លោក អ៊ុន ចាន់ត្រា អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម កំពុងរស់នៅផ្ទះជួលជិតទីលានចាក់សំរាមជើងឯក ក្នុងរាជធានីភ្នំពេញ ដោយប្រកបរបរចិញ្ចឹមជីវិតជាអ្នកដេរការ៉ុងអេតចាយ។
កំពុងស្ថិតនៅខាងមុខផ្ទះមានប្រក់ស័ង្កសី ទំហំបីម៉ែត្រគុណបួនម៉ែត្រ លោក អ៊ុន ចាន់ត្រា និយាយថា ការរស់នៅក្បែរគំនរសំរាមធ្វើឱ្យលោកប្រឈមនឹងបញ្ហាប៉ះពាល់សុខភាព ដោយសារក្លិនរបស់សំរាម។ ទោះយ៉ាងណាលោកថា លោកមិនមានជម្រើសរករបរ និងរស់នៅកន្លែងផ្សេងនោះទេ។
លោកបញ្ជាក់ថា៖ «ប៉ះពាល់យ៉ាងណាក៏ទ្រាំបើយើងអត់មានជម្រើសអស់ជម្រើស អស់ជម្រើសកន្លែងរកស៊ី។ អាការៈឈឺតែរហូតដែរហ្នឹងវាប៉ះពាល់រឿងសំរាមប៉ះពាល់ឈឺ ម្នាក់ៗឈឺមិនដែលស្វាង។ យើងដឹងទៅណាពាក្យថាអស់ជម្រើស អស់រលីង នៅកន្លែងទាល់ហើយ»។
មិនមែនមានតែគ្រួសាររបស់លោក អ៊ុន ចាន់ត្រា នោះទេដែលមិនមានជម្រើសរស់នៅក្បែរគំនរសំរាម ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត ក៏បាននិងកំពុងរស់នៅក្បែរទីលានចាក់សំរាម ដែលពោរពេញដោយក្លិន និងមេរោគនេះផងដែរ។
អ្នកស្រី ប្រាជ្ញ យិន កំពុងរស់នៅផ្ទះជួលជាមួយកូននៅក្បែរទីលានចាក់សំរាមដែរនោះ លើកឡើងដែរថា កូនរបស់អ្នកស្រីមានមុខរបរជាអ្នករើសសំរាមដើម្បីយកទៅលក់ចិញ្ចឹមជីវិត តែអ្នកស្រី នៅផ្ទះដេរការ៉ុងដើម្បីដាក់អេតចាយ។ អ្នកស្រីថា អ្នកស្រីមិនអាចទៅរើសសំរាមជាមួយកូនបានទេ ដោយសារអ្នកស្រីមានវ័យចំណាស់ណាស់ទៅហើយ។
ស្រ្តីវ័យ៦៩ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះបន្ថែមថា អ្នកស្រីតែងមានអាការៈមិនស្រួលខ្លួនជាញឹកញាប់ ដោយសារជំងឺប្រចាំកាយ ព្រមទាំងការរស់នៅក្នុងទីតាំងដែលមានក្លិនស្អុយដែលធ្វើឱ្យសុខភាពរបស់អ្នកស្រីកាន់តែមិនបានប្រសើរ។
អ្នកស្រីប្រាប់ Newsroom Cambodia ថា៖ «អ៊ុំចាប់តាំងពីមករស់នៅទីនេះបាន ៣-៤ខែ គឺអ៊ុំដាក់សេរ៉ូម៤-៥កំប្លោកហើយ។ បើនិយាយពីក្លិនសំរាមគឺក្លិនហើយ ពេលខ្លះមានខ្យល់គឺវាទៅតាមខ្យល់ តែពេលគ្មានខ្យល់ហើយហប់វិញនោះគឺក្លិនសំរាមវានៅវិលវល់ពេញហ្នឹង ហើយឆួលច្រមុះ គឺមានតែយកក្រមាខ្ទប់»។
