វិស័យតែងនិពន្ធសៀវភៅក្នុងប្រទេសកម្ពុជាមិនទាន់មានភាពទូលំទូលាយនៅឡើយ។ អ្នកប្រកបមុខរបរជាអ្នកតែងនិពន្ធនៅកម្ពុជា គឺតែងជួបឧបសគ្គជាច្រើនក្នុងអាជីពរបស់ខ្លួន តួយ៉ាងទាំងការរកចំណូលតាមរយៈការលក់សៀវភៅ ទាំងការការពារតាមផ្លូវច្បាប់ដែលខ្លួនបានតាក់តែង ទាំងការទទួលស្គាល់នូវគុណតម្លៃ និងកម្លាំងចិត្តផ្សេងៗទៀតដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លូន។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍របស់សិក្ខាកាម Newsroom Cambodia ជាមួយលោក ស៊ូ ខេមរិន្ទ ជាអ្នកនិពន្ធវ័យក្មេងដែលទទួលបានជ័យលាភីច្រើនជុំវិញវិស័យតែងនិពន្ធនាពេលបច្ចុប្បន្ន។
Q: សូមជម្រាបសួរលោក ស៊ូ ខេមរិន្ទ បាទ!
A: បាទ! សូមជម្រាបសួរ!
Q: តើលោកចាប់ផ្តើមចាប់យកអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំណាមក?
A: ខ្ញុំចាប់ផ្តើមអាជីពជាអ្នកនិពន្ធដំបូងគេគឺនៅឆ្នាំ២០០១ នៅជាសិស្សថ្នាក់ទី១១។
Q: តើមានកត្តាសំខាន់ៗអ្វីខ្លះដែលធ្វើឱ្យលោកចង់ក្លាយជាអ្នកនិពន្ធ?
A: មានកត្តាមួយចំនួនដែរ កត្តាធំទីមួយគឺខ្ញុំកើតនៅក្នុងគ្រួសារដែលមានឪពុកជាអ្នកចូលចិត្តអាន។ ហើយជារៀងរាល់ពេលទំនេរ គាត់តែងតែនិទានរឿងដែលគាត់ចេះចាំ គាត់បានអាននៅក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ មកសង្ខេបឱ្យយើងស្តាប់ ហើយប្រវត្តិបទចំរៀងដែលគាត់ចេះចាំ គាត់ដឹងប្រាប់យើងដែរទៅ ធ្វើឱ្យយើង ស្តាប់ទៅយើងជក់ចិត្ត យើងមានអារម្មណ៍ថា យី! ទំនងដែរ ចឹងចង់ក្លាយជាអ្នកនិពន្ធ នេះជាចំណុចទីមួយ។
ចំណុចទីពីរនោះខ្ញុំទទួលឥទ្ធិពលការអានពីឪពុកមកដែរ បន្ទាប់មកខ្ញុំក៏បានស្វែងរកសៀវភៅផ្សេងទៀតអាន ដល់ពេលយើងឃើញស្នាដៃគេគួរឱ្យចាប់អារម្មណ៍ យើងក៏មានគំនិតចង់ក្លាយជាអ្នកនិពន្ធ ចង់ក្លាយជាអ្នកសរសេរអញ្ចឹងដែរបាទ។
ហើយចំណុចទី៣នោះគឺកត្តាសង្គមមួយដែរ ដោយសារតែយើងមើលឃើញពីតថភាពសង្គមពីបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គម ហើយយើងចង់បញ្ចេញទស្សនៈ ឬការយល់ឃើញការកែប្រែអ្វីផ្សេងៗទៅលើបញ្ហាសកម្មភាពសង្គមហ្នឹងឯង។ ដោយមិនដឹងបញ្ចេញតាមវិធីណា យើងក៏បញ្ចេញវាទៅតាមការតែងនិពន្ធជាកំណាព្យ ជាទំនុកច្រៀង ជារឿងខ្លីអីអញ្ចឹងទៅបាទ នេះជាចំណុចបីធំៗបាទ។
Q: តើលោកសម្រេចបានស្នាដៃនិពន្ធរបស់លោកបានប៉ុន្មានរឿងមកហើយដែរ? ក្នុងចំណោមស្នាដៃនិពន្ធរបស់លោកទាំងអស់នោះ តើស្នាដៃណាខ្លះដែលមានអ្នកនិយមអានច្រើនជាងគេបំផុត?
