រដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុង​ការដាក់​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​ចិ​ន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចាប់​ពី​ថ្នាក់​ទី៧ ដល់​ថ្នាក់​ទី១២​នៅ​ក​ម្ពុជា។  ពិធីចុះហត្ថលេខាលើ​ឯកសារ​នេះ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋមន្ត្រី​​កម្ពុជា-ចិន នា​រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​វិមាន​សន្តិភាព​។

Newsroom Cambodia បានសម្ភាសន៍​សិស្ស​និស្សិត គ្រូបង្រៀន និង​អាណាព្យាបាល​ទៅ​លើ​ការបញ្ចូល​ភាសា​ចិន​ក្នុង​កម្មវិធី​សិក្សា​សាធារណៈនេះ។

យុវសិស្ស ធឿន គីមឡង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ មកពី​អនុវិទ្យាល័យ​សំរោង​បាន​ប្រាប់​មក Newsroom Cambodia ថា​ ការបញ្ចូល​ភាសាចិន​ទៅ​ក្នុង​កម្មវិធី​សិក្សា គឺ​អាច​ជួយ​ដល់​សិស្សានុសិស្សដែលមានជីវភាពខ្វះខាតទទួលបានចំណេះដឹងភាសាបន្ថែម។

យុវសិស្សនេះថា៖ «សម្រាប់ខ្ញុំយល់ថាការបញ្ចូល​ភាសាចិនទៅកម្មវិធីសិក្សាពី​ថ្នាក់​ទី៧ ដល់​ថ្នាក់​​ទី១២​​​គឺ​គំនិត​​មួយ​​ដ៏​​ល្អ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ទៅ​លើ​ការសិក្សា​របស់​សិស្សានុសិស្ស​ទាំងអស់ ពីព្រោះ​សិស្សានុសិស្ស​ភាគច្រើន​មិនថា​ថ្នាក់ទី​ប៉ុន្មានក្តី គឺមានជីវភាពខ្វះខាត ប្រសិនបើ​យើង​ដាក់បញ្ចូលភាសាចិន​បន្ទាប់ពី​ភាសា​អង់គ្លេស​ទៅ​កម្មវិធី​ឱ្យ​ពួកគាត់​​អាច​នឹង​ទទួល​បានចំណេះដឹងបន្ថែម»។​

លោក ម៉ៃ រាជសី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងសណ្ឋាគារ និង​ទេសចរណ៍​នៃ​សកលវិទ្យាល័យ​វេស្ទើន​បាន​លើក​ឡើង​ថា​ ការសិក្សាភាសាច្រើនគឺជាឱកាសដ៏ល្អមួយ ពីព្រោះលោកមើលឃើញថាទីផ្សារការងារនៅកម្ពុជាសព្វថ្ងៃត្រូការភាសាចិនជាចម្បង។

លោកថា៖ «ខ្ញុំគិតថាវាក៏ជាការសម្រេចចិត្តមួយដ៏ល្អផងដែរ ព្រោះយើង​អាច​សង្កេត​ឃើញថា សព្វថ្ងៃ​នៅ​ប្រទេ​សកម្ពុជាយើង អាចនិយាយបាន​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ទំនាក់ទំនង​អន្តរជាតិ​ទូលំទូលាយ​មួយ​ផង​ដែរ ដូច្នេះ​ការសិក្សា​ភាសា​ឱ្យ​បានច្រើន​ក៏​ជា​កត្តាមួ​យ​បង្កើត​ឲ្យ​មាន​ឱកាស​ដ៏​ល្អ ក្នុងការរៀប​ចំការ​បង្កើន​ចំណេះដឹ​ង​ភាសា​បរទេស​សម្រា​ប់​ជា​ចំណុច​ខ្លាំង​មួយ​របស់​សិស្សា​នុសិស្ស សម្រាប់ការស្វែងរកការងារនៅថ្ងៃអនាគតផងដែរ។

យើ​ងសង្កេតឃើញហើយថានៅក្នុងទីផ្សារការងារប្រទេសកម្ពុជាយើងសព្វថ្ងៃ ត្រូវ​ការអ្នក​ចេះ​ភាសា​ចិន​ជា​ចម្បង​ក៏មា​ន​កាន់​តែ​ច្រើន។​ អញ្ចឹង​ហើយ​ការដាក់បញ្ចូល​ភាសាចិន​ក្នុង​ថ្នាក់​សិក្សា​នេះ​ពិត​ជាមានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗ»។​

លោក ឃឹម ផាត់យុទ្ធ ជាគ្រូបង្រៀនភាសាចិន-អង់គ្លេស នៃសាលា​អន្តរជាតិ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ភាសាចិនជាភាសាទូលំទូលាយមួយនៅក្នុងទ្វីបអាស៊ី ហើយ​ការបញ្ចូល​ភាសានេះគឺអាចបំផុសគំនិតសិស្សឱ្យពួកគាត់ចង់រៀនភាសាបន្ថែម។

