វិវាទការងារនៅក្នុងប្រទេសកម្ពុជានៅតែបន្តមានជាហូរហែរ ដែលស្ថិតក្រោមរូបភាពផ្សេងៗគ្នា បើទោះជាមានក្រសួងការងារ ច្បាប់ការងារ និងសហជីពជាច្រើនត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់និយោជិតយ៉ាងណាក្ដី។ ការរំលោភបំពានសិទ្ធិពីសំណាក់និយោជក ក្រុមហ៊ុន ឬរោងចក្រ បានបណ្ដាលឱ្យមានការធ្វើកូដកម្ម និងបាតុកម្មតវ៉ាជាបន្តបន្ទាប់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (Cambodia Labour Confederation) បានផ្ដល់កិច្ចសម្ភាសដល់លោក ល័ក្ខ មករា ជាសិក្ខាកាម Newsroom Cambodia អំពីបញ្ហាប្រឈមរបស់តំណាងសហជីពនៅក្នុងកន្លែងការងារ។
Q: ជម្រាបសួរ លោក អាត់ ធន់!
A: បាទជម្រាបសួរ!
Q: តើលោកអាចពន្យល់បានទេថា អ្វីទៅជាសហជីព?
A: សហជីពគឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលត្រូវបង្កើតឡើងដោយកម្មករហើយដើម្បីការលើកតម្កើងកម្មករ ហើយសហជីពត្រូវបានច្បាប់ការងារ ច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាឱ្យសច្ចាប័នបានផ្ដល់ជាពិសេស គឺច្បាប់ស្ដីពីសហជីពបានផ្ដល់សិទ្ធិឱ្យមានការបង្កើត ហើយសហជីពជាទូទៅគឺជាអ្នកតំណាងមួយដ៏សំខាន់របស់កម្មករក្នុងការ បណ្ដុះបណ្ដាលកម្មករ នៅក្នុងការចងក្រងជាគ្រុបកម្លាំង និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានសម្រាប់ពួកគេ ហើយជាពិសេសគេអាចប្រើឥទ្ធិពលសហជីពដើម្បីជំរុញឱ្យនិយោជកដោះស្រាយបញ្ហារបស់ពួកគេតាមរយៈការធ្វើការចរចា ការតវ៉ាទាមទារ និងកូដកម្មជាដើម។
Q: តើការបង្កើតសហជីពនៅកន្លែងការងារ មានផលប្រយោជន៍អ្វីខ្លះដល់កម្មករ?
A: ផលប្រយោជន៍ទីមួយ គឺកម្មករពេលដែលគាត់មានសហជីព ជាពិសេសសហជីពឯករាជ្យ គឺគាត់មានសិទ្ធិក្នុងការស្នើឱ្យសហជីពនោះដោះស្រាយបញ្ហាឱ្យគាត់ ដូចជារឿងគេបញ្ឈប់ពីការងារ រឿងគេបើកលុយឱ្យមិនគ្រប់ រឿងគាត់គ្រោះថ្នាក់ រឿងគាត់មានបញ្ហាអ្វីផ្សេងៗ ដែលកើតនៅកន្លែងការងារហ្នឹង រួមទាំងស្នើឱ្យមានការដោះស្រាយ និងសិទ្ធិផ្សេងៗផង គឺត្រូវបានធានា ហើយសហជីពក៏ជាផ្នែកមួយសំខាន់នៅក្នុងការបង្កើតទំនាក់ទំនងជាមួយនិយោជក ដើម្បីការពារសិទ្ធិ និងនិរន្តភាពការងារ ឱ្យមានការងារធ្វើដោយមិនមានការប្រឈម ការបញ្ឈប់អ្វីផ្ដេសផ្ដាសទេ។
Q: ប្រសិនបើគ្មានសហជីព តើលោកគិតថាវាមានផលប៉ះពាល់បែបណាដល់សិទ្ធិកម្មករ?
A: គ្មានសហជីព គឺកម្មករអាចត្រូវបានគេបញ្ឈប់ បានត្រូវរងភាពអយុត្តិធម៌ ហើយគេមិនអនុវត្តច្បាប់ និងមិនមានអ្នកតំណាងនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗជាមួយនិយោជក ជាហេតុធ្វើឱ្យ អាចថាទាំងសិទ្ធិការងារ ទាំងលក្ខខណ្ឌការងារ ផលប្រយោជន៍រួមទាំងស្ថិរភាពការងាររបស់ខ្លួន គឺថាមិនមានជាអចិន្រ្តៃយ៍ទេ អាចនឹងប្រឈមគ្រប់ពេលហើយពេលខ្លះអាចនឹងត្រូវបានគេបញ្ឈប់ ឬបណ្ដេញចេញដោយមិនបានទូទាត់អ្វីត្រឹមត្រូវទៀត។
Q: តើមានផលវិបាកអ្វីខ្លះ ចំពោះការបង្កើតសហជីពនៅក្នុងកន្លែងការងារនាពេលកន្លងមក?
