វិវាទ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​មាន​ជា​ហូរ​ហែរ​ ដែល​ស្ថិត​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ បើ​ទោះ​ជា​មាន​ក្រសួង​ការងារ​ ច្បាប់​ការងារ​ និង​សហជីព​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ការពារ​​សិទ្ធិ​ និង​ផល​ប្រយោជន៍​​របស់​និយោជិត​យ៉ាង​ណា​ក្ដី។ ​ការរំលោភ​បំពាន​​សិទ្ធិ​ពី​សំណាក់​និយោជក​ ​ក្រុមហ៊ុន ឬ​រោងចក្រ​ បាន​​បណ្ដាល​ឱ្យ​មាន​ការ​ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម​តវ៉ា​​ជា​បន្ត​បន្ទាប់។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ​(Cambodia Labour Confederation) បាន​ផ្ដល់​កិច្ច​សម្ភាស​ដល់លោក​ ល័ក្ខ មករា ជា​សិក្ខាកាម​ Newsroom Cambodia អំពី​បញ្ហា​ប្រឈម​របស់​តំណាង​សហជីព​នៅក្នុង​កន្លែង​ការងារ។

Q: ជម្រាប​សួរ​ លោក អាត់ ធន់!

A: បាទ​ជម្រាបសួរ!​

Q: តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា ​អ្វី​ទៅ​ជា​សហជីព​?

A: សហជីព​គឺ​ជា​អង្គការ​វិជ្ជា​ជីវៈ​របស់​កម្មករ​និយោជិត ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​កម្មករ​ហើយ​ដើម្បី​ការ​លើក​តម្កើង​កម្មករ​ ហើយ​សហជីព​ត្រូវ​បាន​ច្បាប់​ការងារ​ ច្បាប់​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​អនុសញ្ញា​អន្តរជាតិ​ ដែល​កម្ពុជា​ឱ្យ​សច្ចាប័ន​បាន​ផ្ដល់​ជា​ពិសេស ​គឺ​ច្បាប់​ស្ដីពី​សហជីព​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​មាន​ការ​បង្កើត​ ហើយ​សហជីព​ជា​ទូទៅ​គឺ​ជា​អ្នក​តំណាង​មួយ​ដ៏​សំខាន់​របស់​កម្មករ​ក្នុង​ការ​ បណ្ដុះ​បណ្ដាល​កម្មករ​ នៅ​ក្នុង​ការ​ចង​ក្រង​ជា​គ្រុប​កម្លាំង​ និង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​សម្រាប់​ពួក​គេ​ ហើយ​ជា​ពិសេស​គេ​អាច​ប្រើ​ឥទ្ធិពល​សហជីព​ដើម្បី​ជំរុញ​ឱ្យ​និយោជក​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​តាម​រយៈ​ការ​ធ្វើ​ការ​ចរចា​ ការ​តវ៉ា​ទាម​ទារ ​និង​កូដកម្ម​ជា​ដើម​។

Q: តើ​ការ​បង្កើត​សហជីព​នៅ​កន្លែង​ការងារ​​ មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ម​ករ​?

A: ផល​ប្រយោជន៍​ទីមួយ គឺ​កម្មករ​ពេល​ដែល​​គាត់​មាន​សហជីព​ ជាពិសេស​សហជីព​ឯករាជ្យ​ គឺ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ឱ្យ​សហជីព​នោះ​​ដោះ​ស្រាយ​បញ្ហា​ឱ្យ​គាត់ ​ដូច​ជា​រឿង​គេ​បញ្ឈប់​ពី​ការងារ​ រឿង​គេ​បើក​លុយ​ឱ្យ​មិន​គ្រប់​ រឿង​គាត់​គ្រោះ​ថ្នាក់​ រឿង​គាត់​មាន​បញ្ហា​អ្វី​ផ្សេងៗ​ ដែល​កើត​នៅ​កន្លែង​ការងារហ្នឹង​​ រួម​ទាំង​ស្នើ​ឱ្យ​មាន​ការ​ដោះស្រាយ​ និង​សិទ្ធិ​​ផ្សេងៗ​ផង​ គឺ​ត្រូវ​បាន​ធានា​ ហើយ​សហជីព​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​និយោជក​ ដើម្បី​ការពារ​សិទ្ធិ​ និង​និរន្តភាព​ការងារ​ ឱ្យ​មាន​ការងារ​ធ្វើ​ដោយ​មិន​មាន​ការ​ប្រឈម​ ការ​បញ្ឈប់​អ្វី​ផ្ដេស​ផ្ដាស​ទេ​។

Q: ប្រសិន​បើ​គ្មាន​សហជីព​ តើ​លោក​គិត​ថា​វា​មាន​ផល​ប៉ះ​ពាល់​បែប​ណា​ដល់​សិទ្ធិ​កម្មករ​?