លោកថា៖ «សម្រាប់គំនិតខ្ញុំផ្ទាល់ការបញ្ចូល​ភាសាចិនពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២​នេះវា​មាន​គុណសម្បតិ្ត​ដែរ វា​អាចបំផុសគំនិតឱ្យពួកគាត់រៀនភាសាចិនមួយបន្ថែមពីព្រោះភាសាចិន វាជាភាសាចិនជាភាសាមួយដែលគេប្រើទូលំទូលាយដែរនៅអាស៊ីយើង តែបើអឺរ៉ុបមិនសូវទេ ហើយបើចេះភាសាមួយទៀតក៏វាម្យ៉ាងដែរ»។​

ទន្ទឹមនឹងនេះ លោក ផាត់យុទ្ធ ក៏បន្ថែមថាការបញ្ចូលភាសាចិន​ក៏​ជា​ផ្តល់​វិបាក​ក្នុង​ការសិក្សា​សិស្សពីព្រោះ​វា​មាន​ភាសាបរទេសចំនួនពីរ ហើយ​លោក​គិតថា​វា​មិន​ជា​មាន​គុណភាព​ការបង្រៀន​អ្វី​ឡើយ។

លោកបន្ថែម​ថា៖ «ប៉ុន្តែបើយើងដាក់ភាសាចិនចូល​មួយ​ទៀត​វា​មាន​ភាសាបរទេស​ដល់​តែ​ពីរ​ មានអង់គ្លេសមួយទៀត ចឹងវាអាចជាផលវិបាកមួយចំនួនដល់សិស្សក្នុងការរៀន។ សម្រាប់​ផល​លំបាក​មួយទៀត​គឺការរើសគ្រូ ពីព្រោះ​ប្រទេសយើង​ទៅរកគ្រូ​ភាសាចិន​ណាបា​ន​គ្រប់​សាលា​ទាំងអស់ អ៊ីចឹងមានតែសាលាមួយចំនួនមាន សាលាមួយចំនួនអត់។ ហើយការដាក់​ចូល​ហ្នឹង​រៀនទៅវាក៏មិនជាមិនបានដិត​ដល់អីដែរ គុណភាពក៏មិនជា​ណាស់ណា​ដូច​ដែល​យើង​រៀន​សាលាខ្មែរ អង់គ្លេស​វា​មិន​ជា quality [គុណភាព] ណាទេ។​ អ៊ីចឹង​ខ្ញុំគិតថា​វា​មាន​ចំណុចអវិជ្ជមានច្រើនជាងវិជ្ជមាន តែបើដាក់ចូលវាល្អហើយ បើឱ្យមាន quality [គុណភាព] ម៉ង់ហ្នឹងអត់ទេ»។​

អ្នកស្រី គឹម សៀកងីម ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​សង្កាត់ចោមចៅ រាជធានីភ្នំពេញ ​លើកឡើងថា រាល់ការបញ្ចូលភាសាទាំងអស់សុទ្ធល្អ ប៉ុន្តែក៏​មិន​ត្រូវភ្លេច​ការលើក​ស្ទួយ​ភាសាខ្មែរ​ដែរ។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំគិតថាល្អដែលរាជរដ្ឋាភិបាលគាត់បញ្ចូលអក្សរសាស្រ្តចិន ដោយសារ​យើង​ឃើញ​អាជីវកម្មចិននៅស្រុកខ្មែរយើងវា​ទូលំទូលាយ។ ការពិតរាល់ការបញ្ចូលភាសា មិនថាភាសាអ្វីគឺសុទ្ធតែល្អទាំងអស់ ព្រោះវាជាចំណេះដឹងសម្រាប់ក្មេងជំនាន់ក្រោយ ប៉ុន្តែស្នើសុំនៅតែមានការលើកស្ទួយអក្សរសាស្រ្តខ្មែរដូចគ្នា»។

អ្នកស្រីបានបន្ថែមថា កូនរបស់អ្នកស្រី​ដែលកំពុង​សិក្សា​ថ្នាក់មត្តេយ្យ ក៏បាន​និង​កំពុង​សិក្សា​ភាសា​ចិន​តាំងពីក្មេងផង​ដែរ។

អ្នកស្រីថា៖ «ដូចដែល​កូនខ្ញុំរៀនឥឡូវគឺគាត់រៀនមត្តេយ្យបីភាសា ខ្មែរ ចិន និងអង់គ្លេស អ៊ីចឹងគាត់រៀនចិនទៅតាំងពីក្មេងហើយ»៕​