របាយការណ៍​​​កម្រាស់​ជិត​​ ៣០​​ ទំព័រ​​​ចេញ​​​ផ្សាយ​​​ដោយ​​​ធនាគារ​​​ពិភព​លោក​​ បាន​​​កត់​​​សម្គាល់​​​ថា​​ ការ​​​បម្លាស់​​​ទី​​​របស់​​​ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​អាគ្នេយ៍​​ គឺ​​​ជា​​​បញ្ហា​​​មួយ​​​ដែល​​​កាន់​​តែ​​​សំខាន់​​​ឡើង​​។ នៅ​​​ក្នុង​​​នោះ​​ ប្រទេស​​​នៅ​​​អាស៊ាន​​ ដែល​​​រួម​​​មាន​​​កម្ពុជា​​​ផង​​ ផ្គត់​ផ្គង់​​​បាន​​​៨​ភាគ​រយ​​​នៃ​​​​ពលករ​​​ចំណាក​ស្រុក​​​ទាំង​អស់​​​របស់​​​ពិភពលោក​​។​ បើ​​​តាម​​​​ធនាគារ​​​​ពិភព​លោក​​ កម្ពុជា​​​​ជា​​​​ប្រទេស​​​ដែល​​​ស្ថិត​​ក្នុង​​​ចំណោម​​​ប្រទេស​​​បញ្ជូន​​​​ពលករ​​​ច្រើន​​​ជាង​​​គេ​​​ក្នុង​​​តំបន់​​​អាស៊ី​អាគ្នេយ៍​​។

លោក​​ មឿន តុលា​​​ ជា​​​នាយកប្រតិបត្តិ​​នៃ​​មជ្ឈមណ្ឌលសម្ព័ន្ធ​​ភាព​​ការងារ​​ និង​​​សិទ្ធិ​​មនុស្ស​​ ហៅ​​កាត់​​ថា​​ (CENTRAL)​​ បាន​​​ផ្តល់​​​កិច្ច​សម្ភាស​​​​ជា​​មួយ​​ កឹម ម៉ានី​​ ​ដែល​​ជា​​​សិក្ខាកាម​​​របស់​​​ Newsroom​​ Cambodia​​ អំពី​​​​ផល​​ប៉ះពាល់​​នៃការ​​ធ្វើ​​ចំណាកស្រុក​​​របស់​​​ពលករ​កម្ពុជា​ទៅ​​​កាន់​ប្រទេសគោលដៅ​​​​​​​​​។

Q: សួស្តី​លោក! តើ​លោក​អាច​ណែនាំ​ខ្លួន​បន្តិច​បាន​ទេ​?

A: បាទ​​! ខ្ញុំ​​​ឈ្មោះ​​ មឿន តុលា​​​ ជា​​ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​​សម្ព័ន្ធ​​ភាព​​​ការងារ​​ និង​​​សិទ្ធិមនុស្ស​​​ ហៅ​​​កាត់​​ថា​​សង់ត្រាល់​​។

Q: តើ​​អ្វី​​ជា​​ការ​​ធ្វើ​​ចំណាកស្រុក​​?

A: Ok​​! ឥឡូវ​​ខ្ញុំ​​និយាយ​​ភាសា​​ដើម្បី​​ងាយ​​យល់​​ ពាក្យ​​ថា​​ចំណាកស្រុក​​ហ្នឹង​​សំដៅ​​ទៅលើ​​ការ​​ចេញ​​​ពី​​ភូមិ​​កំណើត​​របស់​​ខ្លួន​​ ក្នុង​​គោល​​បំណង​​​អាច​​ថា​​រក​​របរ​​ទទួល​​ទាន​​ ឬ​​មួយ​​រក​​ការងារ​​ធ្វើ​​ ឬ​​ក៏​​​ផ្លាស់​​ប្តូរ​​ទីលំនៅ​​ទៅ​​កន្លែង​​ណា​​មួយ​​ផ្សេង​​ក្រៅពី​​ភូមិ​​កំណើត​​របស់​​យើង​​ អាហ្នឹង​​គេ​​ហៅ​​ថា​​ចំណាកស្រុក​​ហើយ​​។ បើ​​សិន​​ជា​​យើង​​ចេញពី​​ភូមិ​​កំណើត​​មក​​ត្រឹម​​ទីរួមខេត្ត​​ ឬទីរួមស្រុក​​ ឬ​​ក្រុង​​ខេត្ត​​ណា​​មួយ​​ដែល​​មិន​​មែន​​ជា​​ស្រុក​​ភូមិ​​កំណើត​​របស់​​យើង​​ អាហ្នឹង​​គេ​​ហៅ​​ថា​​ការ​​ធ្វើ​​ចំណាក​​ស្រុក​​ដោយ​​នៅ​​ក្នុង​​ស្រុក​​ក្នុង​​ប្រទេស​​។ ប៉ុន្តែ​​បើ​​ផ្ទុយ​​មក​​វិញ​​ បើសិន​​ជា​​យើង​​ធ្វើ​​ចំណាកស្រុក​​ ចេញ​​ពី​​ភូមិ​​កំណើត​​របស់​​យើង​​ ប្រទេស​​កំណើត​​របស់​​យើង​​ ទៅ​​ប្រទេស​​គោលដៅ​​ណា​​មួយ​​ដើម្បី​​បំណង​​ទាំងបី ​​ដូច​​ខ្ញុំ​​បាន​​ជម្រាប​​ខាង​​ដើម​​ហ្នឹង​​ ក៏​​គេ​​ចាត់​​ទុក​​ថា​​ជា​​ការ​​ធ្វើ​​ចំណាកស្រុក​​ដែរ​​។​​

