រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រាប់​ទៅ​អភិបាល​ខេត្ត​រាជធានី ឱ្យ​ពង្រឹង​សេវា​សង្គ្រោះបន្ទាន់​​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ ដើម្បី​ជួយ​សង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​រងគ្រោះ​ថ្នាក់​ចរាចរណ៍័​ដោយ​មិន​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវាដឹកជញ្ជូន និង​រថយន្ត​ដឹកសព​របស់​មន្ទីរពេទ្យ​ទៅ​លំនៅ​ស្ថាន។

ក្នុង​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញនៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ បញ្ជាក់ថា ក្រសួង​ធ្លាប់​បាន​​ណែនាំ​ករណី​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​អ្នក​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​មិន​តម្រូវ​ឱ្យបង់​ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹកសព ដែល​ស្លាប់​នៅ​មន្ទីរ​ពេទ្យ ឬដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដឹកពី​មន្ទីរពេទ្យ ឬកន្លែង​គ្រោះ​ថ្នាក់​ទៅកាន់​លំនៅស្ថានសព។

លិខិត​របស់​លោក ម៉ម ប៊ុនហេង បញ្ជាក់​ក្នុងន័យ​ដើម​ថា៖ «កន្លងមក​មន្ទីរ​សុខាភិបាលនៃ​រដ្ឋបាល​រាជធានី-ខេត្តទាំងអស់​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ដើម្បី​សហការ​គ្នា​ ពង្រឹង​សេរវា​រថយន្ត​សង្គ្រោះបន្ទាន់​ ជាពិសេស​សម្រាប់​អ្នក​រងគ្រោះ​ថ្នាក់​ចរា​ចរណ៍​ បាក់​បែក​ឆ្អឹង ហូរ​ឈាម ឬ​សន្លប់ ត្រូវការ​សង្គ្រោះអាយុ​ជីវិត ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍»។​​

បើតាមទិន្នន័យ​របស់ក្រសួង គិតក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​​កើន​ឡើង​ចំនួ​ន​២៨​ភាគរយ​ ដែល​ស្មើនឹង​៣៤៨​ករណី ធៀប​ទៅនឹង​ទិន្នន័យ​នៃឆមាសទី១​នៃ​ឆ្នាំ​២០២១។ រីឯ​ភាគរយ​អ្នកស្លាប់​បានកើន​ឡើង​៣៣​ភាគរយ ដែលស្មើ​នឹង​ចំនួន​អ្នកស្លាប់​២៣៣​នាក់ ហើយ​ក្នុង​អ្នកស្លាប់​ទាំងនោះ ៨១ភាពរយ ឬស្មើ​នឹង​ចំនួន​៧៥៦​នាក់ គឺស្លាប់​ក្រោយ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ប្រើម៉ូតូ ក្នុងចំណោម​អ្នកបាត់បង់​ជីវិត​ទាំងនោះ​មាន​៧៤​ភាគរយ​គឺបាន​ធ្វើដំណើរ​ដោយមិនពាក់​មួកសុវត្ថិភាព៕​