របាយការណ៍កម្រាស់ជិត ៣០ ទំព័រចេញផ្សាយដោយធនាគារពិភពលោក បានកត់សម្គាល់ថា ការបម្លាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបញ្ហាមួយដែលកាន់តែសំខាន់ឡើង។ នៅក្នុងនោះ ប្រទេសនៅអាស៊ាន ដែលរួមមានកម្ពុជាផង ផ្គត់ផ្គង់បាន៨ភាគរយនៃពលករចំណាកស្រុកទាំងអស់របស់ពិភពលោក។ បើតាមធនាគារពិភពលោក កម្ពុជាជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសបញ្ជូនពលករច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក មឿន តុលា ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) បានផ្តល់កិច្ចសម្ភាសជាមួយ កឹម ម៉ានី ដែលជាសិក្ខាកាមរបស់ Newsroom Cambodia អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅកាន់ប្រទេសគោលដៅ។
Q: សួស្តីលោក! តើលោកអាចណែនាំខ្លួនបន្តិចបានទេ?
A: បាទ! ខ្ញុំឈ្មោះ មឿន តុលា ជា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់។
Q: តើអ្វីជាការធ្វើចំណាកស្រុក?
A: Ok! ឥឡូវខ្ញុំនិយាយភាសាដើម្បីងាយយល់ ពាក្យថាចំណាកស្រុកហ្នឹងសំដៅទៅលើការចេញពីភូមិកំណើតរបស់ខ្លួន ក្នុងគោលបំណងអាចថារករបរទទួលទាន ឬមួយរកការងារធ្វើ ឬក៏ផ្លាស់ប្តូរទីលំនៅទៅកន្លែងណាមួយផ្សេងក្រៅពីភូមិកំណើតរបស់យើង អាហ្នឹងគេហៅថាចំណាកស្រុកហើយ។ បើសិនជាយើងចេញពីភូមិកំណើតមកត្រឹមទីរួមខេត្ត ឬទីរួមស្រុក ឬក្រុងខេត្តណាមួយដែលមិនមែនជាស្រុកភូមិកំណើតរបស់យើង អាហ្នឹងគេហៅថាការធ្វើចំណាកស្រុកដោយនៅក្នុងស្រុកក្នុងប្រទេស។ ប៉ុន្តែបើផ្ទុយមកវិញ បើសិនជាយើងធ្វើចំណាកស្រុក ចេញពីភូមិកំណើតរបស់យើង ប្រទេសកំណើតរបស់យើង ទៅប្រទេសគោលដៅណាមួយដើម្បីបំណងទាំងបី ដូចខ្ញុំបានជម្រាបខាងដើមហ្នឹង ក៏គេចាត់ទុកថាជាការធ្វើចំណាកស្រុកដែរ។
Q: តើការធ្វើចំណាកស្រុកមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ?
