យុវជនឆ្នើមចំនួន១៥ក្រុមនៃកម្មវិធីជំនាន់ថ្មី ដាក់បង្ហាញស្នាដៃដែលជាគម្រោងពាក់ព័ន្ធនឹងការផ្លាស់ប្តូរសង្គមប្រកបដោយភាពវិជ្ជមាន និងដែលកំពុងអនុវត្តនៅក្នុងសហគមន៍ជាច្រើននៅទូទាំងប្រទេស។
កម្មវិធីជំនាន់ថ្មី (New Future Generation) គឺជាកម្មវិធី សម្រាប់យុវជនកម្ពុជានៅទូទាំងប្រទេសសម្រាប់ប្រែក្លាយសក្តានុពលរបស់ពួកគេឲ្យទៅជាសកម្មភាព និងសមិទ្ធផលជាក់លាក់។ កម្មវិធីនេះមានការគាំទ្រពីអង្គការយូនីសេហ្វប្រចាំកម្ពុជា។
ការដាក់តាំងបង្ហាញស្នាដៃរបស់ក្រុមយុវជនក្នុងកម្មវិធីជំនាន់ថ្មីនេះធ្វើឡើងក្នុងពេលដែលអង្គការអន្តរជាតិយូនីសេហ្វប្រចាំកម្ពុជា និងក្រសួងពាក់ព័ន្ធ ប្រារព្ធទិវាកុមារពិភពលោកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៨ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលជាខួបត្រូវបានអនុម័តលើអនុសញ្ញាស្តីពីសិទិ្ធកុមារកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
កញ្ញា រស ពេជ្រពុទិ្ធកា ប្រធានគម្រោង UNITELL ដែលជាគម្រោងបង្កើតសារសំឡេង ឬហៅថា Podcast ដែលនិយាយអំពីបញ្ហាប្រឈមរបស់និស្សិតក្នុងអំឡុងពេល និងក្រោយការបញ្ចប់ការសិក្សា បានប្រាប់មក Newsroom Cambodia ថា កញ្ញាបានមើលឃើញពីបញ្ហារបស់និស្សិតក្នុងការចាប់ក្តីស្រម៉ៃផ្សេងៗទើបកញ្ញាបានបង្កើតគម្រោង UNITELL នេះឡើង។
កញ្ញាថា៖ «នៅក្នុងកម្មវិធី New Generation Future នេះគឺខ្ញុំជា project lead ទៅលើ project ឈ្មោះថា UNITELL មកពីពាក្យ២ គឺ university and tell។ tell គឺរឿងរ៉ាវអីដែល សិស្ស និស្សិតចង់លើកឡើង ធ្វើក្នុងការសម្រេចក្តីស្រមៃរបស់គាត់ផ្សេងៗគ្នា។»
កញ្ញាក៏បន្ថែមថា គម្រោងរបស់កញ្ញាមានការចែករំលែកព័ត៌មាន និងបទពិសោធន៍ផ្សេងៗតាមរយៈវីដេអូក្នុងនោះក៏មានការលើកឡើងពីសុខភាពផ្លូវចិត្តរបស់និស្សិតផងដែរ។
កញ្ញាថា៖ «កន្លងមកអីដែលយើងបានធ្វើគឺយើងមានចែករំលែកព័ត៌មានបទពិសោធន៍ទៅតាមឡាយតាមរយៈBlog វីដេអូដែលយើងធ្វើផងដែរ មានeventផ្សេងៗអី eventអាចមានប្រភេទខុសគ្នាពេលខ្លះយើងនិយាយពី ការផ្លាស់ប្ដូរការសិក្សាផ្សេងៗ ពេលខ្លះនិយាយ mental health[សុខភាពផ្លូវចិត្ត] ចឹងទៅ មិនមែន directly [ផ្ទាល់] ជួយគាត់ម៉ងទេ ប៉ុន្តែយើងមាន content [មាតិការ] ជាច្រើនដាក់ឱ្យគាត់ explore [ស្វែងយល់] បើសិនជាគាត់មានសំណួរអី គាត់អាចសួរ ជាមួយពួកយើងបាន ហើយពូកយើងនឹងជួយឆ្លើយ»។
ទន្ទឹមនឹងនេះយុវសិស្ស លី សុគន្ធបញ្ញា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីសាលាឯកជន «Linger» និងជាអ្នកដឹកនាំគម្រោង Eco bee ដែលជាគម្រោងដែលផ្តោតការការពារសត្វឃ្មុំ និងបរិស្ថាន បាននិយាយថា ដោយសារតែការចាប់អារម្មណ៍នឹងសត្វឃ្មុំ និងសកម្មភាពទាក់ទងនឹងបរិស្ថាន ស្របពេលដែលអង្គការ UNICEF ជ្រើសរើសសិស្សចូលរួមក្នុងកម្មវិធីជំនាន់ថ្មី ទើបជាឱកាសអាចឱ្យក្រុមរបស់កញ្ញាបង្រៀនសិស្សដទៃបាន។
យុវសិស្សនេះថា៖ «គម្រោងមានឈ្មោះថា Eco bee មកពីពាក្យ ecosystem ជាមួយនឹងពាក្យ Bee ហើយគម្រោងរបស់ខ្ញុំគឺចាប់ផ្ដើមតាំងពីយូរហើយគឺខ្ញុំមានចំណាប់អារម្មណ៍ទាក់ទងទៅនឹងសត្វឃ្មុំតាំងពីខ្ញុំអាយុ១៦ឆ្នាំមកម៉្លេះ ប៉ុន្តែដោយសារខ្ញុំអត់ទាន់មានឱកាសសិក្សាពីវាហើយខ្ញុំក៏ទុករហូតទៅពេលដែល UNICEF New Generation ចាប់ផ្ដើម ខ្ញុំក៏បានចាប់ផ្ដើមយកឱកាសដើម្បី research [ស្រាវជ្រាវ] ហើយយកអ្វីដែលខ្ញុំបានយល់ដឹងយកទៅបង្រៀនសិស្សដទៃទៀត»។
បញ្ញាបន្តថា កញ្ញាបានចុះទៅខេត្តកោះកុងដើម្បីសិក្សាស្រាវជ្រាវពីសត្វឃ្មុំនៅកម្ពុជា ហើយក៏បានចូលទៅខេត្តសៀមរាប ខេត្តកំពង់ចាមដើម្បីធ្វើសិក្ខាសាលាដល់សិស្សសាលារដ្ឋដើម្បីឲ្យគាត់យល់ពីសត្វឃ្មុំនៅក្នុងប្រទេសកម្ពុជា។
យុវជន ប៉ូ សុវណ្ណរាជ អាយុ១៦ឆ្នាំជាសមាជិកក្នុងគំរោង Eco bee នេះបានលើកថាឡើង លោកចង់យកបញ្ហាផេ្សងៗក្នុងប្រទេសកម្ពុជាភ្ជាប់ជាមួយការផ្សព្វផ្សាយព័ត៌មានដើម្បីអាចជាចំណែកជួយដល់រដ្ឋាភិបាល។
យុវជននេះថា៖ «សម្រាប់ខ្ញុំផ្ទាល់គិតថា ការយល់ដឹងទាក់ទងទៅនឹងបញ្ហាប្រទេសកម្ពុជាកាន់តែច្រើន អាចជាប់ផ្សព្វផ្សាយព័ត៌មានទាំងអស់នោះទៅដល់ប្រទេសដែលខ្ញុំស្គាល់ដូចជាពេលដែលខ្ញុំចង់ធ្វើអ្វីមួយជាមួយនឹងសត្វឃ្មុំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតខ្ញុំអាចយករឿងនេះទៅជួយរដ្ឋាភិបាលបានផងដែរ»។
មិនខុសគ្នាប៉ុន្មាន លោក ឈឹម នព្វន្ត ជានិស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងជាអ្នកបង្កើតគម្រោងដែលមានឈ្មោះថា មាគ៌ា ដែលជាគម្រោងភ្ជាប់សិស្សជាមួយនឹងឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯង បានលើកឡើងថា លោកមើលឃើញយុវជនភាគច្រើនខ្វះខាតជំនាញទន់ ទើបធ្វើឱ្យលោកសម្រេចចិត្តបង្កើតគម្រោងនេះឡើង។
លោកថា៖ «យើងឃើញថាកូនសិស្សភាគច្រើននៅពេលដែលយើងរៀនចប់ហើយ នៅពេលដែលគាត់ចូលធ្វើការ គឺពួកគាត់ខ្វះនូវជំនាញទន់ ដែលមិនអាចធ្វើឱ្យការងាររបស់គាត់ទទួលបានជោគជ័យ ព្រោះរៀននៅក្នុងបានបង្ហាញតែ Theories [ទ្រឹស្តី] ទេ មិនទាន់បាន Practice [អនុវត្ត] នោះទេ»។
នព្វន្ត បានបន្ថែមថា លោកចង់ភ្ជាប់សិស្សនៅជនបទឱ្យមានភាពស្មើគ្នា ដើម្បីជាឱកាសឱ្យពួកគេអាចអភិវឌ្ឍន៍ខ្លួនឯងបាន។
លោកថា៖ «ពេលដែលពួកខ្ញុំចុះទៅជនបទគឺពួកខ្ញុំអត់មានអីទាំងអស់ ដោយសារតែនៅខាងជនបទ សូម្បី Projector ក៏អត់មាន internet អ្នកខ្លះក៏អត់មាន អ្នកខ្លះអត់មានទូរសព្ទទៀត។ ពេលត្រូវប្រើទូរសព្ទគឺត្រូវចែកគ្នាមួយក្រុម ៣-៤ នាក់ចែកគ្នាមើលទៅ។ បញ្ហាដែលខ្ញុំគិតថាសំខាន់គឺជាផ្នត់គំនិតមួយរបស់មនុស្សដែលរស់នៅក្នុងជនបទជាមួយអ្នកដែលរស់នៅទីក្រុង អ្នករស់នៅទៅក្រុងអាចបើកចិត្ត សិទ្ធិឱ្យកូនសិស្ស កូនរបស់គាត់ប្រឡូកក្នុងកម្មវិធីដើម្បីទទួលបានបទពិសោធន៍»។
ស្នាដៃគម្រោងរបស់យុវជនទាំង១៥ក្រុមដែលដាក់បង្ហាញក្នុងកម្មវិធីនេះ ភាគច្រើនផ្តោតលើបច្ចេកវិទ្យា បរិស្ថាន ការអប់រំ សិល្បៈ សុខភាព សុវត្ថិភាពចំណីអាហារជាដើម៕