លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ ថ្លែងថា កីឡាបានដើរតួនាទីសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាននូវសុខដុមនីយកម្មនៅក្នុងសង្គមជាតិ។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកកីឡាថ្នាក់ជាតិលើកទី៣ និងកីឡាជាតិបារ៉ាហ្គេមលើកទី១ ក្នុងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឡើងនៅស្តាតមរតកតេជោ ក្នុងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ លើកកម្ពស់សុខភាពល្អ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
លោកនាយករដ្ឋមន្រ្តីក៏បន្ថែមថា៖ «ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់។ វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ»។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន ៣៨ និងកីឡាជាតិប៉ារ៉ាហ្គេម មានចំនួន ៧ប្រភេទ ដែលសរុបមាន៤០៥វិញ្ញាសា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសារនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប៕