A: គុណសប្បត្តិត្រង់ថា យើងអាចមានឱកាសក្នុងការរៀនសូត្រ ទាំងរបៀបរស់នៅ ឱកាសក្នុងការអាចរកមុខរបរ ឱកាសក្នងការផ្លាស់ប្តូរនូវបែបបទការរស់នៅ និងប្រកបមុខរបរថ្មីអីចឹង ហ្នឹងគុណសម្បត្តិ។ គុណវិបត្តិ បើសិនជាយើងជាប្រជាពលរដ្ឋមួយនៅក្នុងកម្រិតការចេះដឹងតិចតួច មិនចេះអានអក្សរ មិនចេះភាសាគេ បើសិនជាយើងទៅក្រៅប្រទេស ហើយយើងមានជំនាញតិចតួច គឺមានហានិភ័យខ្ពស់ជាងអ្នកដែលគេចេញពីមហាវិទ្យាល័យ ដែលអាចនិយាយភាសាអង់គ្លេសបាន ទំនាក់ទំនងបាន ហើយយើងនឹងឈានទៅដល់បរិបទមួយរបៀបរស់នៅថ្មី វប្បធម៌ទំនៀមទម្លាប់ថ្មី អាហ្នឹងជាគុណវិបត្តិ។
ចំណុចមួយទៀត យើងបែកពីស្រុកកំណើត បែកពីប្រទេស បែកពីក្រុមគ្រួសាររបស់យើង អាហ្នឹងជាគុណវិបត្តិ។ អាហ្នឹងសុទ្ធតែយើងនិយាយពីគុណវិបត្តិកម្រិតខ្លួនឯង ប៉ុន្តែបើយើងនិយាយពីគុណវិបត្តិសម្រាប់ប្រទេស សម្រាប់សហគមន៍ គឺកាលណាយើងចំណាកស្រុកចេញពីសហគមន៍របស់យើង ចេញពីប្រទេសរបស់យើង គឺយើងបាត់បង់ឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ចូលរួមចំណែកក្នុងការអភិវឌ្ឍជ្រើសរើស។
ជាពិសេសនៅក្នុងបរិបទនេះ យើងកាលណាចំណាកស្រុកទៅក្រៅប្រទេសហើយ គឺយើងអាចបាត់បង់់នូវឱកាសក្នុងការចូលរួមជ្រើសរើសតំណាងរបស់ខ្លួន ទាំងថ្នាក់ក្រោមជាតិ ដូចយើងបោះឆ្នោតឃុំសង្កាត់អីចឹង យើងពិបាកនឹងមកបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំ ឫក៏មេឃុំនៅក្នុងសហគមន៍របស់យើងទី១។
ទី២ បោះឆ្នោតជាតិ ក៏យើងបាត់បង់ឱកាសក្នុងការជ្រើសរើសតំណាងរបស់យើងក្នុងសភាជាតិអីចឹងដែរ អាហ្នឹងគុណវិបត្តិសម្រាប់ថ្នាក់ជាតិ ប៉ុន្តែការធ្វើចំណាកស្រុកច្រើន បើប្រជាពលរដ្ឋចេញទៅធ្វើចំណាកស្រុកច្រើននៅក្រៅប្រទេសគេខ្លាំងពេក ក៏វាធ្វើអោយមានវិបត្តិសម្រាប់ប្រទេសដែរ ខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍន៍នៅក្នុងស្រុកហ្នឹងដែរ។
Q: តើការធ្វើចំណាកស្រុកនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានស្ថានភាពបែបណាដែរលោក?