A: គ្មាន​សហជីព​ គឺ​កម្មករ​អាច​ត្រូវបាន​គេ​បញ្ឈប់​ បាន​ត្រូវ​រងភាព​​អយុត្តិធម៌​ ហើយ​គេ​មិន​អនុវត្ត​ច្បាប់​ ​និង​មិន​មាន​​អ្នក​តំណាង​នៅ​ក្នុងការ​​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជា​មួយ​និយោជក​​ ជា​ហេតុ​ធ្វើ​ឱ្យ​ អាច​ថា​ទាំង​សិទ្ធិ​ការងារ​ ទាំង​លក្ខ​ខណ្ឌ​ការងារ​ ផល​ប្រយោជន៍​រួម​ទាំង​ស្ថិរភាព​ការងារ​របស់​ខ្លួន​ គឺ​ថា​មិន​មាន​ជា​អចិន្រ្តៃយ៍​ទេ​ អាច​នឹង​ប្រឈម​គ្រប់​ពេល​ហើយ​ពេល​ខ្លះ​អាច​នឹង​ត្រូវ​បាន​គេ​បញ្ឈប់​ ឬ​បណ្ដេញ​ចេញ​ដោយ​មិន​បាន​ទូទាត់​អ្វី​ត្រឹម​ត្រូវ​ទៀត​។

Q: តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ ចំពោះ​ការ​បង្កើត​សហជីព​នៅក្នុង​កន្លែង​ការងារ​នា​ពេល​កន្លង​មក​​?

A: បាទ! យោង​តាម​ច្បាប់​ការងារ​ចាស់​សហជីព​ គឺ​មិន​ពិបាក​បង្កើត​ទេ​ ឱ្យ​តែ​មាន​គ្នា​ចាប់​ពី​ ៣​នាក់​ ឡើង​ទៅ ​គឺ​អាច​ថា​គ្រប់​រចនាសម្ព័ន្ធយើង​អាច​តាក់​តែង​លក្ខន្តិកៈ​ ឬ​ក៏​រៀប​ចំ​សហជីព​បាន​ ប៉ុន្តែ​យោង​តាម​ច្បាប់​ថ្មី​ សហជីព​ត្រូវ​បាន​កំណត់​ឱ្យ​បង្កើត​យ៉ាង​តិច​មាន​គ្នា​ចាប់​ពី​១០​នាក់​ ឡើង​ទៅ​ ហើយ​យល់​ព្រម​ធ្វើ​ការ​បោះ​ឆ្នោត​បង្កើត​រចនា​សម្ព័ន្ធ​ដែល​នៅ​ក្នុង​នោះ​ ប្រធាន​ អនុប្រធាន​ លេខា និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ ហើយ​​រៀប​ចំ​លក្ខន្តិកៈ​ ប៉ុន្តែ​លក្ខន្តិកៈ​នេះ​ទៀត​សោត​ គឺ​ក្រសួង​គេ​អ្នក​រៀប​ចំ​ទម្រង់​ឱ្យ​ ឱ្យ​ធ្វើ​តាម​ទម្រង់​មិន​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​តាម​ចិត្ត​ទេ។​

​ជាង​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា​ហើយ​គេ​នឹង​បោះឆ្នោត​ បោះឆ្នោត​ហើយ​អ្នក​មក​ចូល​រួម​បោះឆ្នោត​ទាំង​អស់​ហ្នឹង​ គឺ​ខាង​ច្បាប់ថ្មី​តម្រូវ​ឱ្យ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ និង​ក្រសួង​ការងារ​ ថា​យើង​បោះឆ្នោត​នៅ​ក្រុមហ៊ុន​នេះ​ហើយ ​ដើម្បី​ឱ្យ​ក្រសួង​ការងារ ​និង​ក្រុមហ៊ុន​គេឆែក​មើល​ថា​តើ​ពិត​ជា​កម្មករ​នៅ​ក្នុង​​ក្រុមហ៊ុន​គេ​ ឬ​ធ្វើ​ការហ្នឹង​មែន​ពិត​ប្រាកដ។​​ ក្រោយ​មក​រយៈ​ពេល​នៃ​ការ​ជូន​ដំណឹង​ទៅ​មាន​រយៈ​ពេល​ ៤៥ថ្ងៃ​ ត្រូវ​ការពារ​ស្ដីអំពី​ការ​បញ្ឈប់​ពី​ការងារ​ រួម​ទាំង​អ្នក​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ ឬ​ក៏​អ្នក​ដែល​ចូល​រួម​បោះឆ្នោត​ទាំង​អស់​ត្រូវ​បាន​ការពារ​ ហើយ​ក្រោយ​រយៈ​ពេល​ ១ខែ​ បើ​មិន​មាន​ជំទាស់​ទេ​ ចុះ​បញ្ជី​ការ​ គឺ​ថ្នាក់​ដឹក​នាំ​សហជីព​ ប្រធាន​ អនុប្រធាន​ លេខា ៣នាក់​នេះ​ ត្រូវ​ទទួល​បាន​សេចក្ដី​សម្រេច​ ឬ​ក៏​លិខិត​បញ្ជាក់​ពី​ក្រសួង​ការងារ​ជា​ថ្នាក់​ដឹក​នាំ​ គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​ការ​ការ​ពារ​សិទ្ធិ​កម្មករ​បាន​ ហើយ​គាត់​ត្រូវ​បាន​ការ​ការពារ​ពិសេស​។