ចំណែកលោកស្រី អឿន ស្រី អាយុ ៥៣ឆ្នាំ ដែលជាអ្នកមករស់នៅកន្លែងចាក់សំរាមនេះដែរ លើកឡើងថា៖ «ខ្ញុំឧស្សាហ៍ឈឺក្បាល ហើយពេលខ្លះ សំឡេងរបស់ខ្ញុំឡើងចង់ស្អកព្រោះតែធុំក្លិនសំរាមពេក ហើយបើនិយាយពីពេលយប់វិញគឺថា ក្លិនសំរាមធុំក្លិនខ្លាំង ធុំជូរៗដូចបាយជ្រូក ធ្វើឱ្យខ្ញុំតែងតែយកក្រមាមកបិទច្រមុះដើម្បីកុំឱ្យសូវធុំក្លិន»។
អ្នកស្រី ស្រី ចាន់ មានអាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មករស់នៅជិតគំនរសំរាមក្នុងសង្កាត់ជើងឯក រយ:ពេល២ឆ្នាំ ជាមួយស្វាមី ម្ដាយ និងកូន២នាក់ផង ប្រកបរបររើសជ័រប្លាស្ទិកលើគំនរសំរាម និងដេរការ៉ុងលក់ បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា អ្នកស្រី និងគ្រួសារ ត្រូវប្រកបរបរចិញ្ចឹមជីវិតដោយផ្អែកលើគំនរសំរាម ដោយសារមិនមានដើមទុនដើម្បីប្រកបរបរផ្សេង។ អ្នកស្រីបន្ថែមថា អ្នកស្រីត្រូវបង្ខំចិត្តប្រកបរបរ និងរស់នៅក្បែរគំនរសំរាមនេះ បើទោះបីប្រឈមនឹងបញ្ហាសុខភាពក្តី។
លោកស្រីថា៖ «ខ្ញុំមកដំបូងធុំក្លិនសំរាមខ្លាំងពិបាករស់នៅ ចេះតែទ្រាំតែនៅ យូរៗក៏ស៊ាំនឹងបរិយាកាសនៅក្បែរគំនរសំរាម ប៉ុន្តែក៏ទាំងការប្រឈម និងបញ្ហាប៉ះពាល់សុខភាពផងដែរ ហើយខ្ញុំក៏មិនចង់រស់នៅទីនេះដែរ តែដោយសារជីវភាពខ្វះខាត គ្មានដើមទុនសម្រាប់រកស៊ី នៅធ្វើការងារសំណង់ក៏ត្រូវគេបោកផង ទើបខ្ញុំសម្រេចចិត្តប្រកបរបរនេះ»។
អ្នកស្រីបានបន្ថែមថា អ្នកស្រី និងស្វាមីរើសជ័រទាំងយប់ទាំងថ្ងៃ មានដូចជា ដបទឹកសុទ្ធ ដបស្រា កំប៉ុងសាប៊ូ ខ្សែរភ្លើងជាដើម។ ហើយក្នុងមួយថ្ងៃអ្នកស្រី និងស្វាមីរកចំណូលបានប្រមាណជា៥ម៉ឺនរៀល តាមបរិមាណនៃជ័រ។ អ្នកស្រីថា ថ្ងៃខ្លះនៅពេលមានភ្លៀង និងមានខ្យល់ខ្លាំង អ្នកស្រី និងស្វាមីមិនអាចរើសជ័របានសោះក៏មាន។
លោកស្រីថា៖ «ពេលភ្លៀងបញ្ហាប្រឈមប្រឈមមុខថារកអត់កើតតែម៉ង សើមប៉ប៉ិកប៉ប៉ាក់ ហាស មានខ្យល់ទៀតមិនបាច់ទេ»។
លោក ស៊ន សុក្រិត្យ ប្រធានគម្រោងផែនទី កែលម្អសហគមន៍ និងភាពធន់ក្នុងទីក្រុងបានប្រាប់ Newsroom Cambodiaban ថា ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាម និងប្រកបរបរលើគំនរសំរាម តែងប្រឈមនឹងបញ្ហាសុខភាព និងជំងឺផ្សេងៗ ដោយសារពួកគេមិនដឹងពីបៀបការពារខ្លួន និងមិនមានសមត្ថភាពទៅទិញរបស់ការពារខ្លួន។
