រាជធានី​ភំ្នពេញមាន​សំឡេង​យានយន្ត​បើកបរ​ខ្វែងខ្វាត់​ ហើយ​តាម​វិថី​ខ្លះ​មាន​ការ​កកស្ទះ​ស្ទើរ​តែ​រាល់ថ្ងៃ​បើទោះបីជា​រដ្ឋាភិបាល​បាន​សាង​សង់​ស្ពាន​អាកាស​ជាច្រើន​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ក្តី​។

ពាក់ព័ន្ធនឹងបញ្ហាកកស្ទះចរាចរណ៍នេះ និស្សិតឆ្នាំទី៤ លោក សុខ សុវណ្ណ ជំនាញនីតិសាស្ត្រនៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលកំពុងតែចាំយកម៉ូតូចេញពីសាលាបានប្រាប់មក Newsroom Cambodia​ ថា កត្តាដែលចម្បងធំនោះអ្នកធ្វើដំណើរមិនទាន់យល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ ធ្វើបង្កឱ្យមានការកកស្ទះ។

លោកថា៖ «ចំពោះកត្តាចម្បងធំជាងគេបំផុតគឺពួកគាត់អត់ចេះគោរពច្បាប់ចរាចណ៍បានត្រឹមត្រូវ ទី២ពួកគាត់ចូលចិត្តជិះតាមអារម្មណ៍ គាត់អត់ជិះតាមសណ្ដាប់ធ្នាប់ ភ្លើងក្រហមត្រូវឈប់ ភ្លើងបៃតងត្រូវទៅមុខ ភ្លើងលឿងត្រូវបន្ថយល្បឿន កុំឱ្យមានគ្រោះថ្នាក់នៅខាងមុខ ហើយទីបីគាត់ចូលចិត្តជិះជែង ជិះវ៉ា ដោយគ្មានការប្រុងប្រយ័ត្នអ្វីទាំងអស់»។

លោក សុខ សុវណ្ណ

ចំពោះកញ្ញា សិន សុខហេង ជានិស្សិតឆ្នាំទី២ ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា កញ្ញាចង់ឱ្យមានការរិតបន្តឹងលើច្បាប់ចរាចរណ៍ពីព្រោះអ្នកបើកបរភាគច្រើនបានបំពាន និងជិះប្រជ្រៀតគ្នា។

កញ្ញា សិន សុខហេង ជានិស្សិតឆ្នាំទី២ ជំនាញរដ្ឋបាលសាធារណៈ

កញ្ញាថា៖ «មានការពិបាកព្រោះមានការកកស្ទះច្រើនចឹងធ្វើឱ្យយើងមានការខាតបង់ពេលវេលាដូចថាទៅធ្វើការយឺតពេល ឬទៅរៀន​យឺត។ ដោយសារតែមានភាពខ្វះខាតលើកការយល់ដឹងពីច្បាប់ចរាចរណ៍ និងការបើកបរដោយបំពាន ខ្ញុំគិតថាជាមានការរឹតបន្តឹងច្បាប់ចរាចរណ៍ ហើយប្រជាពលរដ្ឋយើងគោរពច្បាប់ នឹង អាចកាត់បន្ថយការជិះប្រជ្រៀតគ្នាដែរ»។

បុរសវ័យ២៨ឆ្នាំ កំពុងអង្គុយលើកង់បីឥណ្ឌា (Passapp) រង់ចាំភ្ញៀវបាននិយាយថា លោករត់កង់បីតាមផ្លូវភាគច្រើនមើលឃើញមានការកកស្ទះដោយសារមានឡាន ម៉ូតូបើកបរច្រើន។

លោក តារា

លោកថា៖ «ស្ទះខ្លាំងដោយម៉ោង តែភាគច្រើនស្ទះតែម្តង ។ ខ្ញុំរត់កង់បីតាមផ្លូវទាំងអស់ ឡានម៉ូតូកើនច្រើន កង់បីច្រើន មនុស្សបើកច្រើន»។

