ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ ដោយបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារឱ្យបានខ្ជាប់ខ្ជួន។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានលើកយកសាររបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានផ្សាយលើបណ្ដាញសង្គមធ្វីតធឺ (Twitter) នាថ្ងៃចន្ទ ទី២១ ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់ ក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកលឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខ។ លោកស្រីក៏បានរំឮកឱ្យប្រជាពលរដ្ឋបន្តការអនុវត្តវិធានការសុខាភិបាល ៣ការពារឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពសុំាសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្ដន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៨,០៣៥នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ៣,០៥៦នាក់៕