ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិមនុស្ស ព្រមទាំង​អ្នកសារព័ត៌មាន បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់នៃសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលបានបង្កើតច្បាប់ និងអនុក្រឹត្យផ្សេងៗដើម្បីគ្រប់គ្រង។

មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាយឯករាជ្យ (CCIM) និង Engage Media បានបង្កើតវេទិកាកម្ពុជា ស្តីពីសិទ្ធិឌីជីថល​ ដោយមានរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២២ និង២៣ ខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាច្រើននាក់។

លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋាន​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្ យ(CCIM) បានប្រាប់ Newsroom Cambodia ថា លោកស្រីមើលឃើញពីសិទ្ធិឌីជីថលនៅកម្ពុជាបច្ចុប្បន្នគឺមានការរិតត្បិតជាពិសេសសម្រាប់អ្នកសារព័ត៌មានធ្វើការតាមប្រព័ន្ធអនឡាញ។

លោកស្រីថា៖ «នៅក្នុងពេលបច្ចុប្បន្ននេះពាក់ព័ន្ធនឹងរឿង Digital Right [សិទ្ធិឌីជីថល] សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់អង្គការ ឬក៏អ្នកសារព័ត៌មានគឺមានការរិតត្បិត ដោយសារសម័យនេះជាសម័យឌីជីថល ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានគាត់បានដូរពីកាសែត Traditional [ប្រពៃណី] ដូចជាការសរសេរអត្ថបទរួចធ្វើការបោះពុម្ភ ដូរមកជាការផ្សាយតាមរយៈអនឡាយ ឬក៏តាមរយៈ Social Media [បណ្តាញសង្គម] វាមានលក្ខណៈលឿនឆាប់រហ័ស។»

លោកស្រី ឆន សុគន្ធា

«ប៉ុន្តែវាក៏មានការប្រឈមមួយចំនួនដូចជារដ្ឋាភិបាលមានការរិតត្បិតទៅដល់អ្នកប្រើប្រាស់អ៊ីនធឺណេត Internet Freedom សេរីភាពអ៊ីនធឺណេត គឺទៅតាមការបង្កើតជាអនុក្រឹត ឬបង្កើតច្បាប់ដើម្បីត្រួតពិនិត្យ ឬក៏ទុកនូវឯកសារមួយចំនួន ទោះបីជាមានការពន្យល់ ឬការយល់ខុសគ្នារវាងសម្រាប់អង្គការដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល»។

លោកស្រីបានបន្ថែមថា អនុក្រឹតស្តីពីច្រកទា្វរអ៊ីនធឺណិតនេះមានបំណងគ្រាន់តែចង់គ្រប់គ្រងលើក្រុមហ៊ុនដែលផ្តល់អ៊ីនធឺណិត ប៉ុន្តែមាត្រាខ្លះបែរជាមានលក្ខណៈរិតត្បិត និងប៉ះពាល់ដល់សិទ្ធិសេរីភាពលើប្រព័ន្ធឌីជីថល។

លោកស្រីថា៖ «អនុក្រឹត្យស្តីពីចក្រទ្វារអ៊ីនធឺណេតតែមួយនេះបានអនុម័តនៅក្នុងខែ២ ឆ្នាំ២០២១ អ៊ីចឹងវត្ថុបំណងនៅក្នុងអនុក្រឹត្យនេះគ្រាន់តែចង់ធ្វើការគ្រប់គ្រងដល់ក្រុមហ៊ុន ឬក៏អ្នកដែលផ្តល់សេវាអ៊ីនធឺណេត ប៉ុន្តែខ្ញុំមើលឃើញមាត្រាមួយចំនួននៃអនុក្រឹតនេះមានលក្ខណៈរិតត្បិត ហើយការបកស្រាយវាមានលក្ខណៈទូលំទូលាយ ដូច្នេះបានជាអង្គការដែលគាត់ធ្វើការពាក់ព័ន្ធនឹងសិទិ្ធឌីជីថលស្នើសុំឱ្យមានការបកស្រាយពីខាងក្រសួងប្រៃសណីយ៍ឱ្យបានច្បាស់លាស់ កុំឱ្យមានការយល់ខុសគ្នារវាងភាគីពាក់ព័ន្ធ»។

លោក ស៊ីម សុភក្តិ មន្រ្តីផ្នែកទំនាក់ទំនងនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) បានលើកឡើងថា លោកមើលឃើញពីសិទ្ធិសេរីភាពលើប្រព័ន្ធឌីជីថលនៅមានការរិតត្បិតនៅឡើយ ហើយនៅពេលដែលរដ្ឋាភិបាលបានបង្កើតច្បាប់ច្រកអ៊ីនធឺណេតជាតិគួរតែមានការចូលរួមពីសំណាក់សង្គមស៊ីវិលដែលជាហេតុនាំឱ្យផលប៉ះពាល់បញ្ហាផ្សេងៗ។