លោកថា៖ «ពួកគាត់អត់មានរបស់របរសម្រាប់ការពារគាត់ ឧទាហរណ៍ដូចជាត្រូវមានស្រោមដៃអ៊ីចឹង ហើយអត់មានកាចាប់គ្មានអីទេតាមតែអីចឹងយកដៃ ហើយអ្នកខ្លះចាប់តែដៃតែអ៊ីចឹង ហើយគ្មានស្រោមដៃ អត់មានស្បែកជើងការពារអ៊ីចឹងទៅ […] សំរាមខ្លះវាភ្ជាប់របស់របរមុតស្រួចដូចជាកែវដូចអីហ្នឹង អាហ្នឹងវាអាចឱ្យប៉ះពាល់ដល់គាត់ អាចមុតអាចអ៊ីចឹង ហើយធ្វើឱ្យអាហ្នឹងវាប្រឈមសម្រាប់ពួកគាត់ ទីមួយ។ ទីពីរវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់គាត់ សុខភាពបស់គាត់ការរស់នៅនឹងសំរាម ដឹងហើយសំរាមមានក្លិនមានអី ហើយទៅគាត់អត់មានម៉ាសមានអីការពារអត់មានអ៊ីចឹងទៅ ធ្វើឱ្យប៉ះពាល់ដល់សុខភាពបស់គាត់ដែរ»។
លោកបន្ថែមថា ប្រជាជនដែលរស់នៅ និងប្រកបរបរនៅតំបន់ចាក់សំរាម គ្មានជម្រើស និងគ្មានការងារអ្វីក្រៅពីរបររើសសំរាមនោះទេ។
លោក ស៊ន សុក្រិត្យ បន្ថែមថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត គួរតែគិតពិចារណា ពីបញ្ហាប្រឈមរបស់ពួកគាត់ ដោយត្រូវមានការបង្កើតមុខរបរជូនប្រជាពលរដ្ឋក្រៅពីការរើសសំរាមដើម្បីចិញ្ចឹមជីវភាព និងដើម្បីការពារសុវត្ថិភាពជូនពួកគាត់។
លោកបញ្ជាក់ថា៖ «បង្កើតមុខរបរ ឬរកមុខរបរឱ្យពួកគាត់ធ្វើអីផ្សេងក្រៅពីមករើសសំរាម ហើយពួកគាត់មែនទែនទៅគាត់មិនរកចំណូលបានប៉ុន្មានទេ មែនបានន័យថា មែនដេញចេញពួកគាត់ចេញទេ ប៉ុន្តែអាចជួយ យ៉ាងហោចណាស់ក៏បានជួយគាត់ការពារសុវត្ថិភាពពួកគាត់ ព្រោះនៅតំបន់ហ្នឹងមើលទៅដូចជាអាជ្ញាធរអីហ្នឹងមិនដែលទៅអើត មិនដែលទៅអើពើសម្រាប់ពួកគាត់ទេ ថាជារឿងមួយពិបាកដែរសម្រាប់ពួកគាត់»។
លោក អ៊ុន ចាន់ត្រា ដែលជាអ្នករស់នៅក្បែរទីលានចាក់សំរាមជើងឯកបាននិយាយថា ដើម្បីជីវភាព លោកនឹងនៅប្រកបរបរដែលនៅក្បែរកន្លែងចាក់សំរាមនេះ បើទោះបីជាមានការផ្លាស់ប្តូរទីលានចាក់សំរាមទៅកន្លែងផ្សេងក៏ដោយ។
លោកនិយាយទាំងទឹកមុខស្រពោនថា៖ «បើយើងវាទាល់មែនទែនហើយ សំរាមនៅណាគឺទៅតាមសំរាមហ្នឹងតែម្តង។ មនុស្សហ្នឹងអត់មានឱ្យសំរាមទៅឆ្ងាយ បើចង់ទៅឆ្ងាយកាន់តែតាមទៅទៀត ទោះជាទៅណាក៏ទៅតាមទៅទៀត ព្រោះមនុស្សវាអស់រលីង វាអស់ជម្រើសហ្នឹង ហើយ»៕