A: បាទ! យោងតាមច្បាប់ការងារចាស់សហជីព គឺមិនពិបាកបង្កើតទេ ឱ្យតែមានគ្នាចាប់ពី ៣នាក់ ឡើងទៅ គឺអាចថាគ្រប់រចនាសម្ព័ន្ធយើងអាចតាក់តែងលក្ខន្តិកៈ ឬក៏រៀបចំសហជីពបាន ប៉ុន្តែយោងតាមច្បាប់ថ្មី សហជីពត្រូវបានកំណត់ឱ្យបង្កើតយ៉ាងតិចមានគ្នាចាប់ពី១០នាក់ ឡើងទៅ ហើយយល់ព្រមធ្វើការបោះឆ្នោតបង្កើតរចនាសម្ព័ន្ធដែលនៅក្នុងនោះ ប្រធាន អនុប្រធាន លេខា និងហិរញ្ញវត្ថុត្រូវបានបង្កើត ហើយរៀបចំលក្ខន្តិកៈ ប៉ុន្តែលក្ខន្តិកៈនេះទៀតសោត គឺក្រសួងគេអ្នករៀបចំទម្រង់ឱ្យ ឱ្យធ្វើតាមទម្រង់មិនអនុញ្ញាតឱ្យយើងធ្វើតាមចិត្តទេ។
ជាងនេះទៅទៀត នៅពេលដែលពួកគេជួបជុំគ្នាហើយគេនឹងបោះឆ្នោត បោះឆ្នោតហើយអ្នកមកចូលរួមបោះឆ្នោតទាំងអស់ហ្នឹង គឺខាងច្បាប់ថ្មីតម្រូវឱ្យជូនដំណឹងទៅក្រុមហ៊ុន និងក្រសួងការងារ ថាយើងបោះឆ្នោតនៅក្រុមហ៊ុននេះហើយ ដើម្បីឱ្យក្រសួងការងារ និងក្រុមហ៊ុនគេឆែកមើលថាតើពិតជាកម្មករនៅក្នុងក្រុមហ៊ុនគេ ឬធ្វើការហ្នឹងមែនពិតប្រាកដ។ ក្រោយមករយៈពេលនៃការជូនដំណឹងទៅមានរយៈពេល ៤៥ថ្ងៃ ត្រូវការពារស្ដីអំពីការបញ្ឈប់ពីការងារ រួមទាំងអ្នកជាប់ឆ្នោតនៅក្នុងការបោះឆ្នោត ឬក៏អ្នកដែលចូលរួមបោះឆ្នោតទាំងអស់ត្រូវបានការពារ ហើយក្រោយរយៈពេល ១ខែ បើមិនមានជំទាស់ទេ ចុះបញ្ជីការ គឺថ្នាក់ដឹកនាំសហជីព ប្រធាន អនុប្រធាន លេខា ៣នាក់នេះ ត្រូវទទួលបានសេចក្ដីសម្រេច ឬក៏លិខិតបញ្ជាក់ពីក្រសួងការងារជាថ្នាក់ដឹកនាំ គាត់មានសិទ្ធិនៅក្នុងការធ្វើការការពារសិទ្ធិកម្មករបាន ហើយគាត់ត្រូវបានការការពារពិសេស។
ជាងនេះទៅទៀតប្រសិនបើចង់បង្កើតសហព័ន្ធ មានន័យថាអ្នកត្រូវមានសហជីពយ៉ាងតិច ៧ ហើយបើចង់បង្កើតសហភាពសហជីពអាចមានសហព័ន្ធសហជីពយ៉ាងតិច ៥ អ៊ីចឹងនេះគឺជាគោលការណ៍នៃការបង្កើតនៃច្បាប់ថ្មីដែលមានលក្ខណៈលំបាក ហើយជាទូទៅកន្លែងនេះវាពិបាកណាស់ពេលដែលជូនដំណឹងទៅក្រុមហ៊ុន ជួនកាលក្រុមហ៊ុនបញ្ឈប់ចោលតែម្ដង ហើយការបញ្ឈប់នេះ គាត់មិនដែលនិយាយថាដោយសារការបង្កើតសហជីពទេ គាត់ថាដោយសារកម្មករធ្វើការងារមិនល្អអីផ្សេងៗ បើតាមច្បាប់ការងារការបញ្ឈប់ដោយបង្កើតសហជីពអ៊ីចឹង គឺគេចាត់ទុកថាជាការរើសអើង និងវិវាទរួម។ ប៉ុន្តែថ្មីៗនេះការបកស្រាយរបស់មន្រ្តីរបស់ក្រសួងទៅជាវិវាទបុគ្គលទៀត ចឹងធ្វើឱ្យការបង្កើតសហជីពពេលបច្ចុប្បន្នហ្នឹងមានការលំបាកមែនទែន។
Q: កន្លងមក មានការបញ្ឈប់កម្មករដោយលើកពីបញ្ហាជំងឺរាតត្បាត និងបញ្ហាហិរញ្ញវត្ថុ តើលោកយល់ឃើញបែបណាចំពោះបញ្ហានេះ?
