ក្បាច់គុនបុរាណខ្មែរ​គុនល្បុក្កតោ ត្រូវបានអង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និង​វប្បធម៌​នៃ​អង្គការ​សហប្រជា​ជាតិ​ដែលហៅកាត់ថាអង្គការយូណេស្កូ យល់ព្រម​ចុះក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានដឹងថា គុនល្បុក្កតោ ត្រូវបាន​អនុម័ត​យល់ព្រម​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិរបស់​អង្គការ​យូណេស្កូ ធ្វើឡើង​​ក្នុង​កិច្ច​ប្រជុំ​លើក​ទី១៧​ នៃ​គណ:​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​រ៉ាបាត​នៃព្រះរាជាណាចក្រម៉ារ៉ុក។

ក្នុងសេចក្ដី​ប្រកាសព័ត៌មានដដែលបានបន្ថែមថា៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺ​ជា​សក្ខីភាព​បង្ហាញ​ច្បាស់​ពី​ក្ដី​ស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគាំទ្រ និង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលរួមជា មួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូ និងសិស្សគុនល្បុក្កតោ ក៏ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​រាជ​​ធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា»។

គួរបញ្ជាក់ផងដែរថា គុនល្បុក្កតោជាក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុង​សម័យ​អង្គរ ដែល​បាន​បង្ហាញ​ពីសកម្មភាពយ៉ាងរស់រវើកនៅលើជញ្ជាំងប្រាសាទខ្មែរ និ​ង​បាន​ចាក់​ឬស​​យ៉ាងជ្រៅ​នៅ​ក្នុង​សង្គមខ្មែរ​ជាច្រើន​សតវត្ស​មក​ហើយ ហើយ​នៅប​ន្ត​រស់​រាន​ក្នុង​សង្គម​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន៕