មិនខុសគ្នាប៉ុន្មាន បុរសវ័យ៥៩ឆ្នាំ ដែលមានមុខរបរជាសន្តិសុខ លោក អុំ សំអាត មានទីលំនៅក្នុងរាជធានីភ្នំពេញ​និយាយថា ការធ្វើដំណើរតែងមានការរអាក់រអួលតែវាជារឿងធម្មតាទៅហើយ។

លោកថា៖ «ការធ្វើដំណើរមានការរអាក់រអួលខ្លះ វាមិនមែនទូទៅ វាមានការរអាក់រអួល ១ម៉ោង ២ម៉ោង យើងដូចចង្អៀតក្នុងចិត្តដែរ ១ម៉ោង ២ម៉ោង វាលំបាកតិចតួច វាធម្មតា ធ្វើម៉េច»។

លោក អុំ សំអាត

បើតាមអ្នកអ្នក​ដំណើរមួយចំនួនបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ចរាចរណ៍នៅភ្នំពេញមានការកកស្ទះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨:៣០ព្រឹក ម៉ោង១២ថ្ងៃត្រង់ និងម៉ោង៤:៣០ដល់ម៉ោង៧ល្ងាច។ ភាគច្រើនពួកគេថាមកពីការបើកបរមិនបានគោរពតាមច្បាប់ចរាចរណ៍ដែលមាន និងមិនចេះគោរពគ្នាទៅវិញទៅ​មកនៅតាមដងផ្លូវ។

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ បានប្រាប់ Newsroom Cambodia តាមរយៈទូរស័ព្ទថា ការគោរពច្បាប់ចរាចរណ៍អាចនាំឱ្យការកកស្ទះមានការកាត់បន្ថយ។ លោកមើលឃើញការកកស្ទះមួយចំនួនបណ្តាលមកពីទំហំផ្លូវមិនសមាមា្រតនឹងចំនួនប្រជាជន។

លោកថា៖ «ការកកស្ទះយើងអាចចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ យើងអាចឃើញហើយវាអាចប្រសើរឡើង។ សម្រាប់ខ្ញុំនៅតែយល់ថា ការកកស្ទះបណ្ដាលពីមូលហេតុដែលផ្លូវមានតិច ផ្លូវមានទំហំតូចមិនសមាមាត្រនឹងចំនួនប្រជាជន ដូចនេះបណ្ដាលឱ្យកកស្ទះ មួយទៀតបណ្ដាលមកពីការមិនគោរពតាមកន្លងនៃលំហូរចរាចរណ៍ មានន័យថាម៉ូតូហើយនិងឡានគាត់បើកច្របល់គ្នា ពេលណាដែលមានការជួបស្តុបធ្វើឱ្យគាត់មិនអាចផ្លាស់ទីបានលឿនទេចឹងបណ្ដាលឱ្យមានការកកស្ទះជាដើម។ វិធានសាស្ត្រដែលយើងជជែកគ្នាកន្លងមក សម្រាប់ការចង់កាត់បន្ថយរឿងទាំងអស់ហ្នឹង គឺមានតែការចូលរួមគោរពច្បាប់ទេ»។

លោក គង់ រតនៈ

លោកបានបន្ថែមថា ការពង្រឹងផ្នែកអប់រំទៅលើច្បាប់ចរាចរណ៍ជារឿងសំខាន់ ក៏ដូចជាការកែសម្រួលផ្លូវថ្នល់ បំពាក់ស្លាកសញ្ញា និងភ្លើងចរាចរណ៍ឱ្យបានត្រឹមត្រូវ។

