ទឹកជំនន់ឆ្នាំ២០២២នេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករកម្ពុជា ជាពិសេសដំណាំស្រូវមានការខូចខាតប្រមាណជា៣០ម៉ឺនហិកតា ក្នុង២០ខេត្តនៃប្រទេសកម្ពុជា។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មក៏បានអន្ដរាគមន៍ភ្លាមៗ ដោយបានផ្ដល់គ្រាប់ពូជស្រូវ និងដំណាំផ្សេងទៀតដល់ប្រជាកសិករនៅក្នុងខេត្តចំនួន១៩។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC Cambodia) បានផ្ដល់កិច្ចសម្ភាសន៍ដល់លោក សាក់ ស៊ីហឿន ជាសិក្ខាកាមNewsroom Cambodia អំពីផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាកសិករ ក្រោយទឹកជំនន់។
Q: ជម្រាបសួរលោក ថេង សាវឿន!
A: បាទជម្រាបសួរ!
Q: នៅឆ្នាំ២០២២នេះ កម្ពុជាបានទទួលរងទឹកជំនន់ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករ តើលោកសង្កេតឃើញថា វាប៉ះពាល់បែបណាខ្លះ?
A: មែនទែន បើយើងមើលពីទំហំផលប៉ះពាល់នៃទឹកជំនន់ដែលបានកើតឡើងនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ វាធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម ជាពិសេសជីវភាពរបស់កសិករដែលនៅតំបន់រងគ្រោះហ្នឹង។ ទី១ បើយើងនិយាយពីផលដំណាំស្រូវគឺប៉ះពាល់ធំជាងគេ ដោយសារតែកសិករនៅតំបន់ទំនាបកណ្ដាលនៃតំបន់ទឹកជំនន់ភាគច្រើនគឺធ្វើស្រូវហ្នឹងតែម្ដង។
ទី២ គឺដំណាំបន្ទាប់បន្សំរបស់ពួកគាត់ដែលមានទាំងដាំយកស្លឹក និងយកម៉ើម ឬយកផ្លែហ្នឹងក៏ប៉ះពាល់ធ្ងន់ដែរ ពិសេសបងប្អូននៅតាមដងទន្លេសាប ឬទន្លេមេគង្គមួយចំនួនប៉ះពាល់ធ្ងន់ធ្ងរណាស់ ដោយត្រូវទឹកជំនន់វាយប្រហារលិចលង់ទៅលើផលដំណាំជាច្រើនពាន់ហិកតា ច្រើនម៉ឺនហិកតា។ ហើយអ្នកនៅតំបន់ជនបទភាគច្រើន គឺពឹងអាស្រ័យទៅលើផលិតផលកសិកម្ម ជាពិសេសការធ្វើស្រែចម្ការ និងដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វ។
អីចឹង! កត្តាហ្នឹងធ្វើឱ្យពួកគាត់ខូចខាតនូវទ្រព្យសម្បត្តិ រឿងទី១។ រឿងទី២ គាត់បាត់បង់នូវទុនរបស់គាត់ ព្រោះថាការចំណាយ ឬថវិកាដែលបានចំណាយទៅលើការសាបព្រោះឬក៏ការដាំហ្នឹង អស់ទៅមួយសារហើយ ប៉ុន្ដែនៅពេលអត់បានផល ពួកគាត់ខាតម្ដងទៀត។ អីចឹងបន្ទុកដែលធ្ងន់ធ្ងរហ្នឹង គឺថាទុនហ្នឹង ខ្ចីបុលពីធនាគារ ឬមីក្រូហិរញ្ញវត្ថុយកមកប្រកបមុខរបរ ហើយបើនៅពេលមុខរបររបស់គាត់ត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់ ជាគ្រោះអាសន្នដែលមិនអាចមើលឃើញមុន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ពិសេសអត្រាការប្រាក់ដែលហក់កើនឡើង។
Q: ជាពិសេសដំណាំស្រូវ តើលោកមើលឃើញថាវាប៉ះពាល់កម្រិតណាដែរ?
A: សម្រាប់ខ្ញុំ កាលណាចាប់ពីម៉ឺនហិកតាឡើងទៅ គឺថាទំហំផលប៉ះពាល់ធ្ងន់ណាស់សម្រាប់ដំណាំស្រូវ ជាពិសេសរាប់សិបម៉ឺនហិកតាដែលប៉ះពាល់នោះ។ អីចឹងវាលិចលង់អស់ទៅ វាធ្វើឱ្យគាត់ត្រូវចំណាយទាំងពូជ ទាំងពេលវេលាក្នុងភ្ជួររាស់ និងកម្លាំងពលកម្មទៀតដើម្បីសាបព្រោះឡើងវិញ ឬផលិតស្រូវឡើងវិញ។ អីចឹងកាលណារាប់ម៉ឺនងហិកតាវាប៉ះពាល់ចំណាយទៅលើទុនច្រើន បើយើងគិតទាំងថ្នាំ ទាំងជី ទាំងពេលវេលាដាំដុះ ឬសាបព្រោះរបស់បងប្អូនប្រជាពលរដ្ឋ។ ហើយដំណាំស្រូវទៀតសោត កាលណាវាត្រូវទឹកយូរ វារលួយហើយមិនអាចស្ដារឡើងវិញបានទេ ហើយនៅខណៈបច្ចុប្បន្ននេះ ពលរដ្ឋយើងស្ទើរ៩៩ ភាគរយហើយដែលមិនស្ទូងទៀតទេ បើស្ទូង វាអាចនៅទប់ទល់បាន ប៉ុន្ដែប្រើការសាបព្រោះហ្នឹង មិនអាចទប់ទល់បានទេ។
Q: តើទិន្នផលស្រូវឆ្នាំនេះ មានការប្រែប្រួលដូចម្ដេច បើធៀបនឹងឆ្នាំកន្លងមក?