Q: តើ​​ការ​​ធ្វើ​​ចំណាក​​ស្រុក​​មាន​​គុណសម្បត្តិ​​ និង​​គុណវិបត្តិ​​យ៉ាង​​ណា​​ខ្លះ​​?

A: គុណសប្បត្តិ​​ត្រង់​​ថា​​ យើង​​អាច​​មាន​​ឱកាស​​ក្នុង​​ការ​​រៀន​​សូត្រ​​ ទាំង​​របៀប​​រស់​​នៅ​​ ឱកាស​​ក្នុង​​ការ​​អាច​​រក​​មុខ​​របរ​​ ឱកាស​​​ក្នង​​ការ​​ផ្លាស់ប្តូរ​​នូវ​​បែបបទ​​ការ​​រស់​​នៅ​​ និង​​ប្រកប​​មុខរបរ​​ថ្មី​​អីចឹង​​ ហ្នឹង​​គុណសម្បត្តិ​​។ គុណវិបត្តិ​​ បើសិន​​ជា​​យើង​​ជា​​ប្រជាពលរដ្ឋ​​មួយ​​នៅ​​ក្នុង​​កម្រិត​​ការ​​ចេះដឹង​​តិចតួច​​ មិនចេះ​​អាន​​អក្សរ​​ មិនចេះ​​ភាសា​​គេ​​ បើសិន​​ជា​​យើង​​ទៅ​​ក្រៅប្រទេស​​ ហើយ​​យើង​​មាន​​ជំនាញ​​តិចតួច​​ គឺ​​មាន​​ហានិភ័យ​​ខ្ពស់​​ជាង​​អ្នក​​ដែល​​គេ​​ចេញ​​ពី​​មហាវិទ្យាល័យ​​ ដែល​​អាច​​និយាយ​​ភាសា​​អង់គ្លេស​​បាន​​ ទំនាក់ទំនង​​បាន​​ ហើយ​​យើង​​នឹង​​ឈាន​​ទៅ​​ដល់​​បរិបទ​​មួយ​​របៀប​​រស់​​នៅ​​ថ្មី​​ វប្បធម៌​​ទំនៀមទម្លាប់​​ថ្មី​​ អាហ្នឹង​​ជា​​គុណវិបត្តិ​​។

ចំណុច​​មួយ​​ទៀត​​ យើង​​បែក​​ពី​​ស្រុក​​កំណើត​​ បែក​​ពី​​ប្រទេស​​ បែក​​ពី​​ក្រុមគ្រួសារ​​របស់​​​យើង​​ អាហ្នឹង​​ជា​​គុណវិបត្តិ​​។ អាហ្នឹង​​សុទ្ធ​​តែ​​យើង​​និយាយ​​ពី​​គុណវិបត្តិ​​កម្រិត​​ខ្លួនឯង​​ ប៉ុន្តែ​​បើ​​យើង​​និយាយ​​ពី​​គុណវិបត្តិ​​សម្រាប់​​ប្រទេស​​ សម្រាប់​​សហគមន៍​​ គឺ​​កាលណា​​យើង​​ចំណាកស្រុក​​ចេញ​​ពី​​សហគមន៍​​របស់​​យើង​​ ចេញ​​ពី​​ប្រទេស​​របស់​​យើង​​ គឺ​​យើង​​បាត់បង់​​ឱកាស​​ក្នុង​​ការ​​ចូលរួម​​ចំណែក​​អភិវឌ្ឍ​ន៍​​​សហគមន៍​​ ចូលរួម​​ចំណែក​​ក្នុង​​ការ​​អភិវឌ្ឍ​​ជ្រើសរើស។​​​

ជា​​ពិសេស​​នៅ​​ក្នុង​​បរិបទ​​នេះ​​ យើង​​កាលណា​​​ចំណាក​​ស្រុក​​ទៅ​​ក្រៅ​ប្រទេស​​​ហើយ​​ គឺ​​យើង​​អាច​​បាត់បង់់​​នូវ​​ឱកាស​​ក្នុង​​ការ​​ចូលរួម​​ជ្រើសរើស​​តំណាង​​របស់​​ខ្លួន​​ ទាំង​​ថ្នាក់​​ក្រោមជាតិ​​ ដូច​​យើង​​បោះឆ្នោត​​ឃុំ​​សង្កាត់​​អីចឹង​​ យើង​​ពិបាក​​នឹង​​មក​​បោះឆ្នោត​​ជ្រើសរើស​​តំណាង​​ក្រុមប្រឹក្សា​​ឃុំ​​ ឫ​​ក៏​​មេ​​ឃុំ​​នៅ​​ក្នុង​​សហគមន៍​​របស់​​យើង​​ទី១​​។