ជាង​នេះ​ទៅ​ទៀត​ប្រសិន​បើ​ចង់​បង្កើត​សហព័ន្ធ​ មាន​ន័យ​ថា​អ្នក​ត្រូវ​មាន​សហជីព​យ៉ាង​តិច​ ៧ ហើយ​​បើ​ចង់​បង្កើត​សហភាព​សហជីព​អាច​មាន​សហព័ន្ធ​សហជីព​យ៉ាង​តិច​ ៥ អ៊ីចឹង​នេះ​គឺ​ជា​គោល​ការណ៍​នៃ​ការ​បង្កើត​នៃ​ច្បាប់​ថ្មី​ដែល​មាន​លក្ខណៈ​លំបាក ​ហើយ​ជាទូទៅ​កន្លែង​នេះ​វា​ពិបាក​ណាស់​ពេល​ដែល​ជូន​ដំណឹង​ទៅ​ក្រុម​ហ៊ុន​ ជួន​កាល​ក្រុមហ៊ុន​បញ្ឈប់​ចោល​តែ​ម្ដង​ ហើយ​ការ​បញ្ឈប់​នេះ​ គាត់​មិន​ដែល​និយាយ​ថា​ដោយ​សារ​ការ​បង្កើត​សហជីព​ទេ​ គាត់​ថា​ដោយ​សារ​កម្មករ​ធ្វើ​ការងារ​មិន​ល្អ​អី​ផ្សេងៗ​ បើ​តាម​ច្បាប់​ការងារ​ការ​បញ្ឈប់​ដោយ​បង្កើត​សហជីព​អ៊ីចឹង​ គឺ​គេ​ចាត់​ទុក​ថា​ជា​ការ​រើស​អើង​ និង​វិវាទ​រួម។​​ ប៉ុន្តែ​ថ្មីៗ​នេះ​ការ​បក​ស្រាយ​របស់​មន្រ្តី​របស់​ក្រសួង​ទៅ​ជា​វិវាទ​បុគ្គល​ទៀត​ ចឹង​ធ្វើ​ឱ្យ​ការ​បង្កើត​សហជីព​ពេល​បច្ចុប្បន្ន​ហ្នឹង​មាន​ការ​លំបាក​មែន​ទែន​។  

Q: កន្លង​មក​ មាន​ការ​បញ្ឈប់​កម្មករ​ដោយ​លើក​ពី​បញ្ហា​ជំងឺ​រាត​ត្បាត​ និង​បញ្ហា​ហិរញ្ញវត្ថុ​ តើ​លោក​យល់​ឃើញ​បែប​ណា​ចំពោះ​បញ្ហា​នេះ​?

