ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីភាពជាដៃគូ» របស់ក្រុមហ៊ុន YouTube បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) ដើម្បីឱ្យអ្នកផលិតវីដេអូតាម YouTube ម្ពុជាអាចរកចំណូលវិញបាន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បាននិយាយថាបន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល(Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង You Tube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ដដែលបញ្ជាក់ថា៖ «ជាលទ្ធផល ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការកម្មវិធីភាពជាដៃគូ (You Tube Partner Program) នៅព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបានព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២តទៅ»។
គួររំលឹកដែរថា ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ត និងនវានុវត្តន៍ជាដើម ទាំងនេះជាផ្នែកមួយជួយជម្រុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា៕