A: សម្រាប់យើង ជាសំណួរធំបន្តិច។ សម្រាប់ប្រទេសកម្ពុជាយើង ជាប្រទេសបញ្ជូនពលករ ហើយយើងឃើញថា ប្រជាពលរដ្ឋយើងដែលទៅធ្វើការនៅក្រៅប្រទេសភាគច្រើន នៅក្នុងចំណោម៣លាននាក់ជាងនេះ ភាគច្រើនគឺជាប្រជាពលរដ្ឋដែលមានកម្រិតវប្បធម៌ហ្នឹងទាប ហើយមានជំនាញហ្នឹងទាប កាលណាបើសិនជាគាត់មានជំនាញទាប វប្បធម៌ទាបហ្នឹងហើយ ដែលយើងមើលការងារដែលគាត់ធ្វើនៅថៃ ភាគច្រើននៅថៃ២លាននាក់ជាង ភាគច្រើននៅថៃក្នុងវិស័យកសិកម្មទៅធ្វើចំការឱ្យគេ វិស័យសំណង់ ហើយទៅធ្វើជាអ្នករៀបឥដ្ឋ ឬក៏ជូតស៊ីម៉ង់ត៍ ជូតខ្សាច់អីចឹង សុទ្ធដែលជាការងារមានគ្រោះថ្នាក់ ហើយការងារដែលមានចំណូលត្រឹមតែប្រាក់ឈ្នួលគោល ឬក៏ទាបជាងប្រាក់ឈ្នួលគោល។ ការងារផ្សេងទៀតដូចរត់តុបាយ រត់តុគុយទាវអីចឹង អាហ្នឹងភាគច្រើនពលរដ្ឋទៅធ្វើការនៅទីហ្នឹង អីចឹងបើយើងមើលមកការងារដែលធ្វើដោយកម្លាំងហ្នឹង វាជាការងារដែលមានហានិភ័យ ហានិភ័យក្នុងន័យថាងាយរងគ្រោះដោយសារការកេងប្រវ័ញ្ច ងាយរងគ្រោះដោយគេមិនបើកប្រាក់ឈ្នួល ងាយរងគ្រោះដោយអំពើហិង្សានៃការគ្រប់គ្រង ដូចថាពេលខ្លះការរងគ្រោះ ដោយសារការជួញដូរអីចឹងដែរ។
អាហ្នឹងសម្រាប់ខ្ញុំ ខ្ញុំយល់ថាប្រជាពលរដ្ឋដែលមានកម្រិតវប្បធម៌ទាប ឬក៏ជំនាញទាបទាំងអស់ហ្នឹង គាត់គួរត្រូវបានយកចិត្តទុកដាក់ពីសំណាក់រដ្ឋហ្នឹងក្នុងការបង្កើតមុខរបរ ហើយនិងបង្កើតការងារនៅក្នុងស្រុកជាជាងឱ្យគាត់ប្រថុយទៅធ្វើការនៅក្រៅប្រទេស។
ដោយឡែកបើសិនជាចង់ឱ្យពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសដកបទពិសោធន៍យកមកអភិវឌ្ឍន៍ជាតិយើងវិញ ខ្ញុំគិតថា គួរតែជាឱកាសសម្រាប់ពួកនិស្សិតពួកអី។ ចឹងជាសរុបមកខ្ញុំថាការធ្វើចំណាកស្រុក សម្រាប់ប្រជាពលរដ្ឋខ្មែរយើងជាប្រភេទការធ្វើចំណាកស្រុកដោយបង្ខំ បង្ខំក្នុងន័យនេះគឺ ដោយសារការអត់មានជម្រើស ដោយសារអត់មានជម្រើសហ្នឹង គឺដោយសារគាត់ជំពាក់លុយគេ គាត់អត់មានមុខរបរត្រឹមត្រូវ គាត់អត់មានមុខរបរប្រាក់ចំណូល មិនអាចរស់បានអីចឹងទៅ គ្នាបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ប៉ុន្តែមិនជាការធ្វើចំណាកស្រុកដោយជម្រើសទេ។
ការធ្វើចំណាកស្រុកដោយជម្រើស ខ្ញុំឧទាហរណ៍ដូចជា ជនជាតិថៃមកធ្វើការនៅស្រុកខ្មែរ ជនជាតិម៉ាឡេមកធ្វើការនៅស្រុកខ្មែរ ជនជាតិអាមេរិក ជនជាតិអូស្ត្រាលី ជនជាតិកាណាដា អង់គ្លេសអី មកធ្វើការនៅស្រុកខ្មែរហ្នឹង ក៏ជាចំណាកស្រុកដែរ ប៉ុន្តែគេជាចំណាកស្រុកដោយជម្រើស គេចង់ផ្លាស់ប្តូរបរិយាកាស គេចង់ផ្លាស់ប្តូរបទពិសោធន៍អី -ល- ហ្នឹងដើម្បីឈានទៅថ្ងៃក្រោយទៅទៀតត្រឡប់ទៅស្រុកគេវិញ គេធ្វើការណាមួយ គេមានបទពិសោធន៍ជាក់លាក់ បាទ។
Q: តើមានកត្តាអ្វីខ្លះជំរុញឱ្យពួកគាត់ធ្វើចំណាកស្រុក?
