ពិព័រណ៍​សៀវភៅ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើង​វិញ​​នៅ​បណ្ណាល័យ​ជាតិ ចាប់​ពី​​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១​ធ្នូ ​​បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ចំនួន​​២​ឆ្នាំ ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

ក្នុង​សន្និសីទសារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២​ នៅ​បណ្ណាល័យ​ជាតិ​លោក​ គឹម​​ ពិនន់​ អនុ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ និង​ វិចិត្រ​សិល្បៈ​លើកឡើង​​ថា​ អំឡុង​​កម្ពុជា​រងការ​រាតត្បាត​ដោយ​ជំងឺ​​​កូវីដ១៩​ ពិព័រណ៍​សៀវភៅ​កម្ពុជា​ត្រូវ​បាន​ផ្អាក​ចំនួន​​២​ឆ្នាំ។ លោកថា ដោយសារ​​​ឆ្នាំ២០២២​នេះ​បញ្ហា​កូវីដ​​១៩​បានធូរ​​ស្បើយ ទើប​មានការ​​រៀបចំឡើងវិញ ដោយនឹង​មាន​ស្តង់​ច្រើន​ជាង​មុន រហូត​ដល់​​ចំនួន​១៩៧ស្តង់​។

«បន្ទាប់​ពី​វិបត្តិ​កូវីដ១៩​ ពិព័រណ៍​សៀវភៅ​កម្ពុជា​ត្រូវ​បាន​ផ្អាក​ចំនួន​២​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១ ក៏​ដោយ​ តែ​សម្រាប់​ឆ្នាំ២០២២​នេះ​បញ្ហា​កូវីដ​បានធូរ​​ស្បើយ ទើបគណៈកម្មការ​បានសម្រេចបន្តរៀបចំឡើងវិញ»។

លោកបន្ថែម​ថា ពិព័រណ៍សៀវភៅថ្នាក់​ជាតិលើក​ទី​៩​នេះ​ ​នឹង​មាន​សកម្មភាព​ចំនួន​៧ គឺ​ការដាក់តាំង​សៀវភៅ​ ការ​បើក​វេទិកា​ស្តី​ពី​​ការ​បោះ​ពុម្ព​សៀវភៅ​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។​ បទ​បង្ហាញ​នានា​ទាក់​ទិន​នឹង​អក្សរ​សាស្រ្ត​ ​អក្សរ​សីល​ខ្មែរ​ ​និង​វិទ្យាសាស្ត្រ​។ ការ​និពន្ធ​សៀវភៅ​ទៅ​ជា​ខ្សែ​ភាព​យន្ត​ និង​អភិវឌ្ឍន៍​ជំនាញ​ការ​អាន​ចាប់​ផ្តើម​អំណាន​ដំណាក់​កាល​ដំបូង​នៃ​ជីវិត។ ​ការ​ជួប​ពិភាក្សា​ដែល​ជា​ការ​ទទួល​យក​បទ​ពិសោធន៍​ពី​អ្នក​និពន្ធ​ល្បីៗ​ និង​ការ​ចុះ​ហត្ថលេខា​ពី​អ្នក​និពន្ធ ​និង​វិចិត្រករ។​ ការ​អាន​រឿង ​និង​ល្បែង​សិក្សា​សម្រាប់​កុមារ​ និង​ការ​ប្រគំ​តន្ត្រី​និង​សំណួរ​ចម្លើយ​ចាប់​​យក​រង្វាន់​ជា​ដើម​។

លោក​ គឹម​​ ពិនន់​ បន្ត​ថា​ ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​លើក​ទី​៩ ក្នុង​ឆ្នាំ​២០២២​នេះ​ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​​ក្នុង​សង្គម​ខ្មែរ​ ជា​ពិសេស​​យុវជន​ ផ្សព្វ​ផ្សាយ​សៀវភៅ​នានា​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ បង្កើន​វិធី​និទាន​រឿង​ និង​សៀវភៅ​សម្រាប់​កុមារ​ដើម្បី​បណ្តុះ​ឱ្យ​កុមារ​ស្រឡាញ់​ការ​អាន​ និង​លើក​ទឹក​ចិត្ត​អ្នក​និពន្ធឱ្យ​បន្ត​បញ្ចេញ​ស្នាដៃ​ថ្មីៗ​ជា​បន្ត​។

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៩​នេះ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃទី​​១១ធ្នូ​ ឆ្នាំ​២០២២​ នៅ​បណ្ណាល័យ​ជាតិ​រាជធានី​ភ្នំពេញ​​ ក្រោម​ប្រធាន​បទ ​«មួយ​ថ្ងៃ​អាន​ មួយ​ថ្ងៃ​ដឹង​»​៕