ទី២​​ បោះឆ្នោត​​ជាតិ​​ ក៏​​យើង​​បាត់បង់​​ឱកាស​​ក្នុង​​ការ​​ជ្រើសរើស​​តំណាង​​របស់​​យើង​​ក្នុង​​សភាជាតិ​​អីចឹង​​ដែរ​​ អាហ្នឹង​​គុណ​​វិបត្តិ​​សម្រាប់​​ថ្នាក់​​ជាតិ​​ ប៉ុន្តែ​​ការ​​ធ្វើ​​ចំណាកស្រុក​​ច្រើន​​ បើ​​ប្រជាពលរដ្ឋ​​ចេញ​​ទៅ​​ធ្វើ​​ចំណាកស្រុក​​ច្រើន​​នៅ​​ក្រៅប្រទេស​​គេ​​ខ្លាំង​​ពេក​​ ក៏​​វា​​ធ្វើ​​អោយ​​មាន​​វិបត្តិ​​សម្រាប់​​ប្រទេស​​ដែរ​​ ខ្វះ​​ធនធាន​​មនុស្ស​​ក្នុង​​ការ​​អភិវឌ្ឍន៍​​នៅ​​ក្នុង​​ស្រុក​​ហ្នឹង​​ដែរ​​។

Q: តើ​​ការ​​ធ្វើ​​​ចំណាកស្រុក​​​នៅ​​ប្រទេសកម្ពុជា​​នា​​ពេល​​​បច្ចុប្បន្ន​​​មាន​​​ស្ថានភាព​​បែប​​ណា​​ដែរ​​លោក​​?

A: សម្រាប់​​យើង​​ ជា​​សំណួរ​​ធំ​​បន្តិច។​​​ សម្រាប់​​ប្រទេសកម្ពុជា​​យើង​​ ជា​​ប្រទេស​​បញ្ជូន​​ពលករ​​ ហើយ​​យើង​​ឃើញ​​ថា​​ ប្រជាពលរដ្ឋ​​យើង​​ដែល​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅប្រទេស​​ភាគ​​ច្រើន​​ នៅ​​ក្នុង​​ចំណោម​​៣លាន​​នាក់​​ជាង​​នេះ​​ ភាគ​​ច្រើន​​គឺ​​ជា​​ប្រជាពលរដ្ឋ​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ហ្នឹង​​ទាប​​ ហើយ​​មាន​​ជំនាញ​​ហ្នឹង​​ទាប​​ កាលណា​​បើសិន​​ជា​​គាត់​​​មាន​​ជំនាញ​​ទាប​​ វប្បធម៌​​ទាប​​ហ្នឹង​​ហើយ​​ ដែល​​យើង​​មើល​​ការងារ​​ដែល​​គាត់​​ធ្វើ​​នៅ​​ថៃ​​ ភាគ​​ច្រើន​​នៅ​​ថៃ​​២លាន​​នាក់​​ជាង​​ ភាគ​​ច្រើន​​នៅ​​ថៃ​​ក្នុង​​វិស័យ​​កសិកម្ម​​ទៅ​​ធ្វើ​​ចំការ​​ឱ្យ​​គេ​​ វិស័យសំណង់​​ ហើយ​​ទៅ​​ធ្វើ​​ជា​​អ្នក​​រៀប​​ឥដ្ឋ​​ ឬ​​ក៏​​ជូត​​ស៊ីម៉ង់ត៍​​​ ជូត​​ខ្សាច់​​អីចឹង​​ សុទ្ធ​​ដែល​​ជា​​ការងារ​​មាន​​គ្រោះ​​ថ្នាក់​​ ហើយ​​ការងារ​​ដែល​​មាន​​ចំណូល​​ត្រឹមតែ​​ប្រាក់​​ឈ្នួល​​គោល​​ ឬ​​ក៏​​ទាប​​ជាង​​ប្រាក់​​ឈ្នួល​​គោល​​។ ការងារ​​ផ្សេងទៀត​​ដូច​​រត់​​តុបាយ​​ រត់​​តុគុយទាវ​​អីចឹង​​ អាហ្នឹង​​ភាគ​​ច្រើន​​ពលរដ្ឋ​​ទៅ​​ធ្វើ​​ការ​​នៅ​​ទីហ្នឹង​​ អីចឹង​​បើ​​យើង​​មើល​​មក​​ការងារ​​ដែល​​ធ្វើ​​ដោយ​​កម្លាំង​​ហ្នឹង​​ វា​​ជា​​ការងារ​​ដែល​​មាន​​ហានិភ័យ​​ ហានិភ័យ​​ក្នុង​​​ន័យ​​ថា​​ងាយ​​រងគ្រោះ​​ដោយ​​សារ​​ការ​​កេង​​ប្រវ័ញ្ច​​ ងាយ​​រងគ្រោះ​​ដោយ​​គេ​​មិន​​បើក​​ប្រាក់ឈ្នួល​​ ងាយ​​រងគ្រោះ​​ដោយ​​អំពើហិង្សា​​នៃ​​ការ​​គ្រប់គ្រង​​ ដូច​​ថា​​ពេល​​ខ្លះ​​ការ​​រង​​គ្រោះ​​ ដោយ​​សារ​​​​ការ​​ជួញ​​ដូរ​​អីចឹង​​ដែរ​​។

