រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពី​ការបញ្ចៀសចរាចរ និង​ផ្អាកចរាច​រ​ជាបណ្ដោះអាសន្នសម្រាប់​យាន​ជំនិះ​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​កំណាត់​ផ្លូវមហាវិថីឈ្នះឈ្នះ  ពីគល់​ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ៦ ពី​ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី​ប្រកួតកីឡាជាតិ។​

ក្នុង​សេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​បញ្ជាក់ថា ក្រសួងអប់រំ យុវជន និង​កីឡា​ នឹង​រៀបចំពិធីបើក និង​ពិធី​បិទ​ការ​ប្រកួតកីឡាជាតិ​លើកទី៣ នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ដែល​ស្ថិតក្នុង​ភូមិ​ព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

សេចក្តី​ជូន​ដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​តាមន័យ​ដើម​ថា៖ «ដើម្បី​ឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​​រលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ រដ្ឋបាល​រាជធានីភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ​ដោយ​មិន​អនុញ្ញាត​​ឱ្យ​យានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ  ពីគល់​ស្ពានព្រែក​ព្នៅ​រហូត​ដល់​ផ្លូវ​ជាតិ​លេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់​បញ្ចប់​កម្មវិធី​សម្រាប់ថ្ងៃនីមួយៗ»។

គួរបញ្ជាក់​ថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និង​កីឡាជន​ពិការ​ជាតិ​លើកទី១ រួមមាន៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិកចំនួន៧ប្រភេទកីឡាទៀត ដោយ​ចាប់​ផ្ដើម​​ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