រដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការដាក់បញ្ចូលកម្មវិធីសិក្សាភាសាចិននៅតាមគ្រឹះស្ថានសិក្សាសាធារណៈចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២នៅកម្ពុជា។ ពិធីចុះហត្ថលេខាលើឯកសារនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា-ចិន នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
Newsroom Cambodia បានសម្ភាសន៍សិស្សនិស្សិត គ្រូបង្រៀន និងអាណាព្យាបាលទៅលើការបញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាសាធារណៈនេះ។
យុវសិស្ស ធឿន គីមឡង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ មកពីអនុវិទ្យាល័យសំរោងបានប្រាប់មក Newsroom Cambodia ថា ការបញ្ចូលភាសាចិនទៅក្នុងកម្មវិធីសិក្សា គឺអាចជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតទទួលបានចំណេះដឹងភាសាបន្ថែម។
យុវសិស្សនេះថា៖ «សម្រាប់ខ្ញុំយល់ថាការបញ្ចូលភាសាចិនទៅកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២គឺគំនិតមួយដ៏ល្អ ដើម្បីបណ្តុះបណ្តាលបន្ថែមទៅលើការសិក្សារបស់សិស្សានុសិស្សទាំងអស់ ពីព្រោះសិស្សានុសិស្សភាគច្រើនមិនថាថ្នាក់ទីប៉ុន្មានក្តី គឺមានជីវភាពខ្វះខាត ប្រសិនបើយើងដាក់បញ្ចូលភាសាចិនបន្ទាប់ពីភាសាអង់គ្លេសទៅកម្មវិធីឱ្យពួកគាត់អាចនឹងទទួលបានចំណេះដឹងបន្ថែម»។
លោក ម៉ៃ រាជសី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍នៃសកលវិទ្យាល័យវេស្ទើនបានលើកឡើងថា ការសិក្សាភាសាច្រើនគឺជាឱកាសដ៏ល្អមួយ ពីព្រោះលោកមើលឃើញថាទីផ្សារការងារនៅកម្ពុជាសព្វថ្ងៃត្រូការភាសាចិនជាចម្បង។
លោកថា៖ «ខ្ញុំគិតថាវាក៏ជាការសម្រេចចិត្តមួយដ៏ល្អផងដែរ ព្រោះយើងអាចសង្កេតឃើញថា សព្វថ្ងៃនៅប្រទេសកម្ពុជាយើង អាចនិយាយបានថាជាប្រទេសមួយដែលមានទំនាក់ទំនងអន្តរជាតិទូលំទូលាយមួយផងដែរ ដូច្នេះការសិក្សាភាសាឱ្យបានច្រើនក៏ជាកត្តាមួយបង្កើតឲ្យមានឱកាសដ៏ល្អ ក្នុងការរៀបចំការបង្កើនចំណេះដឹងភាសាបរទេសសម្រាប់ជាចំណុចខ្លាំងមួយរបស់សិស្សានុសិស្ស សម្រាប់ការស្វែងរកការងារនៅថ្ងៃអនាគតផងដែរ។
យើងសង្កេតឃើញហើយថានៅក្នុងទីផ្សារការងារប្រទេសកម្ពុជាយើងសព្វថ្ងៃ ត្រូវការអ្នកចេះភាសាចិនជាចម្បងក៏មានកាន់តែច្រើន។ អញ្ចឹងហើយការដាក់បញ្ចូលភាសាចិនក្នុងថ្នាក់សិក្សានេះពិតជាមានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗ»។
