អង្គការសង្គមស៊ីវិលចំនួន៦៩ស្ថាប័ន ទាមទារឱ្យរាជរដ្ឋាភិបាលដោះលែង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ចេញពីពន្ធនាគារជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន៦៩ ដែលចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា កញ្ញា ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញា សុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ មេធាវីរបស់កញ្ញាបានដាក់ពាក្យស្នើសុំថតសំណុំរឿងរបស់កញ្ញានៅតុលាការ ដែលក្នុងនោះមានទាំងឯកសារលក្ខខណ្ឌនៃការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននានា ប៉ុន្តែតុលាការមិនទាន់អនុញ្ញាតឱ្យថតឯកសារសំណុំរឿងនោះនៅឡើយ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ដែលជាអង្គការមួយស្ថិតក្នុងចំណោមសង្គមស៊ីវិលទាំង៦៩ដែលចេញសេចក្តីថ្លែងការណ៍លើកឡើងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនសមហេតុផល និងជាការគំរាមគំហែង បំភិតបំភ័យ និងបំបាក់ស្មារតីសម្រាប់សហជីពណាហ្គាវើលដ៍ ក៏ដូចជាការគំរាមកំហែង បំភ័យទៅដល់បុគ្គលិក អតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
លោកមានប្រសាសន៍ថា៖ «ទីមួយបើតុលាការនិងអាជ្ញាធរចោទប្រកាន់ថាបានគេចវេស និងមិនគោរពទៅតាមសេចក្ដីសម្រេចដែលដាក់កញ្ញា ស៊ីថរ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ គឺជារឿងអត់ត្រឹមត្រូវទេ ដោយសារកញ្ញា ស៊ីថរ និងមេធាវីរបស់កញ្ញាមិនដែលបានទទួលដីកាសម្រេចដាក់កញ្ញាឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការទេ អ៊ីចឹងត្រង់ចំណុចដែលមិនអនុញ្ញាតឱ្យកញ្ញា ស៊ីថរចេញទៅក្រៅប្រទេស វាអត់មានការអនុវត្តបានដោយសារសាមីខ្លួន និងមេធាវីមិនដែលបានដឹងហើយក៏មិនដែលបានឃើញ អ៊ីចឹងយកការសម្រេចមកធ្វើជាការចោទប្រកាន់វាអត់ត្រឹមត្រូវទេ។ ហើយមួយទៀតបើគេចវេសមែន មិនមែនកញ្ញា ស៊ីថរ ត្រឡប់មកពីប្រទេសអូស្ត្រាលីវិញទេ។ »។
លោក អំ សំអាត បន្ថែមថា៖ «ទីពីរយើងឃើញការឃុំខ្លួនគាត់គឺឃុំខ្លួនឡើងវិញទាក់ទងបទល្មើសចាស់នោះទេ ចាប់ខ្លួនគាត់កាលពីដើមខែមករា ឆ្នាំ២០២២ តុលាការចោទប្រកាន់គាត់ថាបានញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម អ៊ីច៊ឹងការចាប់ខ្លួននឹងគឺបទល្មើសចាស់ទេ ហើយការឃុំខ្លួនបណ្ដោះអាសន្នឡើងវិញទៅលើដីកាក្រោមការត្រួតពិនិត្យដែលសាមីខ្លួន និងមេធាវីមិនបានដឹង នេះជាចំណុចមួយយើងគិតថាគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីសម្រាប់សហជីពក្រុមហ៊ុនណាហ្គាវើលដ៍»។
នាយកអង្គការលីកាដូរូបនេះបន្ថែមថា អាជ្ញាធរគួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ឬបំភិតបំភ័យហួសហេតុទៅលើសកម្មភាពនៃមេដឹកសហជីពឯករាជ្យ ដែលគាត់ធ្វើការដើម្បីបម្រើផលប្រយោជន៍បុគ្គលិក កម្មករ ដើម្បីឱ្យមានការគោរពទៅតាមលក្ខខណ្ឌការងារ គោរពសិទ្ធិរបស់បុគ្គលិក កម្មករ ហើយប្ដូរមករកការដោះស្រាយវិញ។
Newsroom Cambodia បានទាក់ទង លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញតាមសាសរអេឡិចត្រូនិចតេឡេក្រាម ប៉ុន្ដែលោកថា៖ « ខ្ញុំមិនឆ្លើយនឹងសំណួរ អ្នកមិនមែនជាអ្នកសារព័ត៌មានឡើយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ប្រាប់ Newsroom Cambodia តាមសារអេឡិចត្រូនិចតេឡេក្រាមថា បើមើលទៅលើការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលទាំង៦៩នោះ បង្ហាញថា ពួកគេមិនបានពិនិត្យមើលទៅលើច្បាប់របស់កម្ពុជា ឬក៏នីតិវិធីរបស់តុលាការកម្ពុជានោះទេ។ លោកថា សមត្ថកិច្ចអនុវត្តន៍ទៅតាមនីតិវិធីច្បាប់របស់កម្ពុជាដែលមានជាធរមាន មិនមែនជាការរំលោភបំពានសិទ្ធិ ឬធ្វើទុកបុកម្នេញនោះទេ។
លោកមានប្រសាសន៍ថា៖ «ទាក់ទងករណីហ្នឹងគឺជាការអនុវត្តដំណើរការនីតិវិធីតាមផ្លូវច្បាប់របស់តុលាការ។ ធម្មតាអ្នកដែលត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គេកំណត់លើលក្ខខណ្ឌ រួមទាំងការចេញទៅក្រៅប្រទេសអីជាដើម -ល- ដែលត្រូវសុំការអនុញ្ញាតពីខាងតុលាការសិន ប៉ុន្តែគាត់បានបំពានលើលក្ខខណ្ឌទាំងអស់នេះ អ៊ីចឹងហើយបានជាតុលាការគេអនុវត្តន៍នីតិវិធីដែលយកមកឃុំខ្លួនហ្នឹង។ អ៊ីចឹងសូមគាត់ពិនិត្យមើលទៅលើផ្លូវច្បាប់ នីតីវិធីច្បាប់របស់កម្ពុជាមុននឹងធ្វើការសន្និដ្ឋានទាំងមិនយល់ ឬមួយក៏ធ្វើការសន្និដ្ឋានក្នុងគោលបំណងចោទប្រកាន់ដើម្បីការពារបិទបាំងកំហុសរបស់ក្រុមខ្លួន»។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមករា ឆ្នាំ២០២២ ក្រោយពេលសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្មអហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនកាណូមួយនេះ៕