រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់ទៅអភិបាលខេត្តរាជធានី ឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍័ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងរថយន្តដឹកសពរបស់មន្ទីរពេទ្យទៅលំនៅស្ថាន។
ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចេញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្ត បញ្ជាក់ថា ក្រសួងធ្លាប់បានណែនាំករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព ដែលស្លាប់នៅមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍ ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ទៅកាន់លំនៅស្ថានសព។
លិខិតរបស់លោក ម៉ម ប៊ុនហេង បញ្ជាក់ក្នុងន័យដើមថា៖ «កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាពដើម្បីសហការគ្នា ពង្រឹងសេរវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍»។
បើតាមទិន្នន័យរបស់ក្រសួង គិតក្នុងឆមាសទីមួយនៃឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន២៨ភាគរយ ដែលស្មើនឹង៣៤៨ករណី ធៀបទៅនឹងទិន្នន័យនៃឆមាសទី១នៃឆ្នាំ២០២១។ រីឯភាគរយអ្នកស្លាប់បានកើនឡើង៣៣ភាគរយ ដែលស្មើនឹងចំនួនអ្នកស្លាប់២៣៣នាក់ ហើយក្នុងអ្នកស្លាប់ទាំងនោះ ៨១ភាពរយ ឬស្មើនឹងចំនួន៧៥៦នាក់ គឺស្លាប់ក្រោយរងគ្រោះថ្នាក់ចរាចរណ៍ដោយប្រើម៉ូតូ ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះមាន៧៤ភាគរយគឺបានធ្វើដំណើរដោយមិនពាក់មួកសុវត្ថិភាព៕