ប្រជាជនកម្ពុជា​​ជាង​៧០​ភាគ​រយជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ ក៏ប៉ុន្តែ​អ្នក​ប្រើប្រាស់​ជាច្រើន ខ្វះការ​យល់​ដឹង​ទាក់ទង​ទៅ​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងព័ត៌មាន ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​ងាយ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ចែក​ចាយ​ព័ត៌មាន​មិនពិត និង​ការ​ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត​ជាដើម​។​

ខាង​ក្រោមនេះ គឺ​ជា​បទ​សម្ភាស​រវាង​លោក​ រ៉ូវ ហុងសេង ដែល​ជា​សិក្ខាកាម​នៃ​Newsroom Cambodia ជាមួយ​នឹង​កញ្ញា ហុក លីដា ដែល​ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងព័ត៌មាន។

ជម្រាបសួរ​កញ្ញា ហុក លីដា!

ចា៎! ជម្រាបសួរ។

Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន​ជាអ្វី? ​​

A:​ ជាសមត្ថភាព (skills) និង​ចំណេះ​ដឹង ​(Knowledge) ​ដែល​យើង​អាច​ប្រើប្រាស់ ​[នៅក្នុង]​ប្រព័ន្ធ​​ផ្សព្វផ្សាយ​(pre-media, broadcasting, and social media) ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​​អ្នក​ប្រើប្រាស់​(users) និងបង្កើន​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ចែកចាយ​ (content creators)។

Q: យោងទៅតាមទិន្នន័យរបស់គេហទំព័រ Statista នៅ​ឆ្នាំ២០២២​ប្រជាជនខ្មែរ​ចំនួន​៧៣.​៩​ភាគរយ ជា​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ។ តើពិតទេដែល​ថា​រាល់​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវតែមានចំណេះដឹងទាក់ទងនឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ប្រសិន​បើ​មិន​ចង់​ក្លាយជា​ជនរងគ្រោះនៃកា​រចែកចាយ​ព័ត៌មាន​មិនពិត? ហើយ​មនុស្ស​ក្រុម​ណា​ខ្លះចាំ​បាច់ត្រូវតែមានការយល់ដឹងអំពីប្រធាន​បទនេះ?​

A: ក្នុងចំណោមប្រជាជនជាង៧០​ភាគរយដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមជាប្រចាំ ភាគច្រើន​នៅ​ខ្វះការយល់ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន ហេតុនេះ​ហើយ​ការប្រើប្រាស់​បណ្តាញ​សង្គម​មិន​ត្រឹមត្រូវ​វា​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ទៅ​ដល់​ខ្លួន​គាត់​ ហើយ​ក៏​ដូចជាសង្គមដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ការស្វែង​យល់​ពី​អក្ខរកម្ម​ប្រព័​ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​នៅក្នុងសម័យឌីជីថលនេះ មានសារៈសំខាន់ខ្លាំង។  

Q: នៅយុគសម័យឌីជីថល តើការ​យល់ដឹង​ទាក់ទង​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ មាន​​ផល​វិជ្ជមាន​អ្វី​ខ្លះ?

​A: ធ្វើឱ្យគាត់​មាន​សមត្ថភាព (skills) ក្នុងកា​រវិភាគ​ទៅ​លើ​ព័ត៌មាន (contents) ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​បណ្តាញសង្គម ដើម្បីអាចបែងចែករវាងព័ត៌មានពិត និងមិនពិត និង​មាន​ការគិត​បែប​ស៊ីជម្រៅ។ ក្រៅពីនេះ គាត់នឹងមិនក្លាយជា perpetrators [អ្នកចែករំលែក​ព័ត៌មាន​បែបមាក់ងាយ] នៅក្នុងបណ្តាញសង្គម ដោយការ​​មិន​ចែកចាយ​ព័ត៌មាន​បែប​មាន​ការរើស​អើង។

Q: ហេតុអ្វីបានជាការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារសំខាន់?​ តើការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន អាចជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អនឡាញដែរ ឬទេ?

A:​​ នៅពេលដែលយើងមានចំណេះ​ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន យើង​អាច​កំណត់​ភាព​ឯកជន និង​សុវត្ថិភាព (Privacy and security) របស់​គណនី​បណ្តាញ​សង្គម ដូចជា​ការកំណត់​ឱ្យ​តែ​មិត្ត​របស់​អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម​មើល​ឃើញ​ ការបិទ​ទីតាំង ការបិទ​ការ Face Recognition និង​ការប្រើប្រាស់​លេខ​សម្ងាត់​ដែល​ពិបាក​ទាយ​ដឹង។

Q: តើមានការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​ហើយ ឬ​នៅ?​ បើនៅ តើ​ការដាក់បញ្ចូល​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​មានសា​រៈសំខា​ន់កម្រិត​ណា ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ឧបសគ្គ​ផ្នែក​ភាសា?