លោកថា៖ «ខ្ញុំយល់ឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងមានការរិតត្បិតទៅលើសិទ្ធិសេរីភាពនៅលើប្រព័ន្ធឌីជីថល ហើយជាទូទៅរដ្ឋាភិបាលហ្នឹងគាត់បង្កើតច្បាប់NIG (National Internet Gateway ច្រកទ្វារអ៊ីនធឺណេតជាតិ) ដោយមានច្បាប់ខ្លះនៅព្រាងនៅឡើយ។»

«នៅពេលដែលគាត់ចងក្រង ឬក៏បង្កើតឡើងហ្នឹងគឺគាត់អត់យកធាតុចូលពីNGOs ឬក៏សមាគមអង្គការដែលគាត់ធ្វើការទៅលើសិទ្ធិមនុស្ស ឬក៏បម្រើផលប្រយោជន៍ទៅដល់សាធារណជនទេ អ៊ីចឹងនៅពេលដែលបង្កើតច្បាប់ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថាប័នដែលធ្វើការពីរឿងសិទ្ធិមនុស្ស ធ្វើការទៅរឿងសេរីភាពសារព័ត៌មាន ឬក៏អង្គការផ្សេងៗដែលគាត់ធ្វើការទៅលើផ្នែកហ្នឹង»។

លោក ស៊ីម សុភក្តិ

លោក សុភក្តិបានបន្តថា រដ្ឋាភិបាលគួរតែបើកការជជែកជាមួយសា្ថប័នពាក់ព័ន្ធជាមុនសិន ទើបសម្រេចអនុម័តប្រើប្រាស់ទៅលើច្បាប់ណាមួយ។

លោកថា៖ «ទីមួយ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយជាមុនសិន មុននឹងដាក់ច្បាប់មួយឱ្យចេញជាផ្លូវការឬក៏សម្រេច។ ទីពីរគាត់គួរតែបើកឱ្យទូលាយនៅក្នុងការជជែកពាក់ព័ន្ធដូចជា ក្រុមអង្គការសង្គមស៊ីវិល ក្រុមដែលធ្វើការលើរឿងសិទ្ធិមនុស្ស សកម្មជនឱ្យគាត់បានដឹងចូលជាមតិក្នុងការបង្កើតច្បាប់ហ្នឹងឡើង ដើម្បីឱ្យគ្រប់គូភាគីចូលរួមក្នុងការជជែកដោយជជែកក្នុងន័យរួម ដើម្បីបម្រើជាផលប្រយោជន៍រួមក្នុងសហគមន៍»។

អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយសារថាលោកទើបមកពីបរទេស ហើយបង្វែរឱ្យទៅសួររដ្ឋលេខាធិការក្រសួង លោក សូ វិសុទ្ធី វិញ ប៉ុន្តែមិនមានការឆ្លើយពីលោក សូ វីសុទ្ធី មកNewsroom Cambodiaបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

គួរបញ្ជាក់ដែលថា កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងក្រោយមកបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីឧក្រិដ្ឋកម្មបច្ចេកវិទ្យា និង​សុវត្ថិភាពអ៊ិនធឺណិត ជាដើម ដោយការបង្កើតច្បាប់ទាំងនេះបានធ្វើឱ្យក្រុមសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

មាត្រា៦ នៃអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណេតជាតិ បានកំណត់ឱ្យក្រុមហ៊ុនឬប្រតិបត្តិករត្រូវផ្ដល់អំពីស្ថានភាព គុណភាព និងក្រាហ្វិច នៃការតភ្ជាប់បណ្ដាញជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយត្រូវសហការជាមួយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់ផ្ដាច់ចោលរាល់ការតភ្ជាប់បណ្ដាញទាំងឡាយណាដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ជាដើម។

មាត្រា១៤ នៃច្បាប់ដដែលនេះបានចែងថា ក្រសួងមានសិទ្ធិត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញ រួមទាំងគ្រឿងសម្ភារបរិក្ខារនៃច្រកទ្វារអ៊ីនធឺណិតក្នុងករណីចាំបាច់ និងត្រូវផ្ដល់ព័ត៌មានផ្សេងទៀត។ លើសពីនេះ ​ប្រតិបត្តិករត្រូវរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋាន និងកំណត់ផ្លូវនៃក្រាហ្វិកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណេតជាតិរយៈពេល១២ខែចុងក្រោយ។

​យ៉ាងណា អនុក្រឹត្យនេះបានបញ្ជាក់ថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងសម្របសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនិងការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់៕