ក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ ត្រូវបានអង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិដែលហៅកាត់ថាអង្គការយូណេស្កូ យល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានដឹងថា គុនល្បុក្កតោ ត្រូវបានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៧ នៃគណ:កម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលរួមជា មួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូ និងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្ដារាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា»។
គួរបញ្ជាក់ផងដែរថា គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដ៏ល្បីល្បាញក្នុងសម័យអង្គរ ដែលបានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកនៅលើជញ្ជាំងប្រាសាទខ្មែរ និងបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ហើយនៅបន្តរស់រានក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន៕