អាហ្នឹង​​សម្រាប់​​ខ្ញុំ​​ ខ្ញុំ​​យល់​​ថា​​ប្រជាពលរដ្ឋ​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ទាប​​ ឬ​​ក៏​​ជំនាញ​​ទាប​​ទាំង​​អស់​​ហ្នឹង​​​ គាត់​​គួរ​​ត្រូវ​​បាន​​យក​​ចិត្ត​​ទុកដាក់​​ពី​​សំណាក់​​រដ្ឋ​​ហ្នឹង​​ក្នុង​​ការ​​បង្កើត​​មុខរបរ​​ ហើយ​​និង​​បង្កើត​​ការងារ​​នៅ​​ក្នុង​​ស្រុក​​ជា​​ជាង​​ឱ្យ​​គាត់​​ប្រថុយ​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅប្រទេស​​។

ដោយ​​ឡែក​​បើ​​​សិន​​​ជា​​ចង់​​ឱ្យ​​ពលរដ្ឋ​​ទៅ​​ធ្វើ​​ការ​​នៅ​​ក្រៅ​​ប្រទេស​​ដក​​បទពិសោធន៍​​យក​​មក​​អភិវឌ្ឍ​ន៍​​​ជាតិ​​យើង​​វិញ​​ ខ្ញុំ​​គិត​​ថា​​ គួរ​​តែ​​ជា​​ឱកាស​​សម្រាប់​​ពួក​​និស្សិត​​ពួក​​អី​​។​ ចឹង​​ជា​​សរុប​​មក​​ខ្ញុំ​​ថា​​ការ​​ធ្វើ​​ចំណាកស្រុក​​ សម្រាប់​​ប្រជាពលរដ្ឋ​​ខ្មែរ​​យើង​​​ជា​​ប្រភេទ​​ការ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ បង្ខំ​​ក្នុង​​ន័យ​​នេះ​​គឺ​​ ដោយ​​សារ​​ការ​​អត់​​មាន​​ជម្រើស​​ ដោយសារ​​អត់​​មាន​​ជម្រើស​​ហ្នឹង​​ គឺ​​ដោយសារ​​​គាត់​​ជំពាក់​​លុយ​​គេ​​ គាត់​​អត់​​មាន​​មុខរបរ​​ត្រឹមត្រូវ​​ គាត់​​អត់​​មាន​​មុខរបរ​​ប្រាក់​​ចំណូល​​ មិន​​អាច​​រស់​​បាន​​អីចឹង​​ទៅ​​ គ្នា​​បង្ខំ​​ចិត្ត​​ធ្វើ​​ចំណាកស្រុក​​ទៅ​​ក្រៅប្រទេស​​ ប៉ុន្តែ​​មិន​​ជា​​ការ​​​ធ្វើ​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ទេ​​។

ការ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ ខ្ញុំ​​ឧទាហរណ៍​​ដូចជា​​ ជនជាតិ​​ថៃ​​មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ ជនជាតិ​​ម៉ាឡេ​​មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ ជនជាតិ​​អាមេរិក​ ជនជាតិ​​អូស្ត្រាលី​​ ជនជាតិ​​កាណាដា​​ អង់គ្លេស​​អី​​ មក​​ធ្វើ​​ការ​​នៅ​​ស្រុក​​ខ្មែរ​​ហ្នឹង​​ ក៏​​ជា​​ចំណាកស្រុក​​ដែរ​​ ប៉ុន្តែ​​គេ​​ជា​​ចំណាកស្រុក​​ដោយ​​ជម្រើស​​ គេ​​ចង់​​ផ្លាស់ប្តូរ​​បរិយាកាស​​ គេ​​ចង់​​ផ្លាស់ប្តូរ​​បទពិសោធន៍​​អី​​ -ល- ហ្នឹង​​ដើម្បី​​ឈាន​​ទៅ​​ថ្ងៃ​​ក្រោយ​​ទៅ​​ទៀត​​ត្រឡប់​​ទៅ​​ស្រុក​​គេ​​វិញ​​ គេ​​ធ្វើ​​ការ​​ណា​​មួយ​​ គេ​​មាន​​បទ​​ពិសោធន៍​​ជាក់លាក់​​​ បាទ​​។

Q: តើ​​មាន​កត្តា​​អ្វី​​ខ្លះ​​ជំរុញ​​ឱ្យ​​ពួក​​គាត់​​ធ្វើ​​ចំណាកស្រុក​​?

