លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានតំណែងជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម បន្ទាប់ពីលោកបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយកសិកម្មប្រាកដនិយមថ្មីនៅកម្ពុជា។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចបច្ចុប្បន្ននេះ។
នៅក្នុងលិខិតរបស់លោក យ៉ង សាំងកុមារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលថា ដោយសារលោកមានទំនុកចិត្តទៅលើគោលនយោបាយវិស័យកសិកម្ម ដែលរដ្ឋាភិបាលទើបប្រកាសថ្មីៗនេះ។ ក្នុងលិខិតនោះលើកឡើងពីគោលនយោបាយលើកកម្ពស់ជីវភាពកសិករ គោលនយោបាយផលិតពូជសម្រាប់លក់ចែកចាយជូនពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិងជនបទ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
យោងតាមលិខិតដដែលសរសេរថា៖ «នូវក្នុងន័យនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះ ឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ»។
លិខិតនេះបញ្ជាក់ទៀតថា នឹងចាប់ផ្ដើមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះតទៅ។
Newsroom Cambodia ព្យាយាមទាក់ទងទៅ លោក យ៉ង សាំងកុមារ ជាច្រើនដងប៉ុន្តែមិនមានការឆ្លើយតប ដោយទូរសព្ទចូលពុំមានអ្នកទទួល។
យោងតាមទំព័រហ្វេសប៊ុក របស់លោក យ៉ង សាំងកុមារ បានលើកឡើង នៅសំណើទាំង១២ និងគោលបំណងចំនួន២ ដែលលោកបានអះអាងថា បានពិភាក្សា និងឯកភាពជាផ្លូវការពីរដ្ឋាភិបាល ហើយប្រសិន បើការអនុវត្តនេះបានជោគជ័យអាចជួយដោះស្រាយបញ្ហាដល់កសិករខ្មែរជាង ១លានគ្រួសារ។
គោលបំណងចំនួន២មាន កសិករមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ និងរោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ចំពោះសំណើសម្រាប់ការពិភាក្សា និងការរៀបចំឱ្យមានគម្រោងគឺនិយាយអំពីសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា។
ក្រៅពីចំណុចទាំង ២នេះក៏មានចំណុចពាក់ព័ន្ធសំខាន់ផ្សេងៗទៀត ដូចជា ធារាសាស្រ្ត គ្រឿងយន្តកសិកម្ម ដែលលោកបញ្ជាក់ថា ត្រូវការពេលយ៉ាងតិច ៥ឆ្នាំ ដើម្បីអនុវត្តផែនការនេះបានទូទាំងប្រទេស។
ក្នុងពេលដំណាលគ្នានោះដែរ លោក ឡឹក សុធា អតីតអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញផ្នែកកសិកម្មដែរនោះ ក៏បានស្នើសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា លោកបណ្ឌិត យ៉ង សាំងកុមារ មានតំណែងជារដ្ឋលេខាធិការ រីឯលោក ឡឹក សុធា មានតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម។
កញ្ញា អ៊ឹម រចនា ថ្លែងថា៖ «ចំពោះការទទួលខុសត្រូវរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា ឯកឧត្តមរដ្ឋមន្ដ្រី នឹងរៀបចំឱ្យសក្តិសម និងសមស្របទៅតាមសមត្ថភាព និងសក្ដានុពលរបស់លោកទាំងពីរ»។
អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោក យ៉ង សាំងកុមារ មានចក្ខុវិស័យមួយគាត់គិតថាចូលរួមជាគណបក្សប្រជាជនកម្ពុជាអាចសម្រេចកិច្ចការនឹងឆន្ទៈរបស់គាត់បាន។ ប៉ុន្តែលោក គិតថាពិបាកព្រោះគណបក្សប្រជាជនកាន់ការងារនេះយូរឆ្នាំមកហើយ។
លោកបន្តថា៖ «ហើយបញ្ហារឿងស្រូវធ្លាក់ថ្លៃហ្នឹងកើតឡើងសឹងរាល់ឆ្នាំហ្នឹង មិនអាចដោះស្រាយបានទេ។ ប៉ុន្តែនេះក៏ជាយុត្តិសាស្រ្តមួយរបស់គណបក្សប្រជាជនគណបក្សកាន់អំណាចនៅក្នុងការកៀរគរឬក៏ហៅថាការប្រមូលអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល នៅក្រៅគណបក្សកាន់អំណាចហ្នឹងឱ្យមកចូលរួមជាចរន្តមួយអូសទាញ ហើយនៅមានឥទ្ធិពលច្រើននៅក្នុងសង្គមកម្ពុជា […] នៅពេលជិតដល់រដូវបោះឆ្នោតគេតែងតែមានចរន្តហ្នឹងកើតឡើងហើយ នេះជាបរិបទទូទៅដែលយើងអាចមើលឃើញកន្លងមក»។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា គណបក្សផ្សេងៗមិនមានឥទ្ធិពល អ្នកខ្លះមិនមានចំណេះដឹងគ្រប់គ្រាន់ក៏មានឋានៈតួនាទីជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការច្រើនណាស់នៅក្នុងបក្សកាន់អំណាច។ ដូចនេះ លោក យ៉ង សាំងកុមារ គាត់មានសមត្ថភាពហើយជំនាញរបស់គាត់ ហេតុនេះតួនាទីសម្រាប់គាត់ប្រាកដជាមាន។
លោកមានប្រសាសន៍ថា៖ «យើងរងចាំមើល ក៏ប៉ុន្តែអ្នកនយោបាយទាំងអស់គិតអំពីអត្ថប្រយោជន៍ជាធំហើយបានធ្វើ ចង់បានធំហើយបានធ្វើនយោបាយហ្នឹង មិនទាន់មានអ្នកនយោបាយសុទ្ធចិត្តទេ មានតិចតួចដែលធ្វើដើម្បីជាតិ ដើម្បីផលប្រយោជន៍រួមដោះស្រាយមាននៅតិចតួច ស្ដួចស្ដើង ចឹងជាទូទៅគោលបំណងអ្នកនយោបាយទូទៅហ្នឹងមានទិសដៅមួយគឺចង់បានមុខ មាត់ តួនាទី កត្តិយសហ្នឹងហើយ»។
គួរបញ្ជាក់ថា លោក យ៉ង សាំងកុមារ មិនមែនជាអ្នកនយោបាយដំបូងដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនោះទេ។ កន្លងមកគេឃើញមានអតីតមន្រ្តីគណបក្សប្រឆាំង ពិសេសមកពីគណបក្សសង្គ្រោះជាតិបានសុំចុះចូលជាបន្តបន្ទាប់ តាំងពីមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំឃុំសង្កាត់៕