អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) សម្រួល​ការ​​ចុះ​យក​ព័ត៌មាន ក្រោយ​រងការរិតត្បិត​ពី​អាជ្ញាធរ​ក្នុងការ​​ចុះ​យក​ព័ត៌មាន និង​រាយការណ៍​អំពីការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ។​

​ក្រុមអ្នកសារព័ត៌មាន​បាន​លើកឡើង​អំពីបញ្ហា​ប្រឈម​​របស់​ពួកគេ​ក្នុងការ​រាយកាណ៍​ព័ត៌មាន​អំឡុង​ពេលបោះឆ្នោត ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​លើក​ទី​២​ ស្តីពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​តាម​ដាន​ និង​រាយការណ៍​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ ដែល​ធ្វើឡើង​​ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ អ្នក​សារព័ត៌មាន​អាជីព​ អ្នក​សារព័ត៌មាន​ពលរដ្ឋ​ និង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​។

អ្នកស្រី​ កាន់​ វិច្ឆិកា​ អ្នក​សារព័ត៌មាន​ប្រចាំ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA)​ បាន​លើក​ឡើង​ថា​ កាល​អំឡុង​ពេល​ដែល​អ្នកស្រី​បាន​ទៅ​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ តែ​បែរ​ជា​ត្រូវ​អាជ្ញាធរ​ប្រាប់​ឱ្យ​ក្រុម​ការងារ​របស់​អ្នកស្រី​ថយ​ឆ្ងាយ​១០០​ម៉ែត្រ​ពី​ការិយាល័យ​បោះ​ឆ្នោត​។

អ្នកស្រី​បាន​បន្ត​ថា​ ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ទាក់ទង​ទៅ​ គ.ជ.ប​ ទើប​ក្រុម​ការងារ​របស់​អ្នកស្រី​អាច​ចូល​ទៅ​រាយការណ៍​ព័ត៌មាន​ក្បែរ​ការិយាល័យ​បោះឆ្នោត​បាន​។

អ្នកស្រី​ថា​៖ «នៅ​ពេល​ដែល​នាង​ខ្ញុំ​ទាញ​មេក្រូ​ដើម្បី​ឡាយ​ [Live] គឺ​ខាង​ដូចជា​សមត្ថកិច្ច​ម្នាក់​ គាត់​ស្លៀកពាក់​បែប​ជា​ប៉េអឹម​ ពេល​នោះ​គាត់​ជា​អ្នក​ប្រចាំ​ការ​នៅ​ទីនោះ​ គាត់​បាន​ឱ្យ​ទៅ​១០០​ម៉ែត្រ​ពី​ការិយាល័យ​ ហើយ​ពេល​ហ្នឹង​ខ្ញុំ​គិតថា​គ.ជ.ប​ ដូចជា​មិន​បាន​ប្រាប់​ចឹង​ទេ​។ ខ្ញុំ​ក៏​ខល​ទៅ​សួរ​ឯកឧត្តម​ ហង្ស ពុទ្ធា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហ្នឹង​ អ៊ីចឹង​ក្រោយ​ពី​ការ​សួរ​ហើយ​ហ្នឹង​ មិន​ដឹង​ថា​មេ​គាត់​ជា​ប្រាប់​ឬ​ក៏​មិន​ដឹង​ ក៏​គាត់​ដើរ​មក​ប្រាប់​ឱ្យ​ទៅ​ក្បែរ​ការិយាល័យ​បាន​ មិន​ចាំ​បាច់​ទៅ​ដល់​១០០​ម៉ែត្រ​ទេ​ នេះ​ជា​រឿង​ទី១​។ ប៉ុន្តែ​ក្នុង​អំឡុង​ចុះ​យក​ព័ត៌មាន​នៅ​ពេល​ហ្នឹង​ នៅ​តែ​ប្រឈម​នឹង​ការ​អត់​ឱ្យ​ចូល​កៀក​ដដែល​»។

មិន​ខុស​គ្នា​ប៉ុន្មាន​ អ្នក​សារព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) លោក សេង ថៃ បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ចុះរាយការណ៍​ព័ត៌មាន​ពី​យុទ្ធាការ​បោះឆ្នោត​ខាង​មន្ត្រី​គណ​បក្ស​កាន់​អំណាច​ហាក់បីជា​មិន​ព្រម​សហការណ៍​ជាមួយ​អ្នក​សារព័ត៌មាន​។