A: ភាសាគឺជាឧបសគ្គមួយក្នុងការប្រើប្រាស់បណ្តាញសង្គម តែមុខ​ដែល​អាច​ឱ្យអ្នក​ប្រើប្រាស់​បណ្តាញ​សង្គ​ម​ជាភាសាខ្មែរ​បាន​នៅ​មិន​ទាន់​គ្រប់គ្រាន់ ព្រោះគា​ត់​ត្រូវ​យល់​ពី​ពាក្យ​គន្លឹះ។​ ផ្ទុយ​ពី​កាលពី៥ ទៅ១០ឆ្នាំមុន សព្វថ្ងៃបច្ចេកវិទ្យាគឺចាំបាច់ក្នុងការសិក្សា ហេតុ​នេះ​ហើយ​ការសិស្សត្រូវ​តែ​មានចំណេះទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើម្បី ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិចដើម្បីសិក្សាតាម​ប្រព័ន្ធអនឡាញ ឱ្យមានសុវត្ថិភាព និង​ប្រសិទ្ធភាព។ កត្តាទាំងនេះ​ធ្វើ​ឱ្យ​ការដា​ក់បញ្ចូល​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​រ​បស់​រដ្ឋ​មាន​សារៈសំខាន់​ខ្លាំង។

Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន (MIL) និងការផ្ទៀងផ្ទាត់ការពិត (Fact-checking) មានលក្ខណៈដូច និងខុសគ្នាត្រង់ណាខ្លះ?

A: ការផ្ទៀងផ្ទាត់ការពិត​ស្ថិត​នៅ​ក្នុង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ជា​ឧទាហរណ៍​នៅ​ក្នុង​ផ្ទៀងផ្ទាត់​ការពិតគេពិនិត្យទៅលើប្រភពច្រើន។ ឯ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​មាន​ន័យ​ទូលំទូលាយ​ជាង​នេះ។ ​ឧទាហរណ៍​ នៅក្នុង​កម្មវិធី​សិក្សា​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ព័ត៌មាន​នៅCCIM យើងមាន​បញ្ចូល​ទាក់ទង​ទៅ​នឹង​ការផ្ទៀងផ្ទាត់​ការពិត​ទៅលើ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម ហើយយើង​ក៏មាន​វគ្គ​សិក្សាទាក់ទង​ទៅ​នឹងថា ​តើ​យើង​គួរ​តែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​បែបណា​នៅ​លើ​បណ្តាញ​សង្គម តើ​យើង​គួរ​ពិនិត្យ​ប្រភព​មួយ ឬក៏​ប្រភព​ច្រើន​? អាហ្នឹង​វា​សំខាន់​មែន​ទែន ដែល​នៅ​ក្នុងហ្នឹង​យើង ​equip [ផ្តល់ឱ្យ] ​កូន​សិស្ស​ឱ្យ​មាន​ការ​គិត​បែប​ស៊ីជម្រៅ ​ហើយ​នៅ​ពេល​ដែល​គាត់​ប្រើប្រាស់​បណ្តាញ​សង្គម គាត់មិន​ពឹងពាក់​ទៅ​លើ​ប្រភព ឬក៏​គេហ​ទំព័រ​តែមួយ​ទេ។ គាត់អាចផ្ទៀងផ្ទាត់​ទៅ​លើ​ប្រភព​ផ្សេង​ទៀត​ ឧទាហរណ៍​ថា ប្រសិន​បើ​ព័ត៌មាន​ក្តៅ​ទាក់​ទង​ទៅ​នឹង​សង្គ្រាម​របស់​រុស្ស៊ីនៅអ៊ុយក្រែន វា​នឹង​មាន​ស្ថាប័ន​ច្រើន​ចុះផ្សាយ​ អញ្ចឹង​យើង​អាច​ផ្ទៀងផ្ទាត់​ថា​តើស្ថាប័ន​ពីរចុះផ្សាយ​ព័ត៌មាន​ដូចគ្នា​ក៏អត់? បើ​យើង​អត់ផ្ទៀងផ្ទាត់​ច្រើន​ប្រភព​ទេ វា​ធ្វើ​ឱ្យ​ព័ត៌មាន​របស់​យើង​មាន​ភាព​លំអៀង​។

Q: អរគុណ​កញ្ញា ហុក លីដា!

A: ចា៎! អរគុណ៕