យុវជន​ឆ្នើម​ចំនួន​១៥ក្រុមនៃ​​កម្មវិធី​ជំនាន់ថ្មី​ ដាក់​​​បង្ហាញ​​ស្នាដៃ​​ដែល​ជា​​គម្រោង​ពាក់ព័ន្ធនឹង​ការ​​ផ្លាស់ប្តូរ​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជមាន​ និង​ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​​ប្រទេស​​។​

កម្មវិធី​ជំនាន់​ថ្មី (New Future Generation) គឺជា​កម្មវិធី​ សម្រាប់​យុវជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​សម្រាប់​ប្រែ​ក្លាយ​សក្តានុពល​របស់​ពួកគេ​ឲ្យ​ទៅ​ជា​សកម្មភាព និង​សមិទ្ធផល​ជាក់លាក់។ កម្មវិធីនេះ​មានការ​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា។​

ការ​ដាក់តាំងបង្ហាញ​ស្នាដៃ​របស់​ក្រុម​យុវជនក្នុង​កម្មវិធី​ជំនាន់​ថ្មី​នេះធ្វើ​ឡើង​​ក្នុងពេល​ដែល​អង្គការ​​អន្តរជាតិ​​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ និង​ក្រសួង​ពាក់ព័ន្ធ​ ប្រារព្ធ​ទិវាកុមារ​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២២​ ដែល​ជា​ខួប​ត្រូវ​បាន​អនុម័ត​លើ​អនុសញ្ញា​ស្តី​ពីសិទិ្ធ​កុមារ​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៩​។

កញ្ញា​ រស​ ពេជ្រ​ពុទិ្ធកា

កញ្ញា​ រស​ ពេជ្រ​ពុទិ្ធកា​ ប្រធាន​គម្រោង​ UNITELL ដែលជាគម្រោង​បង្កើត​សារ​សំឡេង ឬហៅថា Podcast ដែល​និយាយអំពីបញ្ហា​ប្រឈម​​របស់​និស្សិត​ក្នុង​អំឡុង​ពេល និង​ក្រោយ​ការ​បញ្ចប់​ការ​សិក្សា បាន​ប្រាប់មក Newsroom Cambodia ​ថា ​កញ្ញា​បាន​មើល​ឃើញ​ពី​បញ្ហា​របស់​និស្សិត​ក្នុង​ការ​ចាប់​​ក្តី​​ស្រម៉ៃ​​ផ្សេងៗ​ទើប​កញ្ញា​បាន​បង្កើត​គម្រោង​ UNITELL នេះ​ឡើង​។

កញ្ញា​ថា៖ «នៅ​ក្នុង​កម្មវិធី​ New Generation Future នេះ​គឺ​ខ្ញុំ​ជា project lead ទៅ​លើ project ឈ្មោះ​ថា UNITELL មក​ពី​ពាក្យ​២ គឺ university and tell។​ tell គឺ​រឿងរ៉ាវ​អី​ដែល​ សិស្ស​ និស្សិត​ចង់​លើក​ឡើង​ ធ្វើ​ក្នុង​ការ​សម្រេច​ក្តីស្រមៃ​របស់​គាត់​ផ្សេងៗ​គ្នា​។»

កញ្ញា​ក៏​បន្ថែម​ថា​ គម្រោង​របស់​កញ្ញា​មាន​ការ​ចែករំលែក​ព័ត៌មាន​ និង​បទ​ពិសោធន៍​ផ្សេងៗ​តាមរយៈ​វីដេអូ​ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​ពី​សុខភាព​ផ្លូវចិត្ត​របស់​និស្សិត​ផង​ដែរ​។

