អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឱ្យសាធារណជនចូលរួមដោយសេរីចំពោះកម្មវិធីនានាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គ» ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
យោងតាមសេចក្តីជូនដំណឹង អាជ្ញាធរជាតិអប្សរាបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រ បានជូនដំណឹងដល់ ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាប និងចូលរូមឱ្យបានច្រើនកុះករ នៅក្នុងការប្រារព្វពិធីរៀបចំ «រំលឹកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ចំពោះកម្មវិធីថ្ងៃទី១៤ ចាប់ពីម៉ោង៦ព្រឹក មានពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងដាក់បាត្រព្រះសង្ឃ ចំនួន១៣០អង្គ ទីតាំងនៅផ្នែកខាងមុខប្រាសាទអង្គរវត្ត ហើយចាប់ពីម៉ោង១៨យប់តទៅ មានការរៀបចំព្រឹត្តិការណ៍រាត្រីចងចាំ និងមានការសម្តែងសិល្បៈទស្សនីយភាពនានា ដោយក្រុមសិល្បៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានទីតាំងនៅខាងក្រោយប្រាសាទអង្គរវត្ត។
ចំពោះថ្ងៃទី១៥ ចាប់ពីម៉ោង១៨យប់តទៅ នឹងមានការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លងដោយលោកតាស្មៀន ម៉ាញ នៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ឯថ្ងៃទី១៦ ចាប់ពីម៉ោង១៨យប់តទៅ នឹងមានការសម្តែងសិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូរណ៌ នៅបរិវេណអតីតទីស្នាក់ការប៉ូលិសបេតិភណ្ឌចាស់ ជាប់នឹងទីលានប៉ារីសប្រាសាទអង្គរវត្ត៕