A: កត្តា​​ដែល​​ជំរុញ​​ឱ្យ​​ធ្វើ​​ចំណាកស្រុក​​វា​​មាន​​ពីរ​​ដែល​​គេ​​តែងតែ​​កំណត់​​ហ្នឹង​​ គឺ​​កត្តា​​ជំរុញ ​​និង​​កត្តា​​ទាក់ទាញ​​។ កត្តា​​ជំរុញ​​ គេ​​សំដៅ​​ទៅលើ​​ភាព​​ក្រីក្រ​​ ភាព​​អត់​​ការងារ​​ធ្វើ​​ ភាព​​អត់​​មុខ​​របរ​​ជាក់លាក់​​ ការ​​បាត់បង់​​ដី​​ធ្លី​​ ការ​​ជំពាក់​​បំណុល​​ធនាគារ​​គ្រឺស្ថានហិរញ្ញវត្ថុ​​ -ល- និង​​ -ល- ហ្នឹង​​ដែល​​ធ្វើ​​ឱ្យ​​​ពលរដ្ឋ​គាត់​​ក្រីក្រ​​ កាលណា​​គាត់​​ក្រីក្រ​​ គាត់​​សម្លឹង​​មើល​​ជម្រើស​​ថា​​តើ​​ធ្វើម៉េច​​ដើម្បី​​ឱ្យ​​គាត់​​អាច​​រក​​ចំណូល​​បាន​​ ឬ​​ក៏​​រក​​មុខរបរ​​បាន​​ដើម្បី​​ធានា​​នូវ​​ចំណូល​​បង់​​សង​​ទៅ​​​បំណុល​​ធនាគារ​​​ទៅ​​គ្រឹះស្ថានហិរញ្ញវត្ថុ​​ ​​ -ល- និង​​ -ល- អាហ្នឹង​​គេ​​ហៅ​​ថា​​កត្តា​​ជំរុញ​​។

កត្តា​​មួយ​​ទៀត​​ គឺ​​កត្តា​​ទាក់ទាញ​​ កត្តា​​ទាក់ទាញ ​​ដូច​​​នៅ​​ស្រុក​​ថៃ​​ចឹង​​ គេ​​មាន​​ការងារ​​ធ្វើ​​ គេ​​មាន​​ប្រាក់ឈ្នួល​​ច្រើន​​ជាង​​កម្ពុជា​​ គេ​​មាន​​ចំណាយ​​បាន​​៣​​រយបាត​​ក្នុង​​មួយ​​ថ្ងៃ​​​ ក៏​​ប៉ុន្តែ​​ចំណាយ​​ទៅ​​វិញ​​ថ្លៃ​​ម្ហូប​​ ថ្លៃ​​អី​​ហ្នឹង​​ វា​​អាច​​ធូរ​​ជាង​​​នៅ​​ស្រុក​​ខ្មែរ។​​ ហើយ​​ពេល​​ខ្លះ​​ទៅ​​ក៏​​មាន​​ការ​​លួងលោម​​ពី​​​មេ​​ខ្យល់​​អី​​មួយ​​ចំនួន​​ដែល​​អូសទាញ​​ថា​​ មក​​ធ្វើ​​ការ​​នេះ​​មក​​បាន​​ចំណូល​​ខ្ពស់​​ មាន​​ការងារ​​ល្អ​​ ការងារ​​​ស្រួល​​អី​​ហ្នឹង​​ អាហ្នឹង​​គឺ​​ជា​​​កត្តាទាក់ទាញ​​ ហើយ​​ក៏​​មាន​​អ្នក​​ខ្លះ​​គេ​​ធ្វើ​​ចំណាកស្រុក​​ទៅ​​គេ​​បាន​​ជោគជ័យ​​ទៅ​​ គេ​​ត្រឡប់​​មក​​វិញ​​ បាន​​ទិញ​​ដី​​ សង់​​ផ្ទះ​​ឡើងវិញ​​ ឬ​​ក៏​​ជួសជុល​​ផ្ទះ​​ ធ្វើ​​ឱ្យ​​មនុស្ស​​យើង​​ដែល​​ឃើញ​​ហើយ​​អត់​​ទាន់​​បាន​​ធ្វើ​​ចំណាកស្រុក​​ហ្នឹង​​ ចាប់​​ផ្តើម​​ពិចារណា​​កត្តា​​មួយ​​ជំរុញ​​ខ្លួន​​ដែល​​អត់​​មាន​​លុយ​​ អត់​​មាន​​ចំណូល​​ផង​​ មើល​​គេ​​ឃើញ​​បាន​​ជោគជ័យ​​ អីចឹង​​ក៏​​សម្រេចចិត្ត​​ធ្វើ​​ចំណាកស្រុក​​អីចឹង​​ទៅ​​​​។

Q: តើ​​មាន​​បញ្ហា​​ប្រឈម​​ចំពោះ​​ពួកគាត់​​ដែរ​​ឬទេ​​ ចំពោះ​​ការ​​ធ្វើ​​ចំណាកស្រុក​​?

