លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ ថ្លែង​ថា ​កីឡា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ ការ​ពង្រឹង​សាមគ្គីភាព​ និង​មិត្តភាព​ ដែល​រួម​ចំណែក​ដល់​ការ​បង្កើន​មូលធន​សង្គម​ និង​ការ​សម្រេច​បាន​នូវ​សុខដុមនីយកម្ម​នៅ​ក្នុង​សង្គម​ជាតិ​។

លោក​​ ហ៊ុន សែន ថ្លែង​បែបនេះ​ ក្នុង​ពិធី​បើក​កីឡា​ថ្នាក់ជាតិ​លើក​ទី​៣​ និង​កីឡា​ជាតិ​បារ៉ា​ហ្គេម​លើក​ទី១​ ក្នុង​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ដែលធ្វើ​ឡើង​នៅ​ស្តាតមរតកតេជោ ក្នុង​រាជធានី​ភ្នំពេញ។​

​លោក​ថ្លែង​ថា​៖ «ព្រឹត្តិការណ៍​កីឡា​ផ្តល់​ឱកាស​ល្អ​សម្រាប់​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ និង​បទ​ពិសោធន៍​ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ និង​ជា​សិល្បៈ​​​ការពារ​ខ្លួន​របស់​ប្រទេសជាតិ​ ព្រម​ទាំង​ជួយ​បំផុស​ស្មារតី​មហាជន​ឱ្យ​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​ និង​លើក​កម្ពស់​កិត្តិសព្ទ​កីឡា​របស់​ជាតិ​ឱ្យ​កាន់​តែ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែម​ថា កីឡា​រួម​ចំណែក​ដល់​ការ​ពង្រឹង​រាងកាយ​ឱ្យ​មាន​ភាព​រឹងមាំ​ លើក​កម្ពស់​សុខភាព​ល្អ​​ និង​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិត​ភាព​ ពលកម្ម​ និង​ការ​កសាង​មូលធន​មនុស្ស​សម្រាប់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​​។

លោក​នាយករដ្ឋមន្រ្តី​ក៏​បន្ថែម​ថា​៖ «ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​រស់នៅ​ដោយ​សេចក្តី​រីករាយ​ ងាយ​ចាប់​យក​ចំណេះដឹង​ និង​បច្ចេក​វិទ្យា​ថ្មីៗ​ ព្រម​ទាំង​មាន​ការ​តាំងចិត្ត​ និង​ក្ដីសង្ឃឹម​ខ្ពស់​ ក្នុង​ការ​បង្កើន​ជំនាញ​ និង​មូលធន​មនុស្ស​ តាម​រយៈ​ការ​សិក្សា​បន្ថែម​ពេញ​មួយ​ជីវិត​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ជា​ប្រចាំ​ សម្រាប់​រួម​ចំណែក​ដល់​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ដែល​មាន​គុណភាព​ និង​ផលិត​ភាព​ខ្ពស់​។ វិស័យ​កីឡា​ពិត​ជា​ដើរ​តួ​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវ​កាយ​រឹងមាំ​ លើក​កម្ពស់​សុខភាព​ផ្លូវចិត្ត​ បង្កើន​ផលិត​ភាព​ការងារ​ កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ លើក​កម្ពស់​គុណភាព​ជីវិត​ និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​»។

គួរ​បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី​៣ ​ឆ្នាំ​២០២២​ មាន​ប្រភេទ​កីឡា​ចំនួន​ ៣៨​ និង​កីឡា​ជាតិ​ប៉ារ៉ា​ហ្គេម​ មាន​ចំនួន​ ៧​ប្រភេទ​ ដែល​សរុប​មាន​៤០៥​វិញ្ញាសា​។ ការ​ប្រកួត​តាម​ប្រភេទ​កីឡា​ និង​វិញ្ញាសារ​​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កែប​ កំពត​ ព្រះសីហនុ​ និង​ខេត្ត​សៀមរាប​៕