លោក ឃឹម ផាត់យុទ្ធ ជាគ្រូបង្រៀនភាសាចិន-អង់គ្លេស នៃសាលាអន្តរជាតិមួយកន្លែងក្នុងរាជធានីភ្នំពេញបាននិយាយថា ភាសាចិនជាភាសាទូលំទូលាយមួយនៅក្នុងទ្វីបអាស៊ី ហើយការបញ្ចូលភាសានេះគឺអាចបំផុសគំនិតសិស្សឱ្យពួកគាត់ចង់រៀនភាសាបន្ថែម។
លោកថា៖ «សម្រាប់គំនិតខ្ញុំផ្ទាល់ការបញ្ចូលភាសាចិនពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២នេះវាមានគុណសម្បតិ្តដែរ វាអាចបំផុសគំនិតឱ្យពួកគាត់រៀនភាសាចិនមួយបន្ថែមពីព្រោះភាសាចិន វាជាភាសាចិនជាភាសាមួយដែលគេប្រើទូលំទូលាយដែរនៅអាស៊ីយើង តែបើអឺរ៉ុបមិនសូវទេ ហើយបើចេះភាសាមួយទៀតក៏វាម្យ៉ាងដែរ»។
ទន្ទឹមនឹងនេះ លោក ផាត់យុទ្ធ ក៏បន្ថែមថាការបញ្ចូលភាសាចិនក៏ជាផ្តល់វិបាកក្នុងការសិក្សាសិស្សពីព្រោះវាមានភាសាបរទេសចំនួនពីរ ហើយលោកគិតថាវាមិនជាមានគុណភាពការបង្រៀនអ្វីឡើយ។
លោកបន្ថែមថា៖ «ប៉ុន្តែបើយើងដាក់ភាសាចិនចូលមួយទៀតវាមានភាសាបរទេសដល់តែពីរ មានអង់គ្លេសមួយទៀត ចឹងវាអាចជាផលវិបាកមួយចំនួនដល់សិស្សក្នុងការរៀន។ សម្រាប់ផលលំបាកមួយទៀតគឺការរើសគ្រូ ពីព្រោះប្រទេសយើងទៅរកគ្រូភាសាចិនណាបានគ្រប់សាលាទាំងអស់ អ៊ីចឹងមានតែសាលាមួយចំនួនមាន សាលាមួយចំនួនអត់។ ហើយការដាក់ចូលហ្នឹងរៀនទៅវាក៏មិនជាមិនបានដិតដល់អីដែរ គុណភាពក៏មិនជាណាស់ណាដូចដែលយើងរៀនសាលាខ្មែរ អង់គ្លេសវាមិនជា quality [គុណភាព] ណាទេ។ អ៊ីចឹងខ្ញុំគិតថាវាមានចំណុចអវិជ្ជមានច្រើនជាងវិជ្ជមាន តែបើដាក់ចូលវាល្អហើយ បើឱ្យមាន quality [គុណភាព] ម៉ង់ហ្នឹងអត់ទេ»។
អ្នកស្រី គឹម សៀកងីម ពលរដ្ឋដែលកំពុងរស់នៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ លើកឡើងថា រាល់ការបញ្ចូលភាសាទាំងអស់សុទ្ធល្អ ប៉ុន្តែក៏មិនត្រូវភ្លេចការលើកស្ទួយភាសាខ្មែរដែរ។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំគិតថាល្អដែលរាជរដ្ឋាភិបាលគាត់បញ្ចូលអក្សរសាស្រ្តចិន ដោយសារយើងឃើញអាជីវកម្មចិននៅស្រុកខ្មែរយើងវាទូលំទូលាយ។ ការពិតរាល់ការបញ្ចូលភាសា មិនថាភាសាអ្វីគឺសុទ្ធតែល្អទាំងអស់ ព្រោះវាជាចំណេះដឹងសម្រាប់ក្មេងជំនាន់ក្រោយ ប៉ុន្តែស្នើសុំនៅតែមានការលើកស្ទួយអក្សរសាស្រ្តខ្មែរដូចគ្នា»។
អ្នកស្រីបានបន្ថែមថា កូនរបស់អ្នកស្រីដែលកំពុងសិក្សាថ្នាក់មត្តេយ្យ ក៏បាននិងកំពុងសិក្សាភាសាចិនតាំងពីក្មេងផងដែរ។
អ្នកស្រីថា៖ «ដូចដែលកូនខ្ញុំរៀនឥឡូវគឺគាត់រៀនមត្តេយ្យបីភាសា ខ្មែរ ចិន និងអង់គ្លេស អ៊ីចឹងគាត់រៀនចិនទៅតាំងពីក្មេងហើយ»៕