A: តាមពិតទៅ គឺមានការបញ្ឈប់ជាហូរហែរ បញ្ឈប់យ៉ាងច្រើនជាពិសេសក្នុងអំឡុងពេលកូវីដហ្នឹងបញ្ឈប់មែនទែនដោយសារហេតុផលនេះ ខ្ញុំគិតថាការបញ្ឈប់ដោយសារហេតុផលកូវីដវាជារឿងអត់ត្រឹមត្រូវ ព្រោះកូវីដគឺជាជំងឺមួយដែលនាពេលបច្ចុប្បន្ននេះមានភាពប្រសើរឡើងវិញហើយ ប៉ុន្តែនិយោជកខ្លះគាត់យកលេសនាឱកាសហ្នឹងបញ្ឈប់តែម្ដង គឺជាឱកាសមួយដើម្បីលុបចោលបំបាត់អតីតភាពការងារ និងសិទ្ធិផ្សេងៗរបស់កម្មករ ហើយដោយសារអំឡុងពេលកូវីដ កម្មករមិនសូវមានសិទ្ធិសេរីភាព អាជ្ញាធរមិនសូវជាយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹងឱ្យបានត្រឹមត្រូវទៀត ចឹងនិយោជកអាចយកឱកាសនិងបញ្ឈប់កន្លងមកច្រើនមែនទែន។
Q: តើលោករំពឹងថាដំណើរការរបស់សហជីពនៅក្នុងប្រទេសកម្ពុជា និងប្រព្រឹត្តទៅបែបណានាពេលខាងមុខ?
A: ខ្ញុំគិតថាចលនាសហជីពនៅប្រទេសកម្ពុជា ជាពិសេសគឺសហជីពឯករាជ្យមានការលំបាក ហើយមានការរឹតបន្តឹងច្រើនមែនទែន តែផ្ទុយទៅវិញសហជីពដែលគាំទ្រក្រុមហ៊ុន និងរដ្ឋាភិបាលទៅជាមានឱកាសច្រើន ដែលធ្វើឱ្យអ្នកតំណាងពិតប្រាកដរបស់កម្មករមានការបាត់បង់ ថយចុះ ហើយធ្វើឱ្យការងារនៃការទាមទារដោះស្រាយបញ្ហានៅកន្លែងការងារហ្នឹងធ្លាក់ចុះដែរ អាចថាអនាគតទៅបើសហជីពឯករាជ្យតិចទៅៗ គឺសហជីពគាំទ្រក្រុមហ៊ុន និងរដ្ឋាភិបាលច្រើនអាចនឹងមិនមានតំណាងពិតប្រាកដនៅក្នុងការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិទេ។
Q: តើគួរមានវិធានការណ៍បែបណា ដើម្បីធានាថាការបង្កើតឱ្យមានសហជីពនៅកន្លែងការងារនឹងមិនទទួលបានការធ្វើទុក្ខបុកម្នេញ ឬការបញ្ឈប់ក្រោមហេតុផលផ្សេងៗ?
A: ទីមួយ ត្រូវតែមានការធ្វើវិសោធនកម្មឡើងវិញនៃច្បាប់ស្ដីពីសហជីព ត្រូវធានាថាត្រង់ចំណុចសិទ្ធិបង្កើតសហជីពត្រូវតែផ្ដល់ឱ្យបានពេញលេញ ដូចច្បាប់ការងារចាស់ ហើយសិទ្ធិនៅក្នុងការចូលរួម ឬក៏ដោះស្រាយបញ្ហាផ្សេងៗត្រូវតែផ្ដល់ឱ្យបានពេញលេញ ដូចច្បាប់ចាស់ និងអនុសញ្ញាអន្តរជាតិដែរ ហើយរួមទាំងសិទ្ធិធ្វើកូដកម្ម។ ហើយបន្ទាប់មកគឺយើងមើលមន្រ្តីរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យមន្រ្តីហ្នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ កុំឱ្យមានការលំអៀងដោយសារតែគាត់ជាទីប្រឹក្សា ដោយសារតែគាត់មានចំណុចពាក់ព័ន្ធជាមួយក្រុមហ៊ុនអ៊ីចឹង ធ្វើឱ្យមានការដោះស្រាយវាមិនមែនកណ្ដាល វាទៅជាផ្អៀងទៅវិញ៕
Q: បាទសូមអរគុណ លោក អាត់ ធន់!
A: បាទ អរគុណច្រើន៕