កញ្ញា​ថា៖ «កន្លង​មក​អី​ដែល​យើង​បាន​ធ្វើ​គឺ​យើង​មាន​ចែករំលែក​ព័ត៌មាន​បទពិសោធន៍​ទៅ​តាម​ឡាយ​តាមរយៈ​Blog វីដេអូ​ដែល​យើង​ធ្វើ​ផង​ដែរ​ មាន​event​ផ្សេងៗ​អី ​event​អាច​មាន​ប្រភេទ​ខុស​គ្នា​ពេល​ខ្លះ​យើង​និយាយ​ពី​ ការ​ផ្លាស់ប្ដូរ​ការ​សិក្សា​ផ្សេងៗ​ ពេល​ខ្លះ​និយាយ​ mental health​[សុខភាព​ផ្លូវចិត្ត] ចឹងទៅ​ មិន​មែន ​directly [ផ្ទាល់​] ជួយ​គាត់​ម៉ង​ទេ ប៉ុន្តែ​យើង​មាន ​content [មាតិការ] ជា​ច្រើន​ដាក់​ឱ្យ​គាត់ ​explore​ [ស្វែងយល់​] ​បើសិនជា​គាត់​មាន​សំណួរ​អី គាត់​អាច​សួរ​ ជាមួយ​ពួកយើង​បាន​ ហើយ​ពូកយើង​នឹង​ជួយ​ឆ្លើយ​»។​

ទន្ទឹមនឹងនេះ​យុវសិស្ស​ លី សុគន្ធបញ្ញា​ អាយុ​១៦ឆ្នាំ​ ជា​សិស្ស​ថ្នាក់ទី​១២ មក​ពីសាលាឯកជន​ «Linger»  និង​ជាអ្នក​ដឹកនាំគម្រោង​​ Eco bee ដែលជាគម្រោង​ដែលផ្តោត​ការការពារ​សត្វឃ្មុំ និង​បរិស្ថាន បាន​និយាយថា​ ដោយសារ​តែ​ការ​ចាប់អារម្មណ៍​នឹង​សត្វឃ្មុំ​ និង​សកម្មភាព​ទាក់ទង​នឹង​បរិស្ថាន​ ស្រប​ពេល​ដែល​អង្គការ​ UNICEF ជ្រើសរើស​សិស្ស​ចូលរួម​ក្នុង​កម្មវិធី​​ជំនាន់ថ្មី​ ទើប​ជា​ឱកាស​អាច​​ឱ្យ​ក្រុម​របស់​កញ្ញា​​​​បង្រៀន​សិស្ស​ដទៃ​បាន​។

យុវសិស្ស​នេះ​ថា៖ «គម្រោង​មាន​ឈ្មោះ​ថា Eco bee មក​ពី​ពាក្យ ecosystem ជាមួយ​នឹង​ពាក្យ Bee ហើយ​គម្រោង​របស់ខ្ញុំ​គឺ​ចាប់ផ្ដើម​តាំ​ង​ពី​យូរ​ហើយ​គឺ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ទាក់ទងទៅ​នឹង​សត្វឃ្មុំ​តាំង​ពី​ខ្ញុំអាយុ១៦​​ឆ្នាំមកម៉្លេះ ប៉ុន្តែ​ដោយសារ​ខ្ញុំ​អត់​ទាន់មាន​ឱកាស​សិក្សា​ពី​វាហើ​យ​ខ្ញុំក៏​ទុក​រហូត​ទៅពេ​លដែល UNICEF New Generation ចាប់ផ្ដើម ខ្ញុំក៏​បាន​ចាប់​ផ្ដើម​យក​ឱកាស​​ដើម្បី research [ស្រាវជ្រាវ] ហើយ​​​យក​អ្វីដែល​ខ្ញុំបា​ន​យល់ដឹ​ង​យក​ទៅ​បង្រៀន​សិស្ស​ដទៃ​ទៀត»។

បញ្ញាបន្តថា កញ្ញាបានចុះទៅខេត្តកោះកុងដើម្បីសិក្សាស្រាវជ្រាវពីសត្វឃ្មុំនៅកម្ពុជា ហើយ​ក៏​បាន​ចូល​ទៅ​ខេត្ត​សៀមរាប ខេត្តកំពង់ចាម​ដើម្បី​ធ្វើ​សិក្ខាសាលា​ដល់​សិស្ស​សាលារដ្ឋ​ដើម្បី​ឲ្យ​គាត់​យល់​ពី​សត្វឃ្មុំ​នៅ​ក្នុងប្រ​ទេសកម្ពុជា។