លោក​ថា៖ «នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​យក​ព័ត៌មាន​ពី​យុទ្ធនាការ​បោះឆ្នោត​នេះ ​បាន​ជួប​ករណី​មួយ​ដោយ​សារ​មន្រ្តី​គណបក្ស​កាន់​អំណាច​ហ្នឹង​ ពេល​ដែល​យើង​ចុះ​ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​គាត់ហាក់បីដូចជា​មិន​សូវ​សហការណ៍​ជាមួយ​ខាង​សារព័ត៌មាន​យើង​ទេ។​ មាន​ន័យ​ថា​យើង​ចង់​ណាត់​សម្ភាសន៍​ ពីព្រោះ​ VOD បាន​ផ្តល់​វេទិកា​ស្មើៗ​គ្នា​ទៅ​ដល់​គណបក្ស​នយោបាយ​សំខាន់ៗ​ អ៊ីចឹង​យើង​សុំ​គាត់​សម្ភាសន៍​មិន​ថា​មន្ត្រី​ថា្នក់​ណា​ទេ​ គឺ​គាត់​មិន​ផ្តល់​កិច្ច​សហការណ៍​ទេ​ នេះ​ជា​ចំណុច​មួយ​»។

លោក​បន្ថែម​ថា បើទោះជា​ពួកគេ​បាន​យល់​ព្រម​ក្តី​ ប៉ុន្តែ​មន្រ្តី​ទាំងអស់​នោះ​បាន​ថត​កាត​សម្គាល់​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ដែល​ជា​ហេតុ​លោក​ចាត់​ទុក​ថា​ជា​ការ​រើសអើង​ និង​គំរាមគំហែង​ដល់​អ្នក​សារព័ត៌មាន​។

លោក​ថា៖ «តែ​ពេល​ថ្នាក់​លើ​គាត់​ឱ្យ​ហើយ គាត់​តែងតែ​សុំ​កាត​យើង​ថត​ទៀត​ ដើម្បី​ផ្ញើ​ទៅ​ខាង​ណា​ខ្ញុំ​មិន​ដឹង​ដែរ​ ចំណុច​នេះ​មួយ​ខ្ញុំ​ចាត់​ទុកថា​ជា​ការ​រើសអើង​ ឬ​ក៏ជា​ការ​គំរាមគំហែង​ដោយ​មិន​ប្រយោល​មួយ ពីព្រោះ​ថា​យើង​មិន​ដឹងថា​គាត់​ថត​ដើម្បី​ធ្វើអ្វី​ទេ​»។

ទន្ទឹមនឹងនេះ​ នាយកនៃនាយកដ្ឋាន​ប្រព័ន្ធផ្សព្វផ្សាយរបស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM) លោក អ៊ិត​ សូធឿត លើក​ឡើង​ថា នៅតែមានសកម្មភាពរិតត្បិតផ្សេងៗ ក៏ដូចជាការគំរាមគំហែងដោយប្រយោលកើតមានទៅលើអ្នកសារព័ត៌មានអំឡុង​យុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត បើទោះបីពួកគេមាន​លិខិត​បញ្ជាក់ពីក្រសួងព័ត៌មាន និង គ.ជ.ប.។

លោកថា៖ «ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​ ពួកគាត់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​ការិយា​ល័យ អានេះ​ជា​បញ្ហាដែល​បញ្ហា​មក​ពី​ការ​បក​ប្រែអត្ថន័យ​ផ្សេង​គ្នា។ វា​ដូចគ្នានឹងច្បាប់ស្តីពីអង្គការសង្គមស៊ីវិល​ហ្នឹងដែរ​ គឺកន្លងមក ក្រសួងមហាផ្ទៃ តម្រូវឱ្យជូនដំណឹងទៅអាជ្ញាធរ ប៉ុន្តែការ​អនុវត្តជាក់ស្តែង​បែរជា​តម្រូវ​ឱ្យ​សុំច្បាប់​ទៅ​វិញ នេះជា​​បញ្ហា»។