លោកថា៖ «អ៊ីចឹងការអប់រំ យើងនៅតែបន្តអប់រំ ផ្សព្វផ្សាយ ពីច្បាប់ អំពីចំណេះជំនាញ ផ្នែកខាងសុវិត្ថភាពចរាចរណ៍ គឺយើងត្រូងតែធ្វើ ព្រោះអីមនុស្សអាចនឹងភ្លេច ទី១ការរឹតបន្តឹងច្បាប់ គឺសមត្ថិកិច្ចត្រូវពង្រាយឱ្យគ្រប់គ្រាន់ ហើយត្រូវធ្វើការរឹតបន្តឹងទៅតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាតភាព ដើម្បីឱ្យសង្គមយើងគាត់ទទួលស្គាល់ ជៀសវាងធ្វើគិតតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ហើយការធ្វើកែលំអហេដ្ឋារចនាសម្ព័ន្ធនោះ គឺត្រូវតែធ្វើដែរផ្នែកខាងវិស្វកម្ម កែសម្រួលផ្លូវថ្នល់ បំពាក់គំនូសសញ្ញា ភ្លើងសញ្ញា ស្លាកសញ្ញា ត្រូវតែមានគ្រប់គ្រាន់ ខ្ញុំជឿថាបើសិនជាធ្វើទាំងអស់ព្រមគ្នា ហើយធ្វើឱ្យបានជាប់លប់ទៅស្ថានភាពវានឹងប្រសើរឡើង»។

អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ Newsroom Cambodia ថា រដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការកកស្ទះលើដងផ្លូវទៅមកសម្រាប់ប្រជាពលរដ្ឋ។

លោកថា៖ «យើងបានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដូចដែលបងប្អូនបានឃើញ យើងបានខិតខំក​​សាងស្ពានអាកាសបន្តបន្ទាប់ ដើម្បីកសាងកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង និងកំណើនប្រជាជនរបស់យើង យើងធ្វើជាបន្តបន្ទាប់ បន្តទៀត ហើយ​ប៉ុន្មានថ្ងៃនេះការកកស្ទះ ក៏បញ្ជាក់ដែរ ទន្ទឹម​យើងរៀបចំកិច្ចប្រជុំ ក៏យើងមានរឿងយថាហេតុមួយពីកកប៉ាល់ កប៉ាល់បុកស្ពានបាឡេ ដែលបណ្ដាលឱ្យផ្អាកចរាចរណ៍មួយរយៈ ដែលបន្តិចទៀតយើងនឹងខិតខំធ្វើឱ្យទាន់ពេលវេលា»។

លោក​ កើត ឆែ

«ហើយចំពោះការកកស្ទះនេះយើងទទួលស្គាល់ថានៅ សុខា ផ្លូវម្ដុំរង្វង់មូលកួចកាណុងនេះ។ យើងនឹងធ្វើផ្លូវនៅក្រោយឆ្នាំ២០២៣ នៅពេលដែលស្ពានខ្សែកាបបេតុងដែលនឹងហើយនៅក្នុងឆ្នាំ ២០២៣ នេះ ដាក់ឱ្យដំណើរការស្របនឹងស្ពានបាឡេនេះ ចឹងយើងនឹងដោះស្រាយបញ្ហានឹងតាមគម្រោងរបស់ក្រសួងថែមទៀត»។

លោកបន្ថែម​ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋមួយចំនួនដែលនៅប្រើប្រាស់ទ្រូងផ្លូវ ឬប្រើប្រាស់ចិញ្ចើមថ្នល់ដើម្បីប្រកបរបរ សូមឱ្យចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយបញ្ហារួមទាំងអស់គ្នា។

លោកបន្ថែមថា៖ «បើមិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋលើបញ្ហាចរាចរណ៍នេះ គឺយើងមិនបានធ្វើបាបទេ បងប្អូនមួយចំនួនគឺយកទ្រូងផ្លូវមកចតឡានតែម្ដង ឧទាហរណ៍ ទី២ពេលដែលបងប្អូនយើងទៅទទួលកូនចៅចេញពីសាលា គាត់អត់មានចតនៅតាមបណ្ដោយផ្លូវគាត់ចតលើទ្រូងផ្លូវធ្វើឱ្យស្ទះ ចឹងសូមឱ្យគាត់សូមរួមជាមួយនឹងយើងខ្ញុំ ដើម្បីរៀបចំសណ្ដាប់ធ្នប់ឱ្យល្អ ដើម្បីឱ្យលំហនៃការធ្វើចរាចរណ៍បានល្អប្រសើរ»៕