ក្រុមអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងយុវជនចំនួន២៤ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រួតពិនិត្យ និងចាត់វិធានការទៅលើសកម្មភាពកាប់បំផ្លាញព្រៃឈើ ការនេសាទ ការប្រមាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីធានាបានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។
ក្នុងលិខិតចំហរបស់ក្រុមសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព និងយុវជន ចំនួន២៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា ឱ្យពង្រឹងការអនុវត្តច្បាប់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ ពិសេសសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានដីព្រៃលិចទឹក ការនេសាទ ការប្រមាញ់ ការជួញដូរសត្វព្រៃខុសច្បាប់។ បន្ថែមពីនេះ ត្រូវពិនិត្យលើទីផ្សារ ភោជនីយដ្ឋានដែលមានការជួញដូរសត្វព្រៃ ការរត់ពន្ធឈើខុសច្បាប់ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីមានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។
ការចេញលិខិតចំហរនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរសត្វស្វាកន្ទុយវែង ឬហៅថាស្វាក្តាម ទៅកាន់បរទេស ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា ដែលជាសមាគមមួយក្នុងចំណោម២៤ដែលបានចេញលិខិតចំហរ លោក ហេង គឹមហុង បានប្រាប់ Newsroom Cambodia ថា បញ្ហាដីសម្បទាន និងការជួញដូរសត្វព្រៃខុសច្បាប់ គឺជាវិបត្តិរ៉ាំរ៉ៃធំៗចំនួនពីរដែលសមាគមបណ្តាញយុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងពាក់ព័ន្ធ។
លោក គឹមហុង បន្ថែមថា លោកចង់ឃើញ លោក ឌិត ទីណា ដែលជារដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម បញ្ចេញស្នាដៃ ដោះស្រាយបញ្ហាទាំងអស់ដែលបានលើកឡើងនៅក្នុងលិខិតចំហយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋឃើញថា មិនមែនគ្រប់រដ្ឋមន្រ្តីមិនមានសមត្ថភាពក្នុងការរកដំណោះស្រាយជូនពលរដ្ឋ និងជួយជាតិនោះទេ។
លោកថា៖ «យើងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី [ឌិត ទីណា] ដែលជាយុវជនមួយរូប យកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង ដើម្បីបានបទពិសោធន៍ ដើម្បីបង្កើតថ្វីដៃជួយសង្គមជាតិ កុំឱ្យពលរដ្ឋថាមន្រ្តីឡើងមក ដដែលៗ អត់មានយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាឱ្យបានម៉ត់ចត់»។
ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនេះរូបនេះ បានបន្ថែមថា លោកចង់ឱ្យក្រសួងពាក់ព័ន្ធបើកការស៊ើបអង្កេតឱ្យម៉ត់ចត់ទៅលើករណីដែលការនាំចេញសត្វទៅទីផ្សារបរទេសដោយខុសច្បាប់។
លោកថា៖ «ប៉ុន្តែនៅពេលដែលយើងរកឃើញ មានការសង្ស័យថា មានការនាំចេញដោយខុសច្បាប់ទៅទីផ្សារបរទេសទៀត ធ្វើឱ្យការបារម្ភយើងកាន់តែធំ ហើយរឹតតែពិបាក ព្រោះក្រសួងត្រូវធ្វើការពិចារណា ជាពិសេសក្រសួងកសិកម្មត្រូវធ្វើការស៊ើបអង្កេតឱ្យម៉ត់ចត់»។
«ក្នុងនាមជាស្ថាប័ន [រដ្ឋ] ទទួលខុសត្រូវជាសាធារណៈ ត្រូវធ្វើការស៊ើបអង្កេតឱ្យម៉ត់ចត់ ដើម្បីធានាថាមន្រ្តីរបស់ខ្លួនហ្នឹងពិតជាស្អាតស្អំ ឬមិនស្អាតស្អំ ទាល់តែមានការស៊ើបអង្កេត បើសិនជាសកម្មភាពពាក់ព័ន្ធជាមួយនឹងការជួញដូរសាច់សត្វព្រៃហ្នឹងនៅតែកើតមាន ខ្ញុំបារម្ភពីអនាគតជីវៈចម្រុះរបស់កម្ពុជា អាចនឹងមានការថយចុះក្នុងពេលដ៏ខ្លីខាងមុខនេះ»។
Newsroom Cambodia មិនអាចទាក់ឍតងសុំការអត្ថាធិប្បាយពីលោកល ឌិត ទីណា បានទេ។
សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន កញ្ញា អ៊ឹម រចនា បានឆ្លើយតប Newsroom Cambodia តាមសារអេឡិកត្រូនិចតេលេក្រាមថា ក្រសួងកសិកម្មបានទទួលលិខិតក៏ដូចជាបានផ្ញើជូនទៅរដ្ឋមន្រ្តីរួចរាល់ហើយ។ កញ្ញាបន្តថាលិខិតនេះ ពិតជាបានឆ្លុះបញ្ចាំងពីសំណាក់សង្គមស៊ីវិលទៅបញ្ហាធនធានធម្មជាតិនៅកម្ពុជា។
កញ្ញាថា៖ «តាមរយៈលិខិតនេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីក្តីបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលទៅលើបញ្ហាធនធានធម្មជាតិនៅកម្ពុជា ដែលជាសម្បត្តិរបស់យើងគ្រប់គ្នា ជាប្រជាជនកម្ពុជា ជាជនជាតិខ្មែរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរពីគោលបំណងចង់ចូលរួម អភិរក្ស ការពារធនធានធម្មជាតិទាំងអស់ហ្នឹងឱ្យបានគង់វង់ថិតថេរ តាមរយៈការផ្តល់អនុសាសន៍ចំនួន៦ចំណុចហ្នឹង»។
កញ្ញាបន្តថា ក្រសួង និងស្ថាប័នពាក់ព័ន្ធបានកំពុងយកចិត្តទុកដាក់លើការងារដែលក្រុមសង្គមស៊ីវិលលើកឡើង ហើយក៏បានដូចជាបង្ក្រាបបទល្មើសនានា នៅក្នុងវិស័យព្រៃឈើផងដែរ។
កញ្ញាថា៖ «មែនទែនទៅក្រសួង និងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតែធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយអ្វីដែលក្រុមអង្គការសង្គមស៊ីវិលបានលើកឡើង គឺជាការរួមចំណែកជួយរំឮក ជួយដាស់តឿន ហើយក្រសួងសូមអរគុណចំពោះការយកចិត្តទុកដាក់នេះ ហើយកម្ពុជាមានច្បាប់ហ្នឹង (បទបញ្ញត្តិ) ដែលបានអនុម័តនៅពេលកន្លងមក»។
«ក៏ដូចជាមានក្រុមការងារអន្តរក្រសួងជាច្រើន ដែលត្រូវបានបង្កើតដើម្បីការពារអភិរក្ស ធនធានធម្មជាតិ ក៏ដូចជាបង្ក្រាបបទល្មើសនានា នៅក្នុងវិស័យព្រៃឈើ ហើយនិង ធនធានធម្មជាតិជារួមតែម្តង។ អ៊ីចឹងហើយ អ្វីដែលក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងនៅក្នុងលិខិតនេះ យើងបានដឹង ហើយយើងកំពុងតែធ្វើការជាបន្តបន្ទាប់ ហើយនឹងបន្តធ្វើការងារនេះទៀត»។
កញ្ញាក៏បានបញ្ជាក់ថា ក្រសួងកសិកម្មស្វាគមន៍ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិដែលបានចេតនាស្មោះត្រង់ក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេសកម្ពុជា៕