញ្ជាក់ផងដែរថា សេចក្ដីអំពាវនាវនេះបានចេញបន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាព​សេវា​តា​មបុរីក្នុងរាជធានីភ្នំពេញចំនួន​៨​ក្រុម​ បានចុះ​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​តាម​បុរី និង​អគារ​សហកម្មសិទ្ធិ ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គក្នុងការតភ្ជាប់  បណ្ដាញសេវាអ៊ីនធឺណិត ចូលក្នុង​បុរី និង​អគារ​សហកម្ម​សិទ្ធិ​មួយចំនួន​ក្នុង​រយ:ពេល​កន្ល​ង​មក​។ នេះ​បើ​តាម​សេចក្តី​អំពាវ​នាវ​របស់​ក្រសួង​ប្រៃសនីយ៍៕