រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នសម្រាប់យានជំនិះគ្រប់ប្រភេទដែលឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីប្រកួតកីឡាជាតិ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដដែលបញ្ជាក់តាមន័យដើមថា៖ «ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ»។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ រួមមាន៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិកចំនួន៧ប្រភេទកីឡាទៀត ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