A: កត្តាដែលជំរុញឱ្យធ្វើចំណាកស្រុកវាមានពីរដែលគេតែងតែកំណត់ហ្នឹង គឺកត្តាជំរុញ និងកត្តាទាក់ទាញ។ កត្តាជំរុញ គេសំដៅទៅលើភាពក្រីក្រ ភាពអត់ការងារធ្វើ ភាពអត់មុខរបរជាក់លាក់ ការបាត់បង់ដីធ្លី ការជំពាក់បំណុលធនាគារគ្រឺស្ថានហិរញ្ញវត្ថុ -ល- និង -ល- ហ្នឹងដែលធ្វើឱ្យពលរដ្ឋគាត់ក្រីក្រ កាលណាគាត់ក្រីក្រ គាត់សម្លឹងមើលជម្រើសថាតើធ្វើម៉េចដើម្បីឱ្យគាត់អាចរកចំណូលបាន ឬក៏រកមុខរបរបានដើម្បីធានានូវចំណូលបង់សងទៅបំណុលធនាគារទៅគ្រឹះស្ថានហិរញ្ញវត្ថុ -ល- និង -ល- អាហ្នឹងគេហៅថាកត្តាជំរុញ។
កត្តាមួយទៀត គឺកត្តាទាក់ទាញ កត្តាទាក់ទាញ ដូចនៅស្រុកថៃចឹង គេមានការងារធ្វើ គេមានប្រាក់ឈ្នួលច្រើនជាងកម្ពុជា គេមានចំណាយបាន៣រយបាតក្នុងមួយថ្ងៃ ក៏ប៉ុន្តែចំណាយទៅវិញថ្លៃម្ហូប ថ្លៃអីហ្នឹង វាអាចធូរជាងនៅស្រុកខ្មែរ។ ហើយពេលខ្លះទៅក៏មានការលួងលោមពីមេខ្យល់អីមួយចំនួនដែលអូសទាញថា មកធ្វើការនេះមកបានចំណូលខ្ពស់ មានការងារល្អ ការងារស្រួលអីហ្នឹង អាហ្នឹងគឺជាកត្តាទាក់ទាញ ហើយក៏មានអ្នកខ្លះគេធ្វើចំណាកស្រុកទៅគេបានជោគជ័យទៅ គេត្រឡប់មកវិញ បានទិញដី សង់ផ្ទះឡើងវិញ ឬក៏ជួសជុលផ្ទះ ធ្វើឱ្យមនុស្សយើងដែលឃើញហើយអត់ទាន់បានធ្វើចំណាកស្រុកហ្នឹង ចាប់ផ្តើមពិចារណាកត្តាមួយជំរុញខ្លួនដែលអត់មានលុយ អត់មានចំណូលផង មើលគេឃើញបានជោគជ័យ អីចឹងក៏សម្រេចចិត្តធ្វើចំណាកស្រុកអីចឹងទៅ។
Q: តើមានបញ្ហាប្រឈមចំពោះពួកគាត់ដែរឬទេ ចំពោះការធ្វើចំណាកស្រុក?
