អង្គការ សមាគម និងសហជីពចំនួន១៧ រួមគ្នាប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រគ្រប់ពេលវេលា គ្រប់ទីកន្លែង ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា តទៅ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការ សមាគម និងសហជីពដែលពាក់ព័ន្ធកាលពីចុងសប្តាហ៍មុនបញ្ជាក់ថា អង្គការសង្គមស៊ីវិល សមាគម និងសម្ព័ន្ធសហជីពដែលកំពុងធ្វើការចម្រុះវិស័យផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារសង្គម ប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «គាំពារស្រ្ដី និងក្មេងស្រ្ដី ដើម្បីសង្គមគ្មានអំពើហិង្សា» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
គោលបំណងនៃយុទ្ធនាការនោះ គឺដើម្បីកំណត់សេចក្តីត្រូវការជាអាទិភាពរួមជាមួយដំណោះស្រាយទៅកាន់អ្នកធ្វើនយោបាយ និងធ្វើសេចក្តីសម្រេចចិត្ត ហើយស្រ្ដីដែលធ្វើការផ្សេងៗជួបជុំ បញ្ចេញសារ សំឡេងរបស់ខ្លួនដើម្បីទាមទារឱ្យមានការបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជំរុញ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការ ជាយុទ្ធសាស្រ្តដើម្បីដោះស្រាយ និងគាំពារស្ត្រី និងក្មេងស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។
បើតាមសារដែលបង្ហោះដោយអង្គការសង់ត្រាល់ ដែលជាអង្គការមួយរូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃនេះ បញ្ជាក់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន រួមចំណែកដ៏ធំក្នុងគម្លាតប្រាក់ឈ្នួលទាក់ទង នឹងយេនឌ័រ និងខាតបង់នូវសក្តានុពលដើម្បីរកប្រាក់ចំណូល។ វាគឺជារនាំងធំមួយចំពោះការចូលរួម ពេញលេញ និងផលិតភាពរបស់ស្ត្រីក្នុងការងារ ដែលបណ្តាលឱ្យមាន ការចំណាយខ្ពស់ក្នុងអាជីវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចបាត់បង់ផលិតភាព។
ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់១០ធ្នូ នេះគឺជា គឺជាយុទ្ធនាការអន្តរជាតិមួយដែលដំណើរការជារៀងរាល់ ឆ្នាំដែលហៅថាយុទ្ធនាការ ១៦ ថ្ងៃ ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី, រហូតដល់ថ្ងៃទី ១០ ខែធ្នូដែលជាទិវាសិទ្ធិមនុស្ស៕