អ្នកសារព័ត៌មាន និងសង្គមស៊ីវិល ជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រួលការចុះយកព័ត៌មាន ក្រោយរងការរិតត្បិតពីអាជ្ញាធរក្នុងការចុះយកព័ត៌មាន និងរាយការណ៍អំពីការបោះឆ្នោតនាពេលកន្លងទៅ។
ក្រុមអ្នកសារព័ត៌មានបានលើកឡើងអំពីបញ្ហាប្រឈមរបស់ពួកគេក្នុងការរាយកាណ៍ព័ត៌មានអំឡុងពេលបោះឆ្នោត ក្នុងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានពលរដ្ឋ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកស្រី កាន់ វិច្ឆិកា អ្នកសារព័ត៌មានប្រចាំវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានលើកឡើងថា កាលអំឡុងពេលដែលអ្នកស្រីបានទៅរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតឃុំសង្កាត់ក្នុងសង្កាត់មួយក្នុងរាជធានីភ្នំពេញ តែបែរជាត្រូវអាជ្ញាធរប្រាប់ឱ្យក្រុមការងាររបស់អ្នកស្រីថយឆ្ងាយ១០០ម៉ែត្រពីការិយាល័យបោះឆ្នោត។
អ្នកស្រីបានបន្តថា ក្រោយពេលដែលអ្នកស្រីបានទាក់ទងទៅ គ.ជ.ប ទើបក្រុមការងាររបស់អ្នកស្រីអាចចូលទៅរាយការណ៍ព័ត៌មានក្បែរការិយាល័យបោះឆ្នោតបាន។
អ្នកស្រីថា៖ «នៅពេលដែលនាងខ្ញុំទាញមេក្រូដើម្បីឡាយ [Live] គឺខាងដូចជាសមត្ថកិច្ចម្នាក់ គាត់ស្លៀកពាក់បែបជាប៉េអឹម ពេលនោះគាត់ជាអ្នកប្រចាំការនៅទីនោះ គាត់បានឱ្យទៅ១០០ម៉ែត្រពីការិយាល័យ ហើយពេលហ្នឹងខ្ញុំគិតថាគ.ជ.ប ដូចជាមិនបានប្រាប់ចឹងទេ។ ខ្ញុំក៏ខលទៅសួរឯកឧត្តម ហង្ស ពុទ្ធា ពាក់ព័ន្ធទៅនឹងករណីហ្នឹង អ៊ីចឹងក្រោយពីការសួរហើយហ្នឹង មិនដឹងថាមេគាត់ជាប្រាប់ឬក៏មិនដឹង ក៏គាត់ដើរមកប្រាប់ឱ្យទៅក្បែរការិយាល័យបាន មិនចាំបាច់ទៅដល់១០០ម៉ែត្រទេ នេះជារឿងទី១។ ប៉ុន្តែក្នុងអំឡុងចុះយកព័ត៌មាននៅពេលហ្នឹង នៅតែប្រឈមនឹងការអត់ឱ្យចូលកៀកដដែល»។
មិនខុសគ្នាប៉ុន្មាន អ្នកសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) លោក សេង ថៃ បាននិយាយថា នៅពេលដែលលោកចុះរាយការណ៍ព័ត៌មានពីយុទ្ធាការបោះឆ្នោតខាងមន្ត្រីគណបក្សកាន់អំណាចហាក់បីជាមិនព្រមសហការណ៍ជាមួយអ្នកសារព័ត៌មាន។
លោកថា៖ «នៅពេលខ្ញុំចុះទៅយកព័ត៌មានពីយុទ្ធនាការបោះឆ្នោតនេះ បានជួបករណីមួយដោយសារមន្រ្តីគណបក្សកាន់អំណាចហ្នឹង ពេលដែលយើងចុះព័ត៌មានទាក់ទងនឹងដំណើរការឃោសនាបោះឆ្នោតគាត់ហាក់បីដូចជាមិនសូវសហការណ៍ជាមួយខាងសារព័ត៌មានយើងទេ។ មានន័យថាយើងចង់ណាត់សម្ភាសន៍ ពីព្រោះ VOD បានផ្តល់វេទិកាស្មើៗគ្នាទៅដល់គណបក្សនយោបាយសំខាន់ៗ អ៊ីចឹងយើងសុំគាត់សម្ភាសន៍មិនថាមន្ត្រីថា្នក់ណាទេ គឺគាត់មិនផ្តល់កិច្ចសហការណ៍ទេ នេះជាចំណុចមួយ»។
លោកបន្ថែមថា បើទោះជាពួកគេបានយល់ព្រមក្តី ប៉ុន្តែមន្រ្តីទាំងអស់នោះបានថតកាតសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានដែលជាហេតុលោកចាត់ទុកថាជាការរើសអើង និងគំរាមគំហែងដល់អ្នកសារព័ត៌មាន។
លោកថា៖ «តែពេលថ្នាក់លើគាត់ឱ្យហើយ គាត់តែងតែសុំកាតយើងថតទៀត ដើម្បីផ្ញើទៅខាងណាខ្ញុំមិនដឹងដែរ ចំណុចនេះមួយខ្ញុំចាត់ទុកថាជាការរើសអើង ឬក៏ជាការគំរាមគំហែងដោយមិនប្រយោលមួយ ពីព្រោះថាយើងមិនដឹងថាគាត់ថតដើម្បីធ្វើអ្វីទេ»។
ទន្ទឹមនឹងនេះ នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោក អ៊ិត សូធឿត លើកឡើងថា នៅតែមានសកម្មភាពរិតត្បិតផ្សេងៗ ក៏ដូចជាការគំរាមគំហែងដោយប្រយោលកើតមានទៅលើអ្នកសារព័ត៌មានអំឡុងយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត បើទោះបីពួកគេមានលិខិតបញ្ជាក់ពីក្រសួងព័ត៌មាន និង គ.ជ.ប.។