A: បាទ! ក្នុងចំណោមស្នាដៃដែលយើងបានបោះពុម្ពជាផ្លូវការមានចំនួនប្រាំបីចំណងជើងផ្សេងគ្នាបាទ។ ហើយប្រាំចំណងជើងខ្ញុំបោះពុម្ពតាំងពីឆ្នាំ២០០៨ហ្នឹងជារឿងប្រលោមលោកខ្នាតខ្លីបាទ ហើយបីចំណងជើងចុងក្រោយហ្នឹងវាជាកម្រងកំណាព្យខ្លីដែលមានរឿងសៀវភៅកម្រងកំណាព្យខ្មាស់ឆ្កែ សៀវភៅរឿងយប់អនាមិក និងសៀវភៅរឿងទឹកខ្មៅល្វីង។ ហើយសៀវភៅរឿងទាំងបីចុងក្រោយនេះដែលមានការចាប់អារម្មណ៍ពីបងប្អូនខ្មែរយើងទាំងក្នុងហើយនិងក្រៅប្រទេសបាទ។
Q: តើបញ្ហាប្រឈមធំៗរបស់លោកក្នុងនាមជាអ្នកនិពន្ធគឺជាអ្វី?
A: បញ្ហាធំៗក្នុងនាមយើងជាអ្នកនិពន្ធជាអ្នកសរសេរ និងសម្រាប់ខ្ញុំមានតែពីរទេធំៗ។ ទីមួយគឺយើងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ទោះបីជាយើងអាចសរសរបាន បង្ហោះនៅក្នុងបណ្តាញសង្គមក្តី យើងបានបោះពុម្ពហើយក្តី ក៏ចិត្តយើងអត់សូវកក់ក្តៅប៉ុន្មានដែរបាទ យើងនៅតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ដូចខ្ញុំតែងតែចំណាំនិយាយអញ្ចឹង គឺខ្ញុំតែងតែគិតថា អឺ!កវីនិពន្ធហ្នឹងប្រៀបបានទៅនឹងធូបមួយកូនដើមនៅក្នុងទីងងឹតអញ្ចឹង។ មានពន្លឺតិចតួចបាទ ហើយពន្លឺហ្នឹងគេអាចនឹងចូលចិត្តវាដោយសារវាភ្លឺអញ្ចឹងទៅ ហើយផ្សែងរបស់វានឹងអាចធ្វើឱ្យផ្សារភ្នែកអ្នកដទៃ ហើយគេអាចនឹងមិនចូលចិត្តវាបាទ។ អញ្ចឹងនៅពេលដែលយើងសរសេរអ្វីៗផ្សេងៗដែលជាបញ្ហាអសកម្មនៅក្នុងសង្គមដើម្បីផ្ញើរសារទៅកាន់ អ្នកនយោបាយ ក៏ដូចជាប្រជាជនយើងផងដែរអញ្ចឹង ជួនកាលប៉ះពាល់ដល់ផលប្រយោជន៍គេ គេអាចតាមធ្វើបាបយើងដែរបាទ។ អញ្ចឹងយើងនៅតែព្រួយបារម្ភសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន។ អាហ្នឹងជាបញ្ហាចម្បងទីមួយធំ។
ហើយបញ្ហាចំបងទី២នេះវាកើតមានយូមកហើយបាទ ឥឡូវវាលែងមានហើយ វាកើតមានតាំងមុនយើងមិនទាន់មានបណ្តាញសង្គម។កាលហ្នុងខ្ញុំសរសេរបានច្រើន ហេតុតែចង់ក្លាយជាអ្នកនិពន្ធ ព្យាយាមសរសេរស្នាដៃច្រើនមែនទែន។ សល់សៀវភៅបួនដប់ម្ភៃក្បាលចឹងទៅ ណាមួយយើងពិបាកអត់ដឹងបោះពុម្ពទៅណា ហើយចង់ចែកផ្សាយ វាអត់មានវិធីណាក្រៅតែពីបោះពុម្ពផ្សាយ។ កាលហ្នឹងវាមានចុះផ្សាយតាមទស្សនាវដ្តីផ្សេងៗដែរ។
យើងមានតែប៉ុណ្ណឹង ដល់ពេលចឹងយើងដឹងហើយថា ទស្សនាវដ្តីគេចេញកន្លះខែម្តង បន្ទាប់មកចេញមួយខែម្តង សូម្បីតែចេញមួយអាទិត្យម្តងនៅតែយូរសម្រាប់យើងក្នុងការផ្ញើរទាក់ទងទៅចុះផ្សាយ។ វាពិបាកចឹង យើងពិបាកបង្ហាញស្នាដៃ ឥឡូវបញ្ហាហ្នឹងវាលែងមានជាបញ្ហាចោទទៀតហើយ ដោយសារតែយើងមានបណ្តាញសង្គម អញ្ចឹងយើងអាចផុសវានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬក៏អាយជីអីផ្សេងៗ បាទ។
Q: តើលោកយល់ឃើញយ៉ាងណាដែរចំពោះវិស័យនៃការតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ននេះ?