A: ដូចខ្ញុំជម្រាបចឹង ពលរដ្ឋយើងភាគច្រើនជាប្រភេទចំណាកស្រុកដោយបង្ខំ បង្ខំន័យនេះ ដូចក្នុងន័យខ្ញុំបានពន្យល់មុនហ្នឹង មិនមែនគេយកកាំភ្លើង កាំបិទទៅភ្ជង់គាត់ឱ្យចំណាកស្រុកទេ ប៉ុន្តែដោយសារកត្តាជំរុញហ្នឹង វាច្រើនពេក ភាពក្រីក្រ ភាពអីហ្នឹង ហើយវាអត់មានជម្រើសអីចឹងទៅ គាត់ទៅធ្វើចំណាកស្រុកដោយបង្ខំហ្នឹង។ កាលណាគាត់ទៅធ្វើចំណាកស្រុកដោយបង្ខំ ខ្លួនឯងអត់ចេះភាសាគេ ខ្លួនឯងអត់ចេះសូម្បីតែអានឈ្មោះ សរសេរឈ្មោះខ្លួនឯង ឬក៏អានឈ្មោះខ្លួនឯង ចឹងគាត់មានបញ្ហាប្រឈមច្រើនពាក់ព័ន្ធទៅដល់ប្រទេសគោលដៅហ្នឹង ដូចជា គេមិនបើកប្រាក់ឈ្នួលឱ្យពួកគាត់គ្រប់តាមអ្វីដែលជាប្រាក់ឈ្នួលជាតិគេហ្នឹង ឬក៏ប្រាក់ឈ្នួលដែលព្រមព្រៀងគ្នា អាចប្រឈមនឹងការគេលក់ដូរគាត់ ពីកន្លែងមួយទៅកន្លែងមួយ អាចប្រឈមនឹងអំពើហិង្សាក្នុងការគ្រប់គ្រង។ ឧទាហរណ៍ បើសិនជាគាត់ធ្វើអីមួយ គេអាចប្រើអំពើហិង្សាលើរាងកាយគាត់ អាចទទួលបានឱកាសការទទួលបានកិច្ចគាំពារសង្គមនៅក្នុងប្រទេសទទួល ហើយនិងគាត់ត្រូវប្រឈមជាមួយនឹងការងារដែលមិនមានការធានានូវលក្ខខណ្ឌសុខភាព សុវត្ថិភាព ហើយនិងស្តង់ដារការងារអីត្រឹមត្រូវ អាហ្នឹងការប្រឈមត្រួសៗដែលខ្ញុំរៀបរាប់ បាទ។
Q: តើអាជ្ញាធរ និងរដ្ឋាភិបាលគួរមានវិធានការបែបណាក្នុងរឿងនេះ?
A: តាមពិតទៅវាមានរឿងច្រើនដែលគួរធ្វើ ក៏ប៉ុន្តែខ្ញុំសូមញែកវាជាពីរ ញែកទី១ យន្តការក្នុងការការពារ និងលើកកម្ពស់ពលករចំណាកស្រុកដែលគាត់កំពង់ធ្វើការនៅក្នុងប្រទេសគោលដៅហ្នឹង តាមពិតទៅយើងគួរតែចរចារ MOU រវាងប្រទេសយើង និងប្រទេសទទួលហ្នឹង កុំផ្តោតតែលើចំនួន ហើយកុំផ្តោតទៅលើវិស័យ យើងគួរផ្តោតទៅលើ យើងគួរសម្លឹងទៅមើលថាតើមានលក្ខខណ្ឌការពារអី្វខ្លះដល់ពលករយើងហ្នឹង ការការពារសិទ្ធិ ការការពារប្រយោជន៍ទៅពលករយើង។
ទី២ យើងត្រូវមានយន្តការក្នុងការតាមដាន ថាតើពលករខ្មែរកំពុងធ្វើការនៅម៉ាឡេក្តី នៅថៃក្តី ឬប្រទេសគោលដៅមួយចំនួនផ្សេងទៀតហ្នឹង ត្រូវបានគេគោរពតាមស្តង់ដារនិយាមអន្តរជាតិដែលមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិស្តីអំពីការលើកកម្ពស់ និងការការពារសិទ្ធិពលករចំណាកស្រុក និងក្រុមគ្រួសារដែរអត់។