លោកថា៖ «ប៉ុន្តែការអនុវត្តជាក់ស្តែង ពួកគាត់ត្រូវសុំការអនុញ្ញាតពីប្រធានការិយាល័យ អានេះជាបញ្ហាដែលបញ្ហាមកពីការបកប្រែអត្ថន័យផ្សេងគ្នា។ វាដូចគ្នានឹងច្បាប់ស្តីពីអង្គការសង្គមស៊ីវិលហ្នឹងដែរ គឺកន្លងមក ក្រសួងមហាផ្ទៃ តម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរ ប៉ុន្តែការអនុវត្តជាក់ស្តែងបែរជាតម្រូវឱ្យសុំច្បាប់ទៅវិញ នេះជាបញ្ហា»។
លោក សូធឿត កត់សម្គាល់ថា អ្នកសារព័ត៌មានដែលអាចចុះទៅយកព័ត៌មាននៅកន្លែងបោះឆ្នោត ពួកគេមានទាំងបណ្ណដែលទទួលស្គាល់ពីក្រសួងព័ត៌មាន រួមទាំងប័ណ្ណព័ត៌មានដែលទទួលស្គាល់ដោយ គ.ជ.ប. តែពេលទៅដល់កន្លែងបោះឆ្នោត អាជ្ញាធរបែរតម្រូវឱ្យពួកគេសុំការអនុញ្ញាតពីប្រធានការិយាល័យបន្ថែមទៀត ទើបអាចយកព័ត៌មានពីសកម្មភាពបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន បើទោះបី គ.ជ.ប. មិនបានហាម។ ករណីនេះ លោកជំរុញឱ្យ គ.ជ.ប. ពិនិត្យឡើងវិញ ដើម្បីឱ្យអ្នកសារព័ត៌មានអាចបំពេញតួនាទីដោយគ្មានការភ័យខ្លាច។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងដែរថា ការចូលរួមរបស់អ្នកសារព័ត៌មាន និងការគាំទ្រពីបណ្ដាប្រទេសម្ចាស់ជំនួយ រួមទាំងដៃគូពាក់ព័ន្ធ ក្នុងការលើកស្ទួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត បានរួមចំណែកផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ លោកបន្ថែមថា តាមរយៈសកម្មភាពទាំងអស់នេះ ពលរដ្ឋជាម្ចាស់ឆ្នោតអាចឈ្វេងយល់ពីដំណើរការបោះឆ្នោត ពីគណបក្សនយោបាយ តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យពួកគេមានលទ្ធភាពតាមដាននិងសម្រេចចិត្តនៅថ្ងៃបោះឆ្នោត។
លោកថា៖ «តាមរយៈសកម្មភាពទាំងអស់នេះគឺយើងបានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មានឯករាជ្យ និងគ្រប់ជ្រុងជ្រយទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត នៅក្នុងការស្វែងយល់អំពីដំណើរការបោះឆ្នោត ស្វែងយល់អំពីគណបក្សនយោបាយ ស្វែងអំពីការងារ និងភារកិច្ច និងសកម្មភាពរបស់ស្ថាប័នពាក់ព័ន្ធដើម្បីពួកគាត់មានលទ្ធភាពនៅក្នុងការតាមដាន និងធ្វើការសម្រេចចិត្តនៅក្នុងការបោះឆ្នោត»។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អគ្គលេខាធិការរងនៃ គ.ជ.ប. លោក ម៉ុក ដារ៉ា ដែលបានចូលរួមកម្មវិធីនេះ អះអាងថា នឹងនាំយកបញ្ហាទាំងនេះទៅពិចារណាជាមួយថ្នាក់លើដើម្បីកែលម្អ។
លោកថា៖ «ក្នុងករណីបើមានករណីដូច្នេះមែន យើងខ្ញុំក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងយកគោលគំនិតនេះ ដើម្បីការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាធ្វើការបង្ហាត់បង្រៀនដល់ក្រុមទាំងឡាយនៃក្រុមគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យបានជ្រាប បានយល់ដឹងឱ្យច្បាស់ អំពីអី្វជានីតិវិធី អ្វីដែលជាក្រមសីលធម៌ដែលបានកំណត់»។
គួរបញ្ជា្កក់ដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ដោយឡែកកម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី ១៤៤ ក្នុងចំណោម ១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះ អង្គការនេះបានឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៤២ ក្នុងចំណោម ១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ៕