ក្រសួងទេសចរណ៍អំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់ កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
ក្នុងសេចក្តីអំពាវនាវដែលចេញដោយក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ ដែលជាម្ចាស់ ឬគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី ខេត្ដថា នៅថ្ងៃទី៥ និងទី៦ខែឆ្នូ ឆ្នាំ២០២២នេះ អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ដ ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍បញ្ជាក់ក្នុងសេចក្តីអំពាវនាវនោះតាមន័យដើមថា៖ «សូមអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្ដាបង្កលក្ខណៈងាយស្រួល និងកុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិក្សានុសិស្សក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ»៕