A: ដូច​​ខ្ញុំ​​ជម្រាប​​ចឹង​​ ពលរដ្ឋ​​យើង​​ភាគច្រើន​​ជា​​ប្រភេទ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ បង្ខំ​​ន័យនេះ​​ ដូច​​ក្នុង​​ន័យ​​ខ្ញុំ​​បាន​​ពន្យល់​​មុន​​ហ្នឹង​​ មិន​​មែន​​គេ​​​យក​​កាំភ្លើង​​ កាំបិទ​​ទៅ​​​ភ្ជង់​​គាត់​​ឱ្យ​​ចំណាកស្រុក​​ទេ​​ ប៉ុន្តែ​​​ដោយសារ​​កត្តា​​ជំរុញ​​ហ្នឹង​​ វា​​ច្រើន​​ពេក​​ ភាព​​ក្រីក្រ​​ ភាព​​អីហ្នឹង​​ ហើយ​​វា​​អត់​​មាន​​ជម្រើស​​អីចឹង​​​ទៅ​​ គាត់​​ទៅ​​ធ្វើ​​ចំណាកស្រុក​​​ដោយ​​បង្ខំ​​ហ្នឹង​​។​ កាលណា​​គាត់​​ទៅ​​ធ្វើ​​ចំណាកស្រុក​​ដោយ​​បង្ខំ​​ ខ្លួន​​ឯង​​អត់​​ចេះ​​ភាសា​​​គេ​​ ខ្លួន​​ឯង​​អត់​​ចេះ​​សូម្បី​​តែ​​អាន​​ឈ្មោះ​​ សរសេរ​​ឈ្មោះ​​ខ្លួនឯង​​ ឬ​​ក៏​​អាន​​​ឈ្មោះ​​​ខ្លួនឯង​​ ចឹង​​គាត់​​មាន​​​បញ្ហា​​​ប្រឈម​​ច្រើន​​ពាក់ព័ន្ធ​​ទៅ​​ដល់​​ប្រទេស​​គោលដៅ​​ហ្នឹង​​ ដូចជា​​ គេ​​មិន​​បើក​​ប្រាក់ឈ្នួល​​ឱ្យ​​ពួកគាត់​​គ្រប់​​តាម​​អ្វី​​ដែល​​ជា​​ប្រាក់ឈ្នួល​​ជាតិ​​គេ​​ហ្នឹង​​ ឬ​​ក៏​​ប្រាក់​​ឈ្នួល​​ដែលព្រមព្រៀង​​គ្នា​​ អាច​​ប្រឈម​​នឹង​​ការ​​គេ​​លក់ដូរ​​គាត់​​ ពី​​កន្លែង​​មួយ​​ទៅ​​កន្លែង​​មួយ​​ អាច​​ប្រឈម​​នឹង​​អំពើហិង្សា​​ក្នុង​​ការ​​គ្រប់គ្រង​​។ ឧទាហរណ៍​​ បើសិន​​ជា​​គាត់​​ធ្វើ​​អី​​មួយ​​ គេ​​អាច​​ប្រើ​​អំពើហិង្សា​​លើ​​រាង​​កាយ​​គាត់​​ អាច​​ទទួល​​បាន​​ឱកាស​​ការ​​ទទួល​​បាន​​កិច្ច​​គាំពារ​​សង្គម​​នៅ​​ក្នុង​​ប្រទេស​​ទទួល​​ ហើយ​​និង​​គាត់​​ត្រូវ​​ប្រឈម​​ជាមួយ​​នឹង​​ការងារ​​ដែល​​មិន​​មាន​​ការ​​ធានា​​នូវ​​លក្ខខណ្ឌ​​​សុខភាព​​ សុវត្ថិភាព​​ ហើយ​​និង​​ស្តង់ដារ​​ការងារ​​អី​​ត្រឹមត្រូវ​​ អាហ្នឹង​​ការ​​ប្រឈម​​ត្រួសៗ​​ដែល​​ខ្ញុំ​​រៀបរាប់​​ បាទ​​។

Q: តើ​​អាជ្ញាធរ​​ និង​​រដ្ឋាភិបាល​​គួរ​​មាន​​វិធានការ​​បែបណា​​ក្នុង​​រឿងនេះ​​?

