ពិព័រណ៍សៀវភៅកម្ពុជានឹងត្រូវធ្វើឡើងវិញនៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ បន្ទាប់ពីត្រូវបានផ្អាកចំនួន២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅបណ្ណាល័យជាតិលោក គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈលើកឡើងថា អំឡុងកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ១៩ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានផ្អាកចំនួន២ឆ្នាំ។ លោកថា ដោយសារឆ្នាំ២០២២នេះបញ្ហាកូវីដ១៩បានធូរស្បើយ ទើបមានការរៀបចំឡើងវិញ ដោយនឹងមានស្តង់ច្រើនជាងមុន រហូតដល់ចំនួន១៩៧ស្តង់។
«បន្ទាប់ពីវិបត្តិកូវីដ១៩ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានផ្អាកចំនួន២ឆ្នាំ គឺក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ តែសម្រាប់ឆ្នាំ២០២២នេះបញ្ហាកូវីដបានធូរស្បើយ ទើបគណៈកម្មការបានសម្រេចបន្តរៀបចំឡើងវិញ»។
លោកបន្ថែមថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩នេះ នឹងមានសកម្មភាពចំនួន៧ គឺការដាក់តាំងសៀវភៅ ការបើកវេទិកាស្តីពីការបោះពុម្ពសៀវភៅផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក។ បទបង្ហាញនានាទាក់ទិននឹងអក្សរសាស្រ្ត អក្សរសីលខ្មែរ និងវិទ្យាសាស្ត្រ។ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងអភិវឌ្ឍន៍ជំនាញការអានចាប់ផ្តើមអំណានដំណាក់កាលដំបូងនៃជីវិត។ ការជួបពិភាក្សាដែលជាការទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ និងការចុះហត្ថលេខាពីអ្នកនិពន្ធ និងវិចិត្រករ។ ការអានរឿង និងល្បែងសិក្សាសម្រាប់កុមារ និងការប្រគំតន្ត្រីនិងសំណួរចម្លើយចាប់យករង្វាន់ជាដើម។
លោក គឹម ពិនន់ បន្តថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ក្នុងឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅក្នុងសង្គមខ្មែរ ជាពិសេសយុវជន ផ្សព្វផ្សាយសៀវភៅនានាដែលបានបោះពុម្ពផ្សាយ បង្កើនវិធីនិទានរឿង និងសៀវភៅសម្រាប់កុមារដើម្បីបណ្តុះឱ្យកុមារស្រឡាញ់ការអាន និងលើកទឹកចិត្តអ្នកនិពន្ធឱ្យបន្តបញ្ចេញស្នាដៃថ្មីៗជាបន្ត។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិរាជធានីភ្នំពេញ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»៕