អង្គការ សមាគម និង​សហជីព​ចំនួន​១៧ រួមគ្នា​​ប្រារព្ធយុទ្ធនាការ​ ១៦ថ្ងៃ​ ​ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​គ្រប់​ពេល​វេលា​ គ្រប់​ទីកន្លែង ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា តទៅ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​​​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ សមាគម និង​សហជីព​ដែល​ពាក់ព័ន្ធ​កាលពី​ចុង​សប្តាហ៍​មុន​បញ្ជាក់ថា ​អង្គការ​សង្គមស៊ីវិល​ សមាគម​ និង​សម្ព័ន្ធសហជីព​ដែល​កំពុង​ធ្វើ​ការ​ចម្រុះ​វិស័យ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សិទ្ធិការងារ​សង្គម​ ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ ក្រោម​ប្រធានបទ​ «គាំពារ​ស្រ្ដី​ និង​ក្មេងស្រ្ដី​ ដើម្បី​សង្គម​គ្មាន​អំពើហិង្សា​»​ ​ ​​ចាប់​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២។

គោលបំណង​នៃ​យុទ្ធនាការ​នោះ គឺ​ដើម្បី​កំណត់​សេចក្តីត្រូវការ​ជា​អាទិភាព​រួមជា​មួយ​ដំណោះស្រាយ​ទៅ​កាន់​អ្នក​ធ្វើ​នយោបាយ​ និង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ហើយ​ស្រ្ដី​ដែល​ធ្វើ​ការ​ផ្សេងៗ​ជួបជុំ​​ បញ្ចេញសារ​ សំឡេង​របស់​ខ្លួន​ដើម្បី​ទាមទារ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា​​ផ្អែក​លើ​យេនឌ័រ​គ្រប់​ពេល​វេលា​ គ្រប់​ទីកន្លែង​។ ​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​ផែនការ​ ជា​យុទ្ធសាស្រ្ត​ដើម្បី​ដោះស្រាយ​ និង​គាំពារ​ស្ត្រី​ និង​ក្មេងស្រ្តី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​។

បើតាម​សារ​ដែល​បង្ហោះ​ដោយ​អង្គការ​សង់ត្រាល់ ដែល​ជាអង្គការមួយ​រូលរួម​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ​នេះ បញ្ជាក់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន រួមចំណែកដ៏ធំក្នុងគម្លាតប្រាក់ឈ្នួលទាក់ទង នឹងយេនឌ័រ និង​ខាតបង់​នូវ​សក្តានុពល​​ដើម្បីរកប្រាក់ចំណូល។ វាគឺជារនាំងធំមួយចំពោះការចូលរួម ពេញលេញ និងផលិតភាពរបស់ស្ត្រីក្នុងការងារ ដែលបណ្តាលឱ្យមាន ការចំណាយ​ខ្ព​ស់ក្នុងអាជីវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចបាត់បង់ផលិតភាព។

ចាប់ពីថ្ងៃទី​២៥​ វិច្ឆិកា ដល់​១០ធ្នូ នេះ​គឺជា គឺជាយុទ្ធនាការអន្តរជាតិមួយដែលដំណើរការជារៀងរាល់ ឆ្នាំដែលហៅថាយុទ្ធនាការ ១៦ ថ្ងៃ ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី, រហូតដល់ថ្ងៃទី ១០ ខែធ្នូដែលជាទិវាសិទ្ធិមនុស្ស៕