A: តាម​​ពិត​ទៅ​​វា​​មា​ន​​រឿង​​ច្រើន​​ដែល​​គួរ​​ធ្វើ​​ ក៏​​ប៉ុន្តែ​​ខ្ញុំ​​សូម​​ញែក​​វា​​ជា​​ពីរ​​ ញែក​​ទី១​​ យន្តការ​​ក្នុង​​ការ​​ការពារ​​ និង​​លើកកម្ពស់​​ពលករ​​ចំណាកស្រុក​​ដែល​​គាត់​​កំពង់​​ធ្វើការ​​នៅ​​ក្នុង​​ប្រទេស​​គោលដៅ​​ហ្នឹង​​ តាម​​ពិត​​ទៅ​​យើង​​គួរ​​តែ​​ចរចារ​​ MOU ​​រវាង​​ប្រទេស​​យើង​​ និង​​ប្រទេស​​ទទួល​​ហ្នឹង​​ កុំ​​ផ្តោត​​តែ​​លើ​​ចំនួន​​ ហើយ​​កុំ​​ផ្តោត​​ទៅ​​លើ​​វិស័យ​​ យើង​​គួរ​​ផ្តោត​​ទៅ​​លើ​​ យើង​​គួរ​​សម្លឹង​​ទៅ​​មើល​​ថា​​តើ​​មាន​​លក្ខខណ្ឌ​​ការពារ​​អី្វ​​ខ្លះ​​ដល់​​ពលករ​​យើង​​ហ្នឹង​​ ការការ​​ពារសិទ្ធិ​​ ការការពារ​​ប្រយោជន៍​​ទៅ​​ពលករ​​យើង​​។

ទី២​​ យើង​​ត្រូវ​​មាន​​យន្តការ​​ក្នុង​​ការ​​តាមដាន​​ ថា​​តើពលករ​​ខ្មែរ​​កំពុង​​​ធ្វើការ​​នៅ​​ម៉ាឡេក្តី​​ នៅ​​ថៃក្តី​​ ឬ​​ប្រទេស​​គោលដៅ​​មួយ​​ចំនួន​​ផ្សេង​​ទៀត​​ហ្នឹង​​ ត្រូវ​​បាន​​គេ​​គោរព​​តាម​​ស្តង់ដារ​​និយាម​​អន្តរជាតិ​​ដែល​​មាន​​ចែង​​នៅ​​ក្នុង​​អនុសញ្ញា​​អន្តរជាតិស្តី​​អំពី​​ការ​​លើកកម្ពស់​​ និង​​ការការពារ​​សិទ្ធិ​​ពលករ​​ចំណាកស្រុក​​ និង​​ក្រុមគ្រួសារ​​ដែរ​​អត់​​។

ដែល​​សំខាន់​​ ចំណុច​​ទី៣​​ យើង​​ត្រូវ​​មាន​​យន្តការ​​ក្នុង​​ការ​​ទទួល​​​មក​​វិញ​​ ទទួល​​គាត់​​មក​​វិញ​​​មាន​​ន័យ​​ថា​​ នៅ​​ពេល​​ដែល​​ពលករ​​គាត់​​ធ្លាប់​​ធ្វើការ​​នៅ​​ក្នុង​​វិស័យកសិកម្ម​​នៅ​​ប្រទេសថៃ​​ នៅ​​ពេល​​គាត់​​ត្រឡប់​​មកវិញ​​ តើ​​មាន​​វិស័យកសិកម្ម​​ហ្នឹង​​ត្រង់​​យក​​ពួក​​គាត់​​ ពួកគាត់​​ទៅ​​ធ្វើ​​ការ​​បួន​​ប្រាំឆ្នាំ​​ បី​​បួនឆ្នាំ​​ អាហ្នឹង​​គាត់​​ក្លាយ​​ទៅ​​ជា​​ពលករ​​ជំនាញ​​ហើយ​​ ចឹង​​មក​​វិញ​​ហ្នឹង​​គាត់​​មានមុខរបរ​​ ព្រោះ​​អី​​គាត់​​មាន​​​ការងា​រ​​អី​​ដែល​​រដ្ឋ​​បង្កើត​​សម្រាប់​​គាត់​​អត់​​ បើសិន​​ជា​​អត់​​ទេ​​ គាត់​​ត្រូវ​​ត្រឡប់​​នៅ​​ប្រទេសផ្សេងៗ​​វិញ​​ មក​​ពី​​កូរ៉េ​​ទៅ​​ថៃ​​ មក​​ពី​​ថៃ​​ទៅ​​ម៉ាឡេ​​ អាហ្នឹង​​គេច​​មិន​​ផុត​​គឺ​​ថា​​ រដ្ឋ​​យើង​​អត់​​អាច​​ទទួល​​បាន​​ប្រយោជន៍​​អីពី​​ពួកគាត់​​ទេ​​ អាហ្នឹង​​ ចំនុច​​ទី១​​។