A: ខ្ញុំមើលឃើញថាទិន្នផលស្រូវនឹងមិនប្រែប្រួលៗវាមានលក្ខខណ្ឌពីរ គឺទីមួយ ទឹកជំនន់ក៏អាចនាំជីជាតិមកដែរ ប៉ុន្ដែប្រជាពលរដ្ឋសាបព្រោះអាចបានផលឡើងវិញ។ ប៉ុន្តែគ្រាន់តែថាការចំណាយទៅការធ្វើស្រែចម្ការហ្នឹងវាគុណនឹងពីរ ព្រោះម្ដងខូចហើយ ហើយម្ដងទៀតហ្នឹង វាត្រូវបានទិន្នផលល្អដូចមុនដែរ គ្រាន់តែថាចំណាយពីរ ទើបបានផលមួយ។ ខ្ញុំគិតថា ការប៉ះពាល់ទៅលើផលស្រូវឬផលិតផលស្រូវហ្នឹង មិនធ្លាក់ចុះទេ វានឹងប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗដែរ ប៉ុន្ដែអ្វីដែលយើងគិតថាលំបាកឬបន្ទុកធ្ងន់ហ្នឹង គឺការចំណាយទៅលើការផលិតឡើងវិញគឺពីរដង។
Q: ចុះតម្លៃស្រូវវិញម៉េចដែរ បើធៀបនឹងឆ្នាំមុន?
A: ជាទូទៅការប្រមូលផល តម្លៃស្រូវក៏ធ្លាក់ចុះគឺនៅរដូវខែវិច្ឆិកានិងខែធ្នូហ្នឹងហើយ ដោយសារជំនោរប្រមូលផលខេត្តផ្សេងៗចាល់ចូលគ្នា អីចឹងតម្លៃស្រូវពេលហ្នឹងធ្លាក់ចុះហើយ។ ប៉ុន្ដែបងប្អូននៅតាមតំបន់ទឹកជំនន់ ឥឡូវពួកគាត់ទើបតែចាប់ផ្ដើមព្រោះសាបទេ ចឹងពួកគាត់អាចនឹងប្រមូលផលនៅខែមីនា ឬខែមេសាមុនចូលឆ្នាំ ចឹងតម្លៃស្រូវក៏អាចមានតម្លៃមធ្យមដែរ ដោយសារអត់មានជំនោរស្រូវទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងនៅតែមើលឃើញថាវានឹងមិនកើនឡើងទេ ព្រោះឥឡូវស្រូវមួយគីឡូ តែប្រាំបីរយប៉ែតសិបរៀល ឬក៏យ៉ាងខ្ពស់មួយពាន់រៀល ចឹងវានឹងមិនអាចទូទាត់ ឬក៏ដោះស្រាយទៅនឹងការចំណាយបានច្រើនទេ។ ពិសេសបងប្អូននៅតំបន់ទឹកលិច តម្លៃស្រូវនៅតែតម្លៃមួយពាន់ ពួកគាត់មិនអាចរួចខ្លួន គាត់នឹងខាត ព្រោះពួកគាត់បានចំណាយទុនពីរដង។
Q: តើវាប៉ះពាល់ប្រជាពលរដ្ឋកម្រិតណា?
A: ខ្ញុំមើលឃើញថាការប៉ះពាល់ទឹកចិត្តគឺធ្ងន់ធ្ងរជាង ព្រោះថាពេលដែលធ្វើស្រែពីរដងហើយទទួលបានតម្លៃទីផ្សារមិនសមរម្យ លក់អត់ចំណេញ គាត់លែងចង់ធ្វើហើយ។ មួយទៀតបន្ទុកក្រីក្រនៅតែកើន អាចមានការចំណាកស្រុកកើនឡើង យូរទៅខ្ញុំព្រួយបារម្ភថា ប្រជាពលរដ្ឋឈប់ធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ យើងនឹងចាំតែទិញពីបរទេស ដោយសារទីផ្សារយើងមិនទាន់រៀបចំបានស្រួលបួល ហើយការខាតបង់ ព្រោះកន្លែងខ្លះគាត់ហត់ៗទៅ កម្លាំងពលកម្មហើយអត់ចំណេញទៀត។ ចឹងគាត់អាចទៅរកឬដូរមុខរបរអីផ្សេង។ ខ្ញុំគិតថាទៅថ្ងៃមុខ វិស័យកសិកម្មអាចធ្វើសម្រាប់តែលក្ខណៈគ្រួសារ លែងធ្វើជាលក្ខណៈអាជីវកម្ម។
Q: បាទ! សូមអរគុណលោកសាវឿន ដែលបានផ្ដល់បទសម្ភាសន៍មកកាន់Newsroom Cambodia។
A: បាទ! អរគុណច្រើន ជម្រាបលា៕