A: តាម​ពិត​ទៅ​ គឺ​មាន​ការ​បញ្ឈប់​ជា​ហូរ​ហែរ​ បញ្ឈប់​យ៉ាង​ច្រើន​ជាពិសេស​ក្នុង​អំឡុង​ពេល​កូវីដ​ហ្នឹង​បញ្ឈប់​មែន​ទែន​ដោយ​សារ​ហេតុ​ផល​នេះ​ ខ្ញុំ​គិត​ថា​ការ​បញ្ឈប់​ដោយ​សារ​ហេតុ​ផល​កូវីដ​វា​ជា​រឿង​អត់​ត្រឹម​ត្រូវ​ ព្រោះ​កូវីដ​គឺ​ជា​ជំងឺ​មួយ​ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ​ ប៉ុន្តែ​និយោជក​ខ្លះ​គាត់​យក​លេស​នា​ឱកាស​ហ្នឹង​បញ្ឈប់​តែ​ម្ដង​ គឺ​ជា​ឱកាស​មួយ​ដើម្បី​លុប​ចោល​បំបាត់​អតីតភាព​ការងារ​ និង​សិទ្ធិ​ផ្សេងៗ​របស់​កម្មករ​ ហើយ​ដោយ​សារ​អំឡុង​ពេល​កូវីដ​ កម្ម​ករ​មិន​សូវ​មាន​សិទ្ធិ​សេរី​ភាព​ អាជ្ញាធរ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៀត​ ចឹង​និយោជក​អាច​យក​ឱកាស​និង​បញ្ឈប់​កន្លង​មក​ច្រើន​មែន​ទែន​។

Q: តើ​លោក​រំពឹង​ថា​ដំណើរ​ការ​របស់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រព្រឹត្ត​ទៅ​បែប​ណា​នា​ពេល​ខាង​មុខ​?

A: ខ្ញុំ​គិត​ថា​ចលនា​សហជីព​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ​សហជីព​ឯករាជ្យ​មាន​ការ​លំបាក​ ហើយ​មាន​ការ​រឹត​បន្តឹង​ច្រើន​មែន​ទែន​ តែ​ផ្ទុយ​ទៅ​វិញ​សហជីព​ដែល​គាំទ្រក្រុមហ៊ុន​ និង​​រដ្ឋាភិបាល​ទៅ​ជា​មាន​ឱកាស​ច្រើន​ ដែល​ធ្វើ​ឱ្យ​អ្នក​តំណាង​ពិត​ប្រាកដ​របស់​កម្មករ​មាន​ការ​បាត់​បង់​ ថយ​ចុះ​ ហើយ​ធ្វើ​ឱ្យ​ការងារ​នៃ​ការ​ទាមទារ​ដោះ​ស្រាយ​បញ្ហា​នៅ​កន្លែង​ការងារ​ហ្នឹង​ធ្លាក់​ចុះ​ដែរ​ អាច​ថា​អនាគត​ទៅ​បើ​សហជីព​ឯករាជ្យ​តិច​ទៅ​ៗ គឺ​សហជីព​គាំទ្រក្រុមហ៊ុន​ និង​​រដ្ឋាភិបាល​ច្រើន​អាច​នឹង​មិន​មាន​តំណាង​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នៅ​ថ្នាក់​មូល​ដ្ឋាន​ ឬ​ថ្នាក់​ជាតិ​ទេ​។

Q: តើ​គួរ​មាន​វិធាន​ការណ៍​បែប​ណា​ ដើម្បី​ធានា​ថា​ការ​បង្កើតឱ្យ​មាន​​​សហជីព​នៅ​កន្លែង​ការ​ងារ​​នឹង​មិន​ទទួល​បាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ឬ​ការ​បញ្ឈប់ក្រោម​ហេតុ​ផល​ផ្សេងៗ​?

A: ទី​មួយ ​ត្រូវ​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ​នៃ​ច្បាប់​ស្ដីពី​សហជីព​ ត្រូវ​ធានា​ថា​ត្រង់​ចំណុច​សិទ្ធិ​បង្កើត​សហជីព​ត្រូវ​តែ​ផ្ដល់​ឱ្យ​បាន​ពេញ​លេញ​ ដូច​ច្បាប់​ការងារ​ចាស់​ ហើយ​សិទ្ធិ​នៅ​ក្នុង​ការ​ចូល​រួម​ ឬ​ក៏​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ត្រូវ​តែ​ផ្ដល់​ឱ្យ​បាន​ពេញ​លេញ​ ដូច​ច្បាប់​ចាស់ ​និង​អនុសញ្ញា​អន្តរជាតិ​ដែរ​ ហើយ​រួម​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម។​ ហើយ​បន្ទាប់​មក​គឺ​យើង​មើល​មន្រ្តី​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្រ្តី​ហ្នឹង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ កុំ​ឱ្យ​មាន​ការ​លំអៀង​ដោយ​សារ​តែ​គាត់​ជា​ទីប្រឹក្សា​ ដោយ​សារ​តែ​គាត់​មាន​ចំណុច​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​អ៊ីចឹង​ ធ្វើ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​វា​មិន​មែន​កណ្ដាល​ វា​ទៅ​ជា​ផ្អៀង​ទៅ​វិញ​៕

Q: បាទសូមអរគុណ លោក អាត់ ធន់!

A: បាទ អរគុណច្រើន៕