ចំណុច​​ទី២​​ ខ្ញុំ​​ថា​​បើ​​សម្រាប់​​ខ្ញុំ​​វិញ​​ យន្តការ​​ក្នុង​​ការ​​ធ្វើ​​ចំណាកស្រុក​​នេះ​​ យើង​​គួរ​​តែ​​បង្កើត​​ឱកាស​​​ឱ្យ​​បាន​​ច្រើន​​សម្រាប់​​អ្នក​​ដែល​​មាន​​កម្រិត​​វប្បធម៌​​ទាប​​ ឬ​​មួយ​​អ្នក​​ដែល​​មាន​​ជំនាញ​​ទាប​​ តាម​​រយៈ​​ធ្វើ​​កំណែ​​ទម្រង់​​វិស័យកសិកម្ម​​ ឧទាហរណ៍​​ដូចជា​​ មាន​​ដី​​គ្រប់គ្រាន់​​ផ្តល់​​ឱ្យ​​គាត់​​ក្នុង​​ការ​​ធ្វើស្រែ​​ ធ្វើចំការ​​ មាន​​ពូជ​​ ឬ​​ក៏​​មាន​​ទុន​​សម្រាប់​​ជួយ​​គាត់​​ ដើម្បី​​ឱ្យ​​គាត់​​អាច​​ដាំដុះ​​បាន​​ធ្វើ​​កសិផល​​បាន​​។

ទី៣​​ ទីផ្សារ​​ បង្កើត​​ជា​​ទីផ្សារ​​ជួយ​​ពលរដ្ឋ​​យើង​​ក្នុង​​ការ​​វេច​​ខ្ចប់​​សម្រាប់​​លក់​​ផលិតផល​​កសិកម្ម​​ទៅ​​ដល់​​ទីផ្សារ​​ហ្នឹង​​ ឬ​​ក៏​​បង្កើត​​នូវ​​ដែល​​គេ​​ហៅ​​ថា​​វិស័យ​​កែ​​ច្នៃ​​។ ឧបមាថា​​ឥឡូវ​​គាត់​​ដាំ​​ដើម​​ស្វាយ​​ ត្រូវ​​យក​​ផ្លែស្វាយ​​ហ្នឹង​​ផលិត​​ទៅ​​ជា​​ទឹកស្វាយ​​ ទៅ​​ជា​​ស្វាយត្រាំ​​ ទៅ​​ជាស្វាយ​​​ (dried mangos)​​ ដំណាប់ស្វាយ​​អី​​ ​​ -ល- និង​​ -ល- ​​ ហ្នឹង​​។

បើសិន​​ជា​​យើង​​បង្កើត​​ទីផ្សារ​​ហ្នឹង​​បាន​​ គឺ​​ពលរដ្ឋ​​យើង​​ដែល​​គាត់​​ទៅ​​ធ្វើ​​ការ​​នៅ​​ low​​ skills​​ [ជំនាញ​ទាប] នៅ​​ផ្នែក​​កសិកម្ម​​ និង​​ផ្នែក​​សំណង់​​អីហ្នឹង​​ គាត់​​មាន​​ឱកាស​​ធ្វើ​​ការ​​នៅ​​ក្នុង​​ស្រុក​​ ផលិត​​នៅ​​ក្នុង​​ស្រុក​​ យើង​​កុំ​​ប្រើ​​យន្ត​​ការ​​ក្នុង​​ការ​​ប្រែក្លាយ​​ប្រជាពលរដ្ឋ​​ដែល​​ជា​​កសិករ​​ដែល​​ជា​​ម្ចាស់ដី​​ ដែល​​ជា​​អ្នក​​ផលិត​​ហ្នឹង​​ឱ្យ​​ទៅ​​ជា​​ពលករ​​គេ​​ ព្រោះ​​ជីវិត​​ជា​​ពលករ​​អត់​​ទៀង​​ អត់​​មាន​​ស្ថិរភាព​​ទេ​​ ថ្ងៃ​​ណា​​ធ្វើ​​ការ​​ល្អ​​ទៅ​​ គេ​​រក្សា​​ទុក​​ទៅ​​ ប៉ុន្តែ​​បើសិន​​បើ​​យើង​​ធ្លាក់​​ដៃ​​ការងារ​​ គេ​​បញ្ឈប់​​យើង​​ពី​​ការងារ​​ក៏បាន​​ ក៏​​មាន​​ដែរ​​។ អ៊ីចឹង​​បើសិន​​ជា​​គាត់​​មាន​​ដី​​ ថ្ងៃ​​នេះ​​គាត់​​ដាំស្វាយ​​បាន​​ផល​​ ថ្ងៃ​​ក្រោយ​​អត់​​មាន​​ផល​​ គាត់​​ដូរ​​ទៅ​​ដាំ​​ដំឡូង​​ គាត់​​ដូរ​​ទៅ​​ដាំ​​ល្ពៅ​​ គាត់​​ដូរ​​ទៅ​​ដាំ​​អី​​វិញ​​ អាហ្នឹង​​ដី​​នៅ​​តែ​​ជា​​របស់​​គាត់​​ដដែល​​ នេះ​​គឺ​​ជា​​ចំណុច​​មួយ​​រដ្ឋ​​ត្រូវ​​គិត​​​​។

A: ចាស៎​​! អរគុណ​​ច្រើន​​ដែល​​បាន​​ផ្តល់​​ជា​​កិច្ចសម្ភាស។​

Q: អរគុណ​​ច្រើន​​!​

A: សូម​​ជម្រាប​​លា​​លោក។​

Q: បាទៗ​​​! ជម្រាបលា៕​​