ប្រជាជនកម្ពុជាជាង៧០ភាគរយជាអ្នកប្រើប្រាស់បណ្តាញសង្គមជាប្រចាំ ក៏ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើន ខ្វះការយល់ដឹងទាក់ទងទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ទាំងនោះងាយនឹងក្លាយជាជនរងគ្រោះនៃការចែកចាយព័ត៌មានមិនពិត និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក រ៉ូវ ហុងសេង ដែលជាសិក្ខាកាមនៃNewsroom Cambodia ជាមួយនឹងកញ្ញា ហុក លីដា ដែលជាអ្នកបណ្តុះបណ្តាលផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
ជម្រាបសួរកញ្ញា ហុក លីដា!
ចា៎! ជម្រាបសួរ។
Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាអ្វី?
A: ជាសមត្ថភាព (skills) និងចំណេះដឹង (Knowledge) ដែលយើងអាចប្រើប្រាស់ [នៅក្នុង]ប្រព័ន្ធផ្សព្វផ្សាយ(pre-media, broadcasting, and social media) ក្នុងគោលបំណងការពារសុវត្ថិភាពអ្នកប្រើប្រាស់(users) និងបង្កើនទំនួលខុសត្រូវរបស់អ្នកចែកចាយ (content creators)។
Q: យោងទៅតាមទិន្នន័យរបស់គេហទំព័រ Statista នៅឆ្នាំ២០២២ប្រជាជនខ្មែរចំនួន៧៣.៩ភាគរយ ជាអ្នកប្រើប្រាស់បណ្តាញសង្គមជាប្រចាំ។ តើពិតទេដែលថារាល់អ្នកដែលប្រើប្រាស់បណ្តាញសង្គមត្រូវតែមានចំណេះដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ប្រសិនបើមិនចង់ក្លាយជាជនរងគ្រោះនៃការចែកចាយព័ត៌មានមិនពិត? ហើយមនុស្សក្រុមណាខ្លះចាំបាច់ត្រូវតែមានការយល់ដឹងអំពីប្រធានបទនេះ?
A: ក្នុងចំណោមប្រជាជនជាង៧០ភាគរយដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមជាប្រចាំ ភាគច្រើននៅខ្វះការយល់ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហេតុនេះហើយការប្រើប្រាស់បណ្តាញសង្គមមិនត្រឹមត្រូវវាអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់ខ្លួនគាត់ ហើយក៏ដូចជាសង្គមដែរ។ អ៊ីចឹងហើយបានជាការស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅក្នុងសម័យឌីជីថលនេះ មានសារៈសំខាន់ខ្លាំង។
Q: នៅយុគសម័យឌីជីថល តើការយល់ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានផលវិជ្ជមានអ្វីខ្លះ?
A: ធ្វើឱ្យគាត់មានសមត្ថភាព (skills) ក្នុងការវិភាគទៅលើព័ត៌មាន (contents) ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម ដើម្បីអាចបែងចែករវាងព័ត៌មានពិត និងមិនពិត និងមានការគិតបែបស៊ីជម្រៅ។ ក្រៅពីនេះ គាត់នឹងមិនក្លាយជា perpetrators [អ្នកចែករំលែកព័ត៌មានបែបមាក់ងាយ] នៅក្នុងបណ្តាញសង្គម ដោយការមិនចែកចាយព័ត៌មានបែបមានការរើសអើង។
Q: ហេតុអ្វីបានជាការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារសំខាន់? តើការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន អាចជួយកាត់បន្ថយហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអនឡាញដែរ ឬទេ?
A: នៅពេលដែលយើងមានចំណេះដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន យើងអាចកំណត់ភាពឯកជន និងសុវត្ថិភាព (Privacy and security) របស់គណនីបណ្តាញសង្គម ដូចជាការកំណត់ឱ្យតែមិត្តរបស់អ្នកនៅក្នុងបណ្តាញសង្គមមើលឃើញ ការបិទទីតាំង ការបិទការ Face Recognition និងការប្រើប្រាស់លេខសម្ងាត់ដែលពិបាកទាយដឹង។
Q: តើមានការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋហើយ ឬនៅ? បើនៅ តើការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋមានសារៈសំខាន់កម្រិតណា ជាពិសេសចំពោះអ្នកដែលមានឧបសគ្គផ្នែកភាសា?
A: ភាសាគឺជាឧបសគ្គមួយក្នុងការប្រើប្រាស់បណ្តាញសង្គម តែមុខដែលអាចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាភាសាខ្មែរបាននៅមិនទាន់គ្រប់គ្រាន់ ព្រោះគាត់ត្រូវយល់ពីពាក្យគន្លឹះ។ ផ្ទុយពីកាលពី៥ ទៅ១០ឆ្នាំមុន សព្វថ្ងៃបច្ចេកវិទ្យាគឺចាំបាច់ក្នុងការសិក្សា ហេតុនេះហើយការសិស្សត្រូវតែមានចំណេះទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើម្បី ប្រើប្រាស់គ្រឿងអេឡិចត្រូនិចដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ ឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាព។ កត្តាទាំងនេះធ្វើឱ្យការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋមានសារៈសំខាន់ខ្លាំង។
Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន (MIL) និងការផ្ទៀងផ្ទាត់ការពិត (Fact-checking) មានលក្ខណៈដូច និងខុសគ្នាត្រង់ណាខ្លះ?
A: ការផ្ទៀងផ្ទាត់ការពិតស្ថិតនៅក្នុងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាឧទាហរណ៍នៅក្នុងផ្ទៀងផ្ទាត់ការពិតគេពិនិត្យទៅលើប្រភពច្រើន។ ឯអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានន័យទូលំទូលាយជាងនេះ។ ឧទាហរណ៍ នៅក្នុងកម្មវិធីសិក្សាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាននៅCCIM យើងមានបញ្ចូលទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ការពិតទៅលើព័ត៌មាននៅលើបណ្តាញសង្គម ហើយយើងក៏មានវគ្គសិក្សាទាក់ទងទៅនឹងថា តើយើងគួរតែផ្ទៀងផ្ទាត់ព័ត៌មានបែបណានៅលើបណ្តាញសង្គម តើយើងគួរពិនិត្យប្រភពមួយ ឬក៏ប្រភពច្រើន? អាហ្នឹងវាសំខាន់មែនទែន ដែលនៅក្នុងហ្នឹងយើង equip [ផ្តល់ឱ្យ] កូនសិស្សឱ្យមានការគិតបែបស៊ីជម្រៅ ហើយនៅពេលដែលគាត់ប្រើប្រាស់បណ្តាញសង្គម គាត់មិនពឹងពាក់ទៅលើប្រភព ឬក៏គេហទំព័រតែមួយទេ។ គាត់អាចផ្ទៀងផ្ទាត់ទៅលើប្រភពផ្សេងទៀត ឧទាហរណ៍ថា ប្រសិនបើព័ត៌មានក្តៅទាក់ទងទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន វានឹងមានស្ថាប័នច្រើនចុះផ្សាយ អញ្ចឹងយើងអាចផ្ទៀងផ្ទាត់ថាតើស្ថាប័នពីរចុះផ្សាយព័ត៌មានដូចគ្នាក៏អត់? បើយើងអត់ផ្ទៀងផ្ទាត់ច្រើនប្រភពទេ វាធ្វើឱ្យព័ត៌មានរបស់យើងមានភាពលំអៀង។
Q: អរគុណកញ្ញា ហុក លីដា!
A: ចា៎! អរគុណ៕