លោក សូធឿត កត់​សម្គាល់​ថា​ អ្នកសារព័ត៌មាន​ដែល​អាច​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​បោះ​ឆ្នោត ពួកគេមាន​ទាំង​បណ្ណ​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​ព័ត៌​មាន រួម​ទាំង​ប័ណ្ណព័ត៌មានដែលទទួលស្គាល់ដោយ គ.ជ.ប. តែពេល​ទៅ​ដល់​កន្លែង​បោះ​ឆ្នោត អាជ្ញាធរបែរ​តម្រូវ​ឱ្យពួកគេសុំការអនុញ្ញាត​ពីប្រធានការិយាល័យបន្ថែម​ទៀត ទើប​អាចយកព័ត៌មាន​ពី​សកម្មភាពបោះឆ្នោត និង​រាប់សន្លឹកឆ្នោតបាន បើទោះបី គ.ជ.ប. មិន​បានហាម។ ករណី​នេះ លោក​ជំរុញឱ្យ គ.ជ.ប. ពិនិត្យ​ឡើង​វិញ ដើម្បី​ឱ្យអ្នកសារព័ត៌មាន​អាចបំពេញតួនាទីដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងដែរ​ថា ការចូលរួមរបស់អ្នកសារព័ត៌មាន និងការគាំទ្រពីបណ្ដាប្រទេស​ម្ចាស់ជំនួយ រួមទាំងដៃគូពាក់ព័ន្ធ ក្នុងការលើក​ស្ទួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជា​ពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត បានរួមចំណែកផ្ដល់ព័ត៌មានគ្រប់​ជ្រុង​ជ្រោយ​ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ លោកបន្ថែមថា តាម​រយៈសកម្មភាពទាំងអស់នេះ ពលរដ្ឋជាម្ចាស់ឆ្នោតអាចឈ្វេងយល់ពីដំណើរការបោះឆ្នោត ពីគណបក្សនយោបាយ តួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ​ ដើម្បីឱ្យពួកគេមានលទ្ធភាពតាមដាន​និងសម្រេចចិត្តនៅថ្ងៃបោះឆ្នោត។

លោកថា៖ «តាមរយៈសកម្មភាពទាំងអស់នេះគឺយើង​បានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មានឯករាជ្យ និងគ្រប់ជ្រុងជ្រយទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត នៅក្នុងការស្វែងយល់អំពីដំណើរការបោះឆ្នោត ស្វែងយល់អំពីគណបក្សនយោបាយ ស្វែងអំពីការងារ និងភារកិច្ច និងសកម្មភាពរបស់ស្ថាប័នពាក់ព័ន្ធដើម្បីពួកគាត់មានលទ្ធភាពនៅក្នុងការតាមដាន និងធ្វើការសម្រេចចិត្តនៅក្នុងការបោះឆ្នោត»។

ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អគ្គលេខាធិការ​រងនៃ​ គ.ជ.ប. លោក ម៉ុក ដារ៉ា ដែល​បានចូលរួមកម្មវិធីនេះ អះអាងថា នឹង​នាំ​យកបញ្ហាទាំងនេះ​ទៅពិចារណាជាមួយថ្នាក់លើដើម្បីកែលម្អ។

លោកថា៖ «ក្នុងករណីបើមានករណីដូច្នេះមែន យើងខ្ញុំក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងយកគោលគំនិតនេះ ដើម្បីការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ក៏​ដូចជា​ធ្វើការបង្ហាត់​បង្រៀនដល់​ក្រុម​ទាំង​ឡាយ​នៃ​ក្រុមគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី​ឱ្យ​បាន​​ជ្រាប​ បានយល់ដឹង​ឱ្យច្បាស់ អំពីអី្វជា​នីតិវិធី អ្វីដែលជាក្រមសីលធម៌ដែលបានកំណត់»។

គួរបញ្ជា្កក់ដែលថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ សំរាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧។

ដោយឡែកកម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​ ១៤៤ ​ក្នុង​ចំណោម​ ១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សកល​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​ អង្គការ​នេះបាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៤២ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស។ ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ភាព​ល្អ​ប្រសើរនៅឡើយ​ទេ៕