A: សម្រាប់វិស័យតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ន ខ្ញុំមើលឃើញថា ទំនោរនៃការសរសេរវាដូចជាមានការកើនឡើងដែរ ក៏ប៉ុន្តែទាក់ទងទៅនឹងប្រធានបទនៃការសរសេរ យើងឃើញអ្នកនិពន្ធសារក្រោយគាត់ភាគច្រើនសរសេរទៅរកការលើកទឹកចិត្ត និងសៀវភៅរៀនពីវិធីជោគជ័យផ្សេងៗ បាទ។ ហើយសម្រាប់អ្នកដែលសរសេរសៀវភៅបង្ហាញពីតថភាពសង្គមហ្នឹងនៅតែមានកម្រិត នៅតែមានតិចតួច តាមរយៈនៃខ្ញុំមើលឃើញបាទ។
វាកើតឡើងមែន តែវាកើតទៅលើផ្នែកផ្សេង ជាសៀវភៅបែបលើកទឹកចិត្ត សៀវភៅផ្ញើរសារអី សៀវភៅរៀនពីវិធីជោគជ័យ ធ្វើនេះធ្វើនោះ កសាងខ្លួនឯង សៀវភៅផ្នត់គំនិតសៀវភៅដែលទាក់ទងទៅនឹងតថភាពសង្គមហ្នឹងវាអត់សូវមានទេបាទ នៅតែមានចំនួនតិចនៅឡើយបាទ។
Q: តើលោកធ្លាប់គិតទេថាលោកនឹងផ្លាស់ប្តូរអាជីពជាអ្នកនិពន្ធ?
A: មិនដែលធ្លាប់គិតថានឹងបោះបងដងប៉ាកាដែលយើងកំពុងសរសេរនេះទេបាទ។ នៅតែបន្តគំនិត ហើយសរសេរជានិច្ចតាមលទ្ធភាពដែលខ្ញុំអាចធ្វើខ្លួនឯងទៅបាន ដើម្បីបម្រើអក្សរសិល្ប៍តាមរយៈទឹកខ្មៅរបស់យើង។ ខ្ញុំមិនដែលគិតថានឹងបោះបង់វាទេបាទ។
Q: តើក្នុងនាមលោកជាអ្នកនិពន្ធម្នាក់លោកមានសំណូមពរ និងប្តេជ្ញាចិត្តបែបណាដែរទៅ?
A: សម្រាប់ខ្ញុំជាអ្នកនិពន្ធម្នាក់ នៅតែនិយាយដដែលៗដូចដែលនិយាយពីមុនដែរបាទ ក្នុងនាមជាអ្នកនិពន្ធម្នាក់យើងមិនគួរពណ៌នាសត្វលាឱ្យក្លាយជាសត្វសេះឡើយ ពីព្រោះថាអ្នកនិពន្ធគឺជាសមរភូមិជួរមុខមួយដែរបាទ ដោយប្រើចុងប៉ាកាជាអាវុធដើម្បីសរសេរបង្ហាញពីចំណុចអសកម្ម ពីបញ្ហាផ្សេងៗនៅក្នុងសង្គម ដូចជាផ្ញើរសារអប់រំទៅកាន់ថ្នាក់ដឹកនាំ ទៅកាន់អ្នកនយោបាយ ទៅកាន់ប្រជាជនដូចគ្នា អ្នកសិក្សាអីដើម្បី កែប្រែរៀនសូត្រ អភិវឌ្ឍន៍ប្រទេសជាតិ និងខ្លួនឯងអយបានល្អប្រសើរ៕
Q: អរគុណលោក ស៊ូ ខេមរិន្ទ!
A: បាទ! អរគុណ៕