លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ ​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​នៃក្រសួងកសិកម្ម បន្ទាប់​ពីលោក​បាន​ស្នើ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​​ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​គោល​នយោបាយ​កសិកម្ម​ប្រាកដ​និយម​ថ្មី​​នៅ​កម្ពុជា​។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២២ លោក​ យ៉ង សាំង​កុមារ​ បាន​ស្នើ​ទៅ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន​ ដើម្បីសុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ​។

នៅ​ក្នុង​លិខិត​របស់​លោក យ៉ង សាំង​កុមារ​ បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ចុះ​ចូល​ថា​ ដោយ​សារ​លោក​មាន​ទំនុក​ចិត្តទៅ​លើ​​គោល​នយោបាយ​វិស័យ​កសិកម្ម ​ដែលរដ្ឋា​ភិបាល​ទើប​ប្រកាស​ថ្មីៗ​នេះ។ ក្នុង​លិខិត​នោះ​លើក​ឡើង​ពី​​គោល​នយោបាយ​លើក​កម្ពស់ជីវភាព​កសិករ គោល​នយោ​បាយ​ផលិត​ពូជសម្រាប់លក់​ចែកចាយ​ជូន​ពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ គោល​នយោបាយ​បង្កើន​ទុន​ដល់​ធនាគារអភិវឌ្ឍ​កសិកម្ម​និង​ជនបទ គោល​នយោបាយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត និងគោល​នយោបាយដោះស្រាយបញ្ហាទីផ្សារ​កសិផលជាដើម។

យោង​តាម​លិខិត​ដដែល​សរសេរថា៖ «នូវ​ក្នុង​ន័យ​នេះ​ ខ្ញុំ​បាទ​សូម​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ចូល​រួម​អនុវត្ត​គោល​នយោបាយ​ទាំង​នេះ​ ឱ្យ​ជោគជ័យ​ និង​មាន​ផ្លែ​ផ្កា​ ក្នុង​គោល​បំណង​លើក​ស្ទួយ​ជីវភាព​កសិករ​ សន្តិសុខ​ស្បៀង​ បរិស្ថាន​ និង​សេដ្ឋកិច្ច​ជាតិ​»។

លិខិត​នេះ​បញ្ជាក់​ទៀត​ថា នឹង​ចាប់​ផ្ដើម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា​ នៅ​ថ្ងៃ​ទី​២ ខែធ្នូ​ ឆ្នាំ​២០២២ នេះតទៅ​។

Newsroom Cambodia ព្យាយាម​ទាក់​ទង​ទៅ លោក យ៉ង សាំង​កុមារ​ ជាច្រើន​ដង​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ ដោយ​ទូរសព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ របស់​លោក យ៉ង សាំង​កុមារ​ បាន​លើក​ឡើង​ នៅ​សំណើ​ទាំង​១២ និង​គោល​បំណងចំនួន២ ​ដែល​លោក​បាន​អះ​អាង​ថា​ បាន​ពិភាក្សា​ និង​ឯកភាព​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​​ ហើយ​ប្រសិន បើ​​ការ​អនុវត្ត​នេះ​បាន​ជោគជ័យ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដល់​កសិករ​ខ្មែរ​ជាង​ ១លាន​គ្រួសារ​។

គោល​បំណង​ចំនួន​២​មាន កសិករមាន​សមត្ថភាព​ផលិត​ស្រូវ​ដែល​មាន​គុណ​ភាព​ល្អ​ សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ ជា​មួយ​ថ្លៃ​ដើម​ទាប​ និង​ទទួល​បាន​តម្លៃ​សមរម្យ​ និង​​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទទួល​បាន​ស្រូវ​ល្អ​ក្នុង​តម្លៃ​សមរម្យ​ សម្រាប់​កែ​ច្នៃ​លក់​មក​កាន់​ទី​ផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​​។

ចំពោះសំណើ​សម្រាប់​ការ​ពិភាក្សា​ និង​ការ​រៀប​ចំ​ឱ្យ​មាន​គម្រោងគឺ​និយាយអំពី​សង្វាក់​ផលិត​កម្ម​ និង​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​។

ក្រៅ​ពី​ចំណុច​ទាំង ​២​នេះ​ក៏​មាន​ចំណុច​ពាក់​ព័ន្ធ​សំខាន់​ផ្សេងៗ​ទៀត​ ដូចជា​ ធារាសាស្រ្ត​ គ្រឿង​យន្ត​កសិកម្ម​ ដែល​លោក​បញ្ជាក់​ថា​ ត្រូវ​ការ​ពេល​យ៉ាង​តិច​ ៥ឆ្នាំ​ ដើម្បី​អនុវត្ត​ផែន​ការ​នេះ​បាន​ទូទាំង​ប្រទេស​។

ក្នុងពេល​ដំណាលគ្នា​នោះ​ដែរ លោក ឡឹក សុធា អតីតអ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជាអ្នកជំនាញ​ផ្នែក​កសិកម្មដែរ​នោះ ក៏​បាន​ស្នើ​សុំ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា លោកបណ្ឌិត យ៉ង សាំងកុមារ មានតំណែងជារដ្ឋលេខាធិការ រីឯលោក ឡឹក សុធា មានតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម។

កញ្ញា អ៊ឹម រចនា ថ្លែងថា៖ «ចំពោះការទទួលខុសត្រូវរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា ឯកឧត្តមរដ្ឋមន្ដ្រី នឹងរៀបចំឱ្យសក្តិសម និងសមស្របទៅតាមសមត្ថភាព និងសក្ដានុពលរបស់លោកទាំងពីរ»។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា លោក​ យ៉ង​ សាំង​កុមារ​ មាន​ចក្ខុវិស័យ​មួយ​គាត់​គិត​ថា​ចូល​រួម​ជា​គណបក្ស​ប្រជាជនកម្ពុជា​អាច​សម្រេច​កិច្ច​ការ​នឹង​ឆន្ទៈ​របស់​គាត់​បាន​។ ប៉ុន្តែ​លោក​ គិត​ថា​ពិបាក​ព្រោះ​គណបក្ស​ប្រជាជន​កាន់​ការងារ​នេះ​យូរ​ឆ្នាំ​មក​​ហើយ​។

លោក​បន្ត​ថា​៖ «ហើយ​បញ្ហា​រឿង​ស្រូវ​ធ្លាក់​ថ្លៃ​ហ្នឹង​កើត​ឡើង​សឹង​រាល់​ឆ្នាំ​ហ្នឹង​ មិន​អាច​ដោះ​ស្រាយ​បាន​ទេ។​ ប៉ុន្តែ​នេះ​ក៏​ជា​យុត្តិសាស្រ្ត​មួយ​របស់​គណបក្ស​ប្រជាជន​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​កៀរ​គរ​ឬ​ក៏​ហៅ​ថា​ការ​ប្រមូល​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល​ នៅក្រៅ​គណបក្ស​កាន់​អំណាច​ហ្នឹង​ឱ្យ​មក​ចូល​រួម​ជា​ចរន្ត​មួយ​អូស​ទាញ​ ហើយ​នៅ​មាន​ឥទ្ធិពល​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា […] នៅ​ពេល​ជិត​ដល់​រដូវ​បោះឆ្នោត​គេ​តែង​តែ​មាន​ចរន្ត​ហ្នឹង​កើត​ឡើង​ហើយ​ នេះ​ជា​បរិបទ​ទូទៅ​ដែល​យើង​អាច​មើល​ឃើញ​កន្លង​មក​»។

លោក ឯម សុវណ្ណារ៉ា​ បន្ថែម​ថា គណបក្ស​ផ្សេងៗ​មិន​មាន​ឥទ្ធិពល​ អ្នក​ខ្លះ​មិន​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ក៏​មាន​ឋានៈ​តួនាទី​ជា​អនុ​រដ្ឋលេខាធិការ​ ជា​រដ្ឋលេខាធិការ​ច្រើន​ណាស់​នៅ​ក្នុង​បក្ស​កាន់​អំណាច​។ ដូច​នេះ​ លោក យ៉ង​ សាំង​កុមារ​ គាត់​មាន​សមត្ថភាព​ហើយ​ជំនាញ​របស់​គាត់​ ហេតុ​នេះតួនាទី​សម្រាប់​គាត់​ប្រាកដ​ជា​មាន​។

លោក​មាន​ប្រសាសន៍​ថា​៖ «យើង​រង​ចាំ​មើល ​ក៏​ប៉ុន្តែ​អ្នក​នយោបាយ​ទាំង​អស់​គិត​អំពី​អត្ថ​ប្រយោជន៍​​ជា​ធំ​ហើយ​បាន​ធ្វើ​ ចង់​បាន​ធំ​ហើយ​បាន​ធ្វើ​នយោបាយ​ហ្នឹង​ មិន​ទាន់​មាន​អ្នក​នយោបាយ​សុទ្ធចិត្ត​ទេ​ មាន​តិច​តួច​ដែល​ធ្វើ​ដើម្បី​ជាតិ​ ដើម្បី​ផល​ប្រយោជន៍​រួម​ដោះស្រាយ​មាន​នៅ​តិច​តួច​ ស្ដួច​ស្ដើង​ ចឹង​ជា​ទូទៅ​គោល​បំណង​អ្នក​នយោបាយ​ទូទៅ​ហ្នឹង​មាន​ទិស​ដៅ​មួយ​គឺ​ចង់​បាន​មុខ​ មាត់​ តួនាទី​ កត្តិយស​ហ្នឹង​ហើយ​»។

គួរ​បញ្ជាក់ថា លោក យ៉ង សាំងកុមារ មិនមែន​​ជា​អ្នកនយោបាយ​ដំបូង​ដែល​សុំ​ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះទេ។ កន្លងមក​គេ​ឃើញ​មាន​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង ពិសេស​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​សុំ​ចុះ​ចូល​ជាបន្តបន្ទាប់ តាំង​ពីមន្រ្តី​ជាន់ខ្ពស់ និង​ថ្នាក់​ដឹកនាំ​ឃុំសង្កាត់៕