ដែលសំខាន់ ចំណុចទី៣ យើងត្រូវមានយន្តការក្នុងការទទួលមកវិញ ទទួលគាត់មកវិញមានន័យថា នៅពេលដែលពលករគាត់ធ្លាប់ធ្វើការនៅក្នុងវិស័យកសិកម្មនៅប្រទេសថៃ នៅពេលគាត់ត្រឡប់មកវិញ តើមានវិស័យកសិកម្មហ្នឹងត្រង់យកពួកគាត់ ពួកគាត់ទៅធ្វើការបួនប្រាំឆ្នាំ បីបួនឆ្នាំ អាហ្នឹងគាត់ក្លាយទៅជាពលករជំនាញហើយ ចឹងមកវិញហ្នឹងគាត់មានមុខរបរ ព្រោះអីគាត់មានការងារអីដែលរដ្ឋបង្កើតសម្រាប់គាត់អត់ បើសិនជាអត់ទេ គាត់ត្រូវត្រឡប់នៅប្រទេសផ្សេងៗវិញ មកពីកូរ៉េទៅថៃ មកពីថៃទៅម៉ាឡេ អាហ្នឹងគេចមិនផុតគឺថា រដ្ឋយើងអត់អាចទទួលបានប្រយោជន៍អីពីពួកគាត់ទេ អាហ្នឹង ចំនុចទី១។
ចំណុចទី២ ខ្ញុំថាបើសម្រាប់ខ្ញុំវិញ យន្តការក្នុងការធ្វើចំណាកស្រុកនេះ យើងគួរតែបង្កើតឱកាសឱ្យបានច្រើនសម្រាប់អ្នកដែលមានកម្រិតវប្បធម៌ទាប ឬមួយអ្នកដែលមានជំនាញទាប តាមរយៈធ្វើកំណែទម្រង់វិស័យកសិកម្ម ឧទាហរណ៍ដូចជា មានដីគ្រប់គ្រាន់ផ្តល់ឱ្យគាត់ក្នុងការធ្វើស្រែ ធ្វើចំការ មានពូជ ឬក៏មានទុនសម្រាប់ជួយគាត់ ដើម្បីឱ្យគាត់អាចដាំដុះបានធ្វើកសិផលបាន។
ទី៣ ទីផ្សារ បង្កើតជាទីផ្សារជួយពលរដ្ឋយើងក្នុងការវេចខ្ចប់សម្រាប់លក់ផលិតផលកសិកម្មទៅដល់ទីផ្សារហ្នឹង ឬក៏បង្កើតនូវដែលគេហៅថាវិស័យកែច្នៃ។ ឧបមាថាឥឡូវគាត់ដាំដើមស្វាយ ត្រូវយកផ្លែស្វាយហ្នឹងផលិតទៅជាទឹកស្វាយ ទៅជាស្វាយត្រាំ ទៅជាស្វាយ (dried mangos) ដំណាប់ស្វាយអី -ល- និង -ល- ហ្នឹង។
បើសិនជាយើងបង្កើតទីផ្សារហ្នឹងបាន គឺពលរដ្ឋយើងដែលគាត់ទៅធ្វើការនៅ low skills [ជំនាញទាប] នៅផ្នែកកសិកម្ម និងផ្នែកសំណង់អីហ្នឹង គាត់មានឱកាសធ្វើការនៅក្នុងស្រុក ផលិតនៅក្នុងស្រុក យើងកុំប្រើយន្តការក្នុងការប្រែក្លាយប្រជាពលរដ្ឋដែលជាកសិករដែលជាម្ចាស់ដី ដែលជាអ្នកផលិតហ្នឹងឱ្យទៅជាពលករគេ ព្រោះជីវិតជាពលករអត់ទៀង អត់មានស្ថិរភាពទេ ថ្ងៃណាធ្វើការល្អទៅ គេរក្សាទុកទៅ ប៉ុន្តែបើសិនបើយើងធ្លាក់ដៃការងារ គេបញ្ឈប់យើងពីការងារក៏បាន ក៏មានដែរ។ អ៊ីចឹងបើសិនជាគាត់មានដី ថ្ងៃនេះគាត់ដាំស្វាយបានផល ថ្ងៃក្រោយអត់មានផល គាត់ដូរទៅដាំដំឡូង គាត់ដូរទៅដាំល្ពៅ គាត់ដូរទៅដាំអីវិញ អាហ្នឹងដីនៅតែជារបស់គាត់ដដែល នេះគឺជាចំណុចមួយរដ្ឋត្រូវគិត។
A: ចាស៎! អរគុណច្រើនដែលបានផ្តល់ជាកិច្ចសម្ភាស។
Q: អរគុណច្រើន!
A: សូមជម្រាបលាលោក។
Q: បាទៗ! ជម្រាបលា៕