អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ​ប្រកាសឱ្យ​​​​សហគ្រាស​ដែល​ជំពាក់​បំណុល​ពន្ធ​ទាំងអស់​មក​​ទូទាត់បំណុលពន្ធ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ជាកំហិត។

ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ បញ្ជាក់​ថា ការបង់ពន្ធអាករ​គឺ​ជា​កាតព្វកិច្ច​របស់ប្រជាពលរដ្ឋគ្រប់រូប​ដើម្បីចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​តិ​លើ​គ្រប់វិស័យ។ អគ្គនាយកពន្ធដា​បន្ថែម​ថា ​កន្លងមក ​នៅមានសហគ្រាសមួយចំនួន​មិន​បាន​ចូល​ខ្លួន​មក​ទូទាត់បំណុលខ្លួននៅឡើយ​ បើទោះបីជាអគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​លិខិត​អញ្ជើញ​សហគ្រាស​ទាំងនោះ​ជាច្រើនលើកច្រើនសារ ឱ្យមក​ទូទាត់បំណុលពន្ធក៏ដោយ។

អគ្គនាយកដ្ឋានពន្ធដា​បន្ថែមថា ដើម្បីចៀសវាងនូវផល​វិបាកដែល​កើតឡើង​ជាយ​ថាហេតុ​ចំពោះកា​រអនុវ​ត្ត​វិធានការ​តឹង​ទារបំណុ​លពន្ធនេះ សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់ ឬ​ចូលខ្លួនមកដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធតូច និងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាស។

កក្នុង​សេចក្តី​ជូន​ដំណឹង​នោះ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​​យោង​ច្បាប់ស្ដីពីសារពើពន្ធ ដោយ​បញ្ជាក់ថា រដ្ឋបាលសារពើពន្ធមានសិទ្ធិក្នុងការអនុវត្តវិធានការតឹងទារចំពោះអ្នកជំពាក់បំណុលពន្ធដូចជា ព្យួរទុក​ជា​បណ្ដោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់​សហគ្រាស​ដោយមិន​អនុញ្ញាត​ឱ្យ​ស្នើ​សុំ​បង្វិល​សងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ។ ឃាត់ទុកជាបណ្ដោះអាសន្ននូវការស្នើ​សុំបង់​ពន្ធ​ប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បញ្ឈប់​ប្រតិបត្តិការ​នាំចេញ​នាំ​ចូល និងដាក់ពាក្យបណ្តឹង​ទៅតុលាការ​ចំពោះ​សហគ្រាស​ជំពាក់បំណុល​មិនព្រម​មកធ្វើការ​ទូទាត់​ជាដើម៕