យុវជន ប៉ូ សុវណ្ណរាជ អាយុ១៦ឆ្នាំជាសមាជិកក្នុងគំរោង Eco bee នេះបានលើកថាឡើង លោកចង់យកបញ្ហាផេ្សងៗក្នុងប្រទេស​កម្ពុជាភ្ជាប់ជាមួយការផ្សព្វផ្សាយព័ត៌មានដើម្បីអាចជាចំណែកជួយដល់រដ្ឋាភិបាល។

យុវជននេះថា៖ «សម្រាប់ខ្ញុំ​ផ្ទាល់គិតថា ការយល់ដឹង​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​កម្ពុជា​កាន់​តែច្រើន​ អាច​ជាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​នោះ​ទៅដ​ល់​ប្រទេស​ដែល​ខ្ញុំ​ស្គាល់​ដូចជា​ពេល​ដែល​ខ្ញុំ​ចង់​ធ្វើអ្វី​មួយ​ជាមួយ​នឹង​​សត្វ​ឃ្មុំ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ​នៅថ្ងៃ​អនាគ​ត​ខ្ញុំ​អាច​យក​រឿង​នេះ​ទៅ​ជួយ​​​រដ្ឋាភិបាល​បាន​ផង​ដែរ»។

លោក ឈឹម នព្វន្ត

មិនខុសគ្នាប៉ុន្មាន លោក ឈឹម នព្វន្ត ជានិស្សិតឆ្នាំទី១ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​ជា​អ្នកបង្កើត​គម្រោង​ដែល​មាន​ឈ្មោះ​ថា មាគ៌ា ដែលជា​គម្រោង​​ភ្ជាប់សិស្សជាមួយនឹងឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯង បាន​លើក​ឡើង​ថា លោកមើលឃើញយុវជនភាគច្រើនខ្វះខាតជំនាញទន់ ទើប​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​បង្កើត​គម្រោង​នេះ​​ឡើង។​

លោកថា៖ «យើងឃើញថាកូនសិស្សភាគច្រើននៅពេលដែលយើងរៀនចប់ហើយ នៅ​ពេល​ដែ​ល​គាត់​ចូល​ធ្វើការ គឺពួកគាត់ខ្វះ​នូវជំនាញទន់ ដែលមិន​​អាច​ធ្វើឱ្យ​​ការងារ​របស់​គាត់​​​ទទួល​បាន​ជោគជ័យ ព្រោះរៀននៅក្នុងបានបង្ហាញតែ Theories [ទ្រឹស្តី] ទេ មិនទាន់បាន Practice [អនុវត្ត] នោះទេ»។​

នព្វន្ត បានបន្ថែមថា លោកចង់ភ្ជាប់សិស្សនៅជនបទឱ្យមានភាពស្មើ​គ្នា​ ដើម្បី​ជា​ឱកាស​ឱ្យ​ពួកគេអាចអភិវឌ្ឍន៍ខ្លួនឯងបាន។

លោកថា៖ «ពេលដែលពួកខ្ញុំចុះទៅជនបទគឺពួកខ្ញុំអត់មានអីទាំងអស់ ដោយសារ​តែ​នៅ​ខាង​ជនបទ សូម្បី Projector ក៏អត់មាន internet អ្នកខ្លះក៏អត់មាន អ្នកខ្លះអត់មានទូរសព្ទទៀត។​ ពេលត្រូវប្រើទូរសព្ទ​​គឺ​ត្រូវចែកគ្នា​មួយក្រុម ៣-៤ នាក់ចែកគ្នាមើលទៅ។​ បញ្ហា​ដែល​ខ្ញុំ​គិត​ថា​សំខាន់​គឺ​ជា​ផ្នត់គំនិត​មួយ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុ​ងជនបទជាមួយអ្នកដែលរស់នៅទីក្រុង អ្នករស់នៅទៅក្រុងអាចបើកចិត្ត សិទ្ធិឱ្យកូនសិស្ស កូន​របស់​គាត់​ប្រឡូក​ក្នុង​កម្មវិធី​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍»។​​

ស្នាដៃ​គម្រោង​របស់​​យុវជន​ទាំង​១៥ក្រុម​​ដែល​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ ភាគ​ច្រើន​ផ្តោត​លើ​បច្ចេកវិទ្យា បរិស្ថាន ការ​អប់រំ​ សិល្បៈ សុខភាព​ សុវត្ថិភាព​ចំណីអាហារ​ជាដើម៕​