នៅកម្ពុជា ការផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារបារី ឬផលិតផលថ្នាំជក់មានច្រើន ប៉ុន្តែអ្នកប្រើប្រាស់ផលិតផលថ្នាំជក់នៅតែប្រងើយកន្តើយចំពោះការអប់រំផ្សព្វផ្សាយទាំងនោះ។ កាលពីខែ មិនា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណ: ប៉ុន្តែជារឿយៗ គេនៅតែឃើញមានអ្នកជក់បន្តជក់ទាំងនៅទីប្រជុំជន និងទីកន្លែងសាធារណៈនានាដដែល។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ម៉ៅ ស៊ីនាត និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
Q. ជម្រាបសួរលោកវេជ្ជបណ្ឌិត មុំ គង់!
A. បាទ ជម្រាបសួរ។
Q. តើការជក់បារីនៅកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា ឬកម្រិតណាដែរ?
A. បាទបើនិយាយពីការជក់បារីនៅកម្ពុជាយើង ឃើញថាបើនិយាយពីប្រេវ៉ាឡង់ ឬមួយអត្រាអ្នកជក់បារីបានថយចុះ ប៉ុន្តែបើនិយាយពីចំនួនអ្នកជក់បារីអត់ថយចុះទេ មានន័យថាប្រហាក់ប្រហែលទៅនឹង១០ឆ្នាំមុនដែរ គឺមានន័យថា អ្នកប្រើប្រាស់ អ្នកជក់បារីនឹងជាង១លាននាក់កន្លះ ហើយមានអ្នកចុកថ្នាំប្រហែលជាកន្លះលាន។ អ៊ីចឹងសរុបមកយើងមានអ្នកប្រើប្រាស់ថ្នាំជក់ជាង២លាននាក់។ កាលពី១០ឆ្នាំមុនក៏យើងមានចំនួនប៉ុណ្ណឹងឥឡូវនេះក៏យើងមានចំនួនប៉ុណ្ណឹងដដែល ទោះបីជាហៅថាអត្រាអ្នកជក់បារី ឬក៏ប្រេវ៉ាឡង់អ្នកជក់បារីថយចុះក៏ដោយ បាទ។ អ៊ីចឹងដោយសារថាអត្រាចំនួនអ្នកជក់បារីយើងនៅថេរ អ៊ីចឹងធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារអ្នកជក់បារីគឺ១៥,០០០នាក់ជារៀងរាល់ឆ្នាំ ហើយបើគិតពីមួយថ្ងៃៗគឺប្រហែលជា៤០នាក់ក្នុងមួយថ្ងៃ។
Q. តើអ្នកប្រើប្រាស់ថ្នាំជក់នៅទីក្រុង និងនៅតាមជនបទមួយណាមានកម្រិតច្រើនជាង? ហេតុអ្វី?
A. បាទ! ជាទូទៅបើយើងសង្កេតឃើញនឹងវាអត់បញ្ជាក់ថានៅតាមទីក្រុង ឬក៏នៅតាមជនបទទេដែលមានការជក់បារីច្រើនជាង ប៉ុន្តែយើងផ្ដោតទៅលើថាមុខរបបរបស់គាត់វិញ។ អញ្ចឹងប្រជាពលរដ្ឋដែលជាទូទៅមានប្រាក់ចំណូលខ្ពស់ ហើយនិងមានការងារធ្វើ ដូចថាជាកាងារមានជំនាញពិតប្រាកដ បើមានទំនោរជក់បារី តិចជាងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ហើយនិងមានគេហៅថាគាត់ប្រកបមុខរបរប្រើប្រាស់កម្លាំងពលកម្ម។
Q. តើលោកជ្រាបទេថា អ្នកដែលប្រើប្រាស់ថ្នាំជក់ច្រើនជាងគេនៅកម្ពុជាស្ថិតនៅក្នុងវ័យណា? ហើយមានកត្តាអ្វីខ្លះដែលបណ្ដាលឲ្យពួកគាត់ប្រើប្រាស់វា?
A. បាទ! យើងឃើញថាអ្នកជក់បារីនឹងគឺមានគ្រប់វ័យទាំងអស់ ហើយជាពិសេសបើតាមការស្រាវជ្រាវរបស់ក្រសួងផែនការបានបញ្ជាក់ថា ប្រជាពលរដ្ឋ ក្រុមប្រជាពលរដ្ឋដែលជក់បារីច្រើនជាងគេ គឺក្រុមដែលគាត់រកបានការងារធ្វើ មានន័យថាគាត់ចាប់ផ្ដើមរកមានការងារធ្វើគាត់ចាប់ផ្ដើមជក់អ៊ីចឹង។
មានកត្តាច្រើនដែលបណ្ដាលឲ្យប្រើប្រាស់ថ្នាំជក់ ទីមួយគឺថ្នាំជក់បារី នៅស្រុកយើងមានតម្លៃថោក បើធៀបនឹងប្រទេសជិតខាងគឺយើងស្ថិតនៅក្នុងចំណោមប្រទេសដែលមានបារីថោក កាលណាមានបារីថោកជំរុញឲ្យមានអ្នកជក់ច្រើន ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងកុមារផងដែរ។ ទីពីរថ្វីត្បិតតែយើងបានថាហាមឃាត់ការផ្សាយពាណិជ្ជកម្មដោយច្បាប់ក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះក៏នៅតែមានការផ្សាយពាណិជ្ជកម្មដែលជំរុញឲ្យយុវជន និងកុមារចាប់ផ្ដើមជក់ផងដែរ តាមរយៈផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលបិទនៅតាមហាងកាហ្វេតូចៗនៅតាមកន្លែងលក់បារីក៏ដូចជានៅតាមការផ្សាយពាណិជ្ជកម្មតាមរយៈគេហៅថាតាមរយៈស្ដ្រីដើរលក់បារីជាដើម។
Q. កាលពីខែ មិនា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពី វិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណ: ប៉ុន្តែបច្ចុប្បន្នយើងឃើញនៅមានមនុស្សមួយចំនួននៅតែមានការប្រើប្រាស់ថ្នាំជក់នៅតាមសាធារណ:ដដែល។ តើលោកយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ?
A. តាមពិតទៅរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យហាមជក់បារីនៅតាមកន្លែងធ្វើការ និងកន្លែងសាធារណៈ អ៊ីចឹងរាល់កន្លែងដែលមានដំបូល មិនថាកន្លែងនឹងកន្លែងធ្វើការ ឬកន្លែងសាធារណៈ សំដៅដល់ភោជនីយដ្ឋាន សណ្ឋាគារ ឬកន្លែងដែលបើកឲ្យសាធារណៈជនប្រើប្រាស់នឹង គឺយើងត្រូវហាមឃាត់ទាំងអស់ឲ្យតែមានដំបូល។ អ៊ីចឹងយើងឃើញថាបច្ចុប្បន្ននេះយើងអនុវត្ដបាន មួយចំនួនក៏អនុវត្ដបានល្អ មួយចំនួនទៀតអត់អនុវត្តបានល្អនៅឡើយ។ ហើយក៏យើងមានទីក្រុងមួយចំនួនដែលកំពុងតែត្រៀមខ្លួនប្រកាស ដែលជាទីក្រុងគ្មានផ្សែងបារីដែរ។ ហើយនេះក៏ជាវឌ្ឍនៈភាពរបស់យើងរួម។ ប៉ុន្ដែក៏នៅមានកន្លែងមួយចំនួន ជាពិសេសគឺកន្លែងដែលមានការ ឬថាកន្លែងកម្សាន្ដក៏ដូចជាខារ៉ាអូខេ រង្គសាលជាដើមនឹង ការអនុវត្ដនៅមានកម្រិតនៅឡើយ ទាមទារឲ្យមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ហើយពីប្រជាពលរដ្ឋ ហើយពីអ្នកស្ថាប័នដែលមានសមត្ថកិច្ច ទើបជួយជំរុញឲ្យមានការអនុវត្ដបានល្អ។
Q .តើការប្រើប្រាស់ថ្នាំជក់បានផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់ និងអ្នកដែលនៅជុំវិញខ្លួន?
A. បាទ! វាធ្វើឲ្យកើតមានជំងឺជាច្រើនមុខ។ ហើយអ្វីខ្លះនោះខ្ញុំសូមមិននិយាយទេទុកឲ្យអ្នកសួរស្វែងរកនៅតាមវែបសាយ ព្រោះវាជាចំណេះដឹង និងជាព័ត៌មានយ៉ាងសាមញ្ញ មិនថាចំពោះអ្នកជក់ ឬអ្នកដែលស្រូបផ្សែងបារីទេ។
Q .ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាយើងគួរមានវិធានការយ៉ាងដូចម្ដេច?
A. បាទ! វិធានការដែលមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ ទីមួយគឺត្រូវដំឡើងពន្ធថ្នាំជក់ខ្ពស់ ព្រោះបារីនៅស្រុកយើងគឺមានតម្លៃទាប អ៊ីចឹងវាជំរុញឲ្យមានអ្នកជក់។ កាលណាយើងដំឡើងពន្ធឲ្យខ្ពស់ មានន័យថាយើងកាត់បន្ថយជក់ ហើយរដ្ឋក៏ប្រមូលបានថវិកាបន្ថែមទៀត។ បាទ! ទីពីរនឹងគឺយើងត្រូវបិទឲ្យបានទាំងស្រុងការផ្សាយពាណិជ្ជកម្មថ្នាំ ជក់បារីដែលជំរុញឲ្យយុវជនប្រើប្រាស់ឲ្យស្របទៅនឹងច្បាប់ដែលយើងមានរួចហើយ។ ហើយទីបី យើងបន្តអប់រំប្រជាពលរដ្ឋឲ្យយល់ពីគ្រោះថ្នាក់ពីការប្រើប្រាស់តាមរយៈការផ្សព្វផ្សាយអំពីសុខភាពប្រចាំថ្ងៃ។
Q: ចា៎ស! អគុណច្រើនលោកវេជ្ជបណ្ឌិត។
A: បាទ! អគុណច្រើន៕