អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់មកទូទាត់បំណុលពន្ធ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ជាកំហិត។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ អគ្គនាយកពន្ធដាបន្ថែមថា កន្លងមក នៅមានសហគ្រាសមួយចំនួនមិនបានចូលខ្លួនមកទូទាត់បំណុលខ្លួននៅឡើយ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើនលើកច្រើនសារ ឱ្យមកទូទាត់បំណុលពន្ធក៏ដោយ។
អគ្គនាយកដ្ឋានពន្ធដាបន្ថែមថា ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាស។
កក្នុងសេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារក៏បានយោងច្បាប់ស្ដីពីសារពើពន្ធ ដោយបញ្ជាក់ថា រដ្ឋបាលសារពើពន្ធមានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារចំពោះអ្នកជំពាក់បំណុលពន្ធដូចជា ព្យួរទុកជាបណ្ដោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ។ ឃាត់ទុកជាបណ្ដោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បញ្ឈប់ប្រតិបត្តិការនាំចេញនាំចូល និងដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសហគ្រាសជំពាក់បំណុលមិនព្រមមកធ្